មេធាវី ទ្រី ឈូន ប្រកាស«បកស្រាយ ប្រឆាំងនឹងការលាបពណ៌»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 03, 2016
- ប្រធានបទ: យុត្តិធម៌-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ទ្រី ឈូន អតីតមេធាវីការពារក្ដី ឲ្យនាង ខុម ចាន់តារាទី ហៅ ស្រីមុំ បានចេញមកធ្វើការបំភ្លឺ នៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី៣ ខែឧសភានេះ ដើម្បីជាការឆ្លើយតប ទៅនឹងព្រឹត្តិការណ៍ថ្មីៗជាច្រើន ដែលអ្នកស្រីចាប់ទុកថា ជាការលាបពណ៌យ៉ាងអយុត្តិធម៌ មកលើអ្នកស្រី។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកការបកស្រាយនោះទាំងស្រុង (*) មកផ្សាយបន្តដូចតទៅ៖
ខ្ញុំមេធាវី ទ្រី ឈូន សូមជំរាបជូនដល់មិត្តភ័ត្ត ក្នុងហ្វេសប៊ុក (Facebook) ទាំងអស់ អំពីការលាបពណ៍ (មកលើ)នាងខ្ញុំ (អស់)រយះពេល៣ថ្ងៃកន្លងមកនេះ ក្នុងករណីរឿងក្តីកញ្ញាស្រីមុំ!
១- នាងខ្ញុំមិនដែលធ្លាប់ស្គាល់កញ្ញាស្រីមុំ ទេពីមុនមក។ ទើបតែនៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ទើបនាងខ្ញុំបានជួបជាមួយនាង ក្នុងនាមជាកូនក្តី និងមេធាវីនៅសមាគមអាដហុក តាមការសម្រេចអោយការពារ ពីសមាគមអាដហុក (មេធាវីបំរើការងារនៅសមាគមអាដហុក មិនទទួលកម្រៃពីកូនក្តីទេ) លុះព្រឹកឡើង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នាងខ្ញុំបាននាំកូនក្តី (កញ្ញាស្រីមុំ) ទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ តាមបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា។
២- នៅរដូវចូលឆ្នាំមុននេះ កញ្ញាស្រីមុំបានទៅកំសាន្តនៅខេត្តកំពត និងខេត្តកែប ជាមួយគ្រួសារនាងខ្ញុំ បន្ទាប់ពីស្ថានទូតមហាអំណាចមួយនៅកម្ពុជា សន្យាថាស្ថានទូតនឹង (ធ្វើការ)ទាក់ទង ជាមួយក្រសួងមហាផ្ទៃ ដើម្បីរក្សាសុវត្ថិភាពដល់នាង (កន្លងមកកញ្ញាស្រីមុំលាក់ខ្លួនរហូត ដោយការព្រួយបារម្ភពីសុវត្ថិភាព)។
៣- នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នាងខ្ញុំជាមេធាវីរបស់កញ្ញាស្រីមុំ បាននាំនាងទៅបំភ្លឺ នៅស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅពីតុលាការ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ នៅក្នុងដំណាក់សាកសួរនេះ កញ្ញាស្រីមុំ បានផ្តល់ចម្លើយផ្សេង ពីការផ្តល់ចម្លើយរបស់នាង នៅក្រសួងមហាផ្ទៃ។ ចម្លើយរបស់នាងចុងក្រោយនេះហើយ ដែលនាងធ្លាប់ជាជនជាប់សង្ស័យ ក្នុងសណុំរឿងព្រហ្មទណ្ឌ ប្រែក្លាយនាងមកជាជនរងគ្រោះ ឬអាចហៅបានថា ជាសាក្សីវិញ។ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យសមាគមអាដហុក ឈប់ផ្តល់មេធាវីជូននាងបន្តទៀត ព្រោះនាងមិនមានការប្រឈម ដូចមុនទៀតឡើយ។
នាងខ្ញុំជាមេធាវី មិនអាចគាប់សង្កត់កូនក្តី អោយឆ្លើយនូវចម្លើយណាមួយ ដែលផ្ទុយពីឆន្ទះរបស់កូនក្តីបានទេ វាខុសទៅនឹងច្បាប់ (និង)នាំអោយខ្ញុំមានទោស។
៤- កញ្ញាស្រីមុំ ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងនេះ។ ដូចនេះលិខិតចំហចំនួន០៤សន្លឹក ជារបស់ដើមបណ្តឹង (កញ្ញាស្រីមុំ) មិនមែនជារបស់នាងខ្ញុំជាមេធាវី ដូចការលាបពណ៍នោះទេ។
៥- សហសេវិករបស់នាងខ្ញុំ នៅសមាគមអាដហុកចំនួន០៤នាក់ ដែលរងការឃុំខ្លួនជាបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ពួកគាត់មិនមានអាជីពការងារដូចនាងខ្ញុំទេ។ ដូចនេះ នាងខ្ញុំមិនបានដឹងសីុជំរៅ ពីការងាររបស់ពួកគាត់ដែរ។ តែទោះបីយ៉ាងណា នាងខ្ញុំសង្ឃឹមថា ពួកគាត់នឹងទទួលបានយុត្តិធម៌ នៅក្នុងដំណាក់កាលណាមួយ នៃដំណើរការនីតិវិធីរបស់តុលាការ បើសិនពួកគាត់មិនបានធ្វើកំហុស ដូចការចោទប្រកាន់ ព្រោះថា មកដល់ពេលនេះ ពួកគាត់ទាំង០៤នាក់ មិនទាន់មានកំហុសនៅឡើយទេ ដ៏រាបណាមិនទាន់មានសាលក្រម ឬសាលដីកាស្ថាពរពីតុលាការ៕
--------------------
(*) ទស្សនាវដ្តី បានធ្វើការកែតម្រូវ នូវកំហុសអក្ខរាវិរុទ្ធ និងពាក្យពេចន៍មួយចំនួន ប៉ុន្តែរក្សាទុកនូវអត្ថន័យដើម។