តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅតំណាងរាស្រ្ត​ពីរ​រូប​ទៀត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាជនសង្ស័យ ទាក់ទងនឹង​ពេស្យាកម្ម។ ជា​ការ​កោះ​ហៅ​មួយ ដែល​មាន​លក្ខណៈ​ជា​ការ​ចោទ​ប្រកាន់ ពីសំណាក់​ព្រះរាជ​អាជ្ញារង​រូប​នោះ ខណៈ​តំណាង​រាស្ត្រ នៅ​មាន​អភ័យឯក​សិទ្ធិ​សភា​នៅ​ឡើយ។
តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»
ពីឆ្វេងមកស្ដាំ៖ លោក ពិន រតនា និងលោក តុ វ៉ាន់ចាន់។ ទាំងពីរនាក់ជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 03, 2016
  • ប្រធានបទ: យុត្តិធម៌-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីការកោះហៅ របស់តុលាការចំនួនពីរសន្លឹក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងថ្ងៃទី៣ ខែឧសភានេះ បានធ្វើឡើង និងចុះហត្ថលេខាដោយ ព្រះរាជអាជ្ញារង សៀង សុខ ដោយបង្គាប់ឲ្យលោក តុ វ៉ាន់ចាន់​ តំណាងរាស្រ្ត​ខេត្ត​កណ្តាល (គណបក្សសង្គ្រោះជាតិ) និងលោក ពិន រតនា តំណាងរាស្រ្ត​ខេត្ត​បាត់​ដំបង (គណបក្ស​សង្គ្រោះ​​ជាតិ) ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ដីកាទាំងពីរនោះ មិនបានបញ្ជាក់ថា ការកោះហៅនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃសំនុំរឿង ឬការស៊ើប​អង្កេត​ករណី​អ្វី ឬទៅតាមពាក្យបណ្ដឹង​ណាមួយឡើយ ដោយគ្រាន់តែបញ្ជាក់ថា «ដើម្បីសាកសួរ ពីដំណើរ​រឿង​ទាក់ទង​នឹង​អំពើ​ពេស្យាចារ»។

ដីការបង្គាប់ឲ្យចូលខ្លួន របស់តុលាការ ធ្វើទៅលើតំណាងរាស្ត្រ ក្នុងនាមជា«ជនសង្ស័យ»នេះ មានលក្ខណៈ​ប្រទាំងប្រទើស ទៅនឹងរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលរបស់ជាតិ និងដែលបានហាម មិនឲ្យធ្វើការ​ចោទ​ប្រកាន់ ទៅលើតំណាងរាស្ត្រណាម្នាក់ ដែលស្ថិតក្នុងអភ័យឯកសិទ្ធិសភាឡើយ។

មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិន​អាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុង​ការ​បំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណា​មួយ​នៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់​រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។»

តុលាការ និងអាជ្ញាធរកម្ពុជា បានធ្វើការកោះហៅមនុស្សជាច្រើននាក់ និងជាបន្តបន្ទាប់ ក្រោយពីអ្នក​ប្រើប្រាស់​បណ្ដាញសង្គម និងសារព័ត៌មានស្និត​នឹងគណបក្សកាន់អំណាចមួយចំនួន បានលើកយកមក​ផ្សព្វផ្សាយ នូវ​សំនុំ​រឿង​ស្នេហា​ ដ៏ចម្រូងចម្រាសមួយ  ដែលត្រូវបានគេចោទថា ជាទំនាក់ទំនងរវាង ស្ត្រីជាងធ្វើ​សក់​អាយុ​២៥ឆ្នាំ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

ដំបូងឡើយ នាង ខុម ចាន់តារាទី បានធ្វើការបដិសេធ ថាខ្លួននាងមិនមានទំនាក់ទំនងស្នេហាអ្វី ជាមួយលោក កឹម សុខា នោះឡើយ។ ប៉ុន្តែនៅក្នុងការចូលខ្លួនទៅបំភ្លឺ កាលពីថ្ងៃទី១៩ ខែមេសា ក្នុងសាលា​ដំបូង​រាជធានី​ភ្នំពេញ នាង ខុម ចាន់តារាទី បានឆ្លើយផ្ទុយស្រឡះមកវិញ ថានាងជាតួអង្គមួយ នៅក្នុងរឿងរ៉ាវ​ស្នេហា​នេះ។ បន្ទាប់ពីនោះមក នៅថ្ងៃទី២២ ខែមេសា នាង ខុម ចាន់តារាទី បានដាក់ពាក្យប្ដឹងលោក កឹម សុខា ពីបទ​ធ្វើ​ឲ្យ​នាង​ខូច​កេរ្តិ៍ឈ្មោះ និងបានទាមទារសំណង ចំនួន៣សែនដុល្លារ។

បន្ថែមពីលើនេះ នាង ខុម ចាន់តារាទី បានបញ្ចេញលិខិតចំហរមួយ ដែលនាងបានសរសេរចោទប្រកាន់ មន្ត្រី​របស់អង្គការ​សង្គមស៊ីវិលជាច្រើននាក់ ថាបានលួងលោមនាង ឲ្យផ្ដល់ចម្លើយក្លែងក្លាយ នៅចំពោះ​មុខ​តុលាការ។ ដោយសារលិខិតចំហររបស់នាង មន្ត្រីការពារសិទ្ធិមនុស្សបួនរូប របស់សមាគមអាដហុក ត្រូវ​បាន​ចាប់ខ្លួន យកទៅឃុំនៅពន្ធនាគារព្រៃស ហើយមន្ត្រីជាន់ខ្ពស់មួយរូបទៀត របស់គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវបានចាប់ខ្លួន យកទៅឃុំខ្លួន នៅពន្ធនាគារប៉េហ្សី របស់នគរបាលរាជធានីភ្នំពេញ។ នេះគេ​នៅ​មិន​ទាន់​និយាយ​ដល់មន្ត្រីម្នាក់ទៀត របស់ការិយល័យឧត្ដមស្នងការ របស់អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅកម្ពុជា ដែលកំពុងត្រូវបានអង្គភាព​ប្រឆាំងអំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ស្វែង​រក​ការ​នាំ​ខ្លួន ឲ្យខាងតែបាននោះផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...