វិភាគ៖ កុំ​ចង់​ត​ថ្លៃ​ច្រើន... ចូល​សភា​ឬ​មិន​ចូល?

ការជជែកគ្នា ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការរៀបចំរចនាសម្ព័ន្ធ និងដំណើរ​ប្រព្រឹត្តទៅ នៃគណៈកម្មាធិការរដ្ឋសភា ការពិភាក្សាគ្នាស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងជាពិសេសការ​ចូល​ប្រជុំសភា ឲ្យបានឆាប់ នៃក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សុទ្ធសឹងជាមូលហេតុដ៏សំខាន់ ដែលឈានទៅដល់​ការចាប់ខ្លួន ក្រុមយុវជនសង្គ្រោះជាតិទាំងបីនាក់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជជែកគ្នា ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការរៀបចំរចនាសម្ព័ន្ធ និងដំណើរ​ប្រព្រឹត្តទៅ នៃគណៈកម្មាធិការរដ្ឋសភា ការពិភាក្សាគ្នាស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងជាពិសេសការ​ចូល​ប្រជុំសភា ឲ្យបានឆាប់ នៃក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត សុទ្ធសឹងជាមូលហេតុដ៏សំខាន់ ដែលឈានទៅដល់​ការចាប់ខ្លួន ក្រុមយុវជនសង្គ្រោះជាតិទាំងបីនាក់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទី​ស្នាក់​ការ​គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - លោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា តែងរំលឹកជាញឹកញាប់ ថាកុំឲ្យក្រុមប្រឆាំង«ព្រហើន»ពេក ល្មមៗបានហើយ ព្រោះតែទាមទារច្រើនពេក ច្បាស់ជាជួបវិធានការក្ដៅ។ ហើយវិធានការក្ដៅនោះទៀតសោធ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មិនចាំបាច់មាននៅក្នុងដៃ នូវអំណះអំណាង ឬនិតិវិធីច្បាប់អ្វីឲ្យពិតប្រាកដ​នោះ​ទេ។ បានសេចក្ដីថា «ចុះ ចាប់ ចង រួចចូលគុក» ដោយគ្រាន់តែយកតុលាការ ដែលល្បីថាមិនឯករាជ្យ មកបាំង​ពីមុខ​តែបន្ដិចប៉ុណ្ណោះ។

ហើយវិធានការនេះ បានសម្រេចជាផ្លែផ្កានយោបាយ យ៉ាងត្រចះត្រចង់ម្ដងហើយ កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤​កន្លងមក។ បន្ទាប់ពីក្រុមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ៧រូប និងសកម្មជនមួយរូបទៀត នៃគណបក្សសង្គ្រោះ​ជាតិ ត្រូវបានចាប់ដាក់ពន្ធនាគាររួចមក ជំនួបកំពូលនៅថ្ងៃនោះ បានសម្រេចភ្លាមៗ នូវកិច្ចព្រមព្រៀងនយោបាយ​ចំនួន៧ប្រការ រវាងគណបក្សធំទាំងពីរ។ កិច្ចព្រមព្រៀងដ៏«អស្ចារ្យ» ដែលបានឈានទៅដល់ការដោះលែងភ្លាមៗ នៃក្រុមអ្នកជាប់ពន្ធនាគារទាំង៨រូប។

ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ការអនុវត្តកិច្ចព្រមព្រៀងទាំង៧ប្រការ ពីក្នុងជំនួបកំពូលថ្ងៃនោះ នៅមានភាពរកាំរកូស​នៅ​ឡើយ ជាពិសេសការពន្យាពេលម្ដងហើយម្ដងទៀត នូវការចូលស្បថ ដើម្បីក្លាយជាតំណាងរាស្ត្រពេញសិទ្ធិ និងការ​ចូលប្រជុំសភា នៃក្រុមតំណាងរាស្ត្រទាំងនោះ របស់គណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំងទំនងជាយក​ក្រឡា​អុកចុងក្រោយនេះ ដើម្បីទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ដាក់គ.ជ.ប ទៅជាស្ថាប័នឯករាជ្យពិតប្រាកដ និងធ្វើ​កំណែទម្រង់ទៅលើស្ថាប័នរដ្ឋសភាព តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

ក្រឡាអុក ដែលនៅលើគោកស្ដូកស្ដឹង របស់គណបក្សសង្គ្រោះជាតិនេះ មិនអាចលាក់កំបាំងពីការមើលឃើញ របស់​គណបក្សប្រជាជនកម្ពុជាបានឡើយ។ ដូច្នេះជម្រើសមានតែពីរប៉ុណ្ណោះ ថាតើគណបក្សកាន់អំណាច ត្រូវធ្វើតាម​ការ​ទាមទារ របស់គណបក្សសង្គ្រោះជាតិជាមុន ឬតាមបង្ខំឲ្យគណបក្សនេះ ចូលប្រជុំក្នុងរដ្ឋសភាសិន? តាមទម្លាប់​កន្លង​មក របស់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតគណបក្សកុម្មុយនីសនោះ បានទុកគណបក្សប្រឆាំងនៅកម្ពុជា ​ឲ្យ​អង្គុយនៅក្នុងសភា សម្រាប់គ្រាន់តែ«ល្អមើល»ប៉ុណ្ណោះ។ តែបើរឿងប្រឡេះអំណាច ដែលជា«ចំណីដ៏ឆ្ងាញ់» ឲ្យធ្លាក់​ចេញពីមាត់នោះ ប្រហែលជាគេត្រូវរងចាំ«យូរ»ទៀត។

លេងល្បែងឈ្នះម្ដងហើយ ឥឡូវលេងវាសារជាថ្មី ព្រោះដឹងថានឹងឈ្នះទៀត ...

ដូច្នេះ នៅចំពោះមុខនៃភាពដំអក់របស់គណបក្សសង្គ្រោះជាតិ ដែលពន្យាពេលចូលស្បថ និងចូលប្រជុំសភាម្ដង​ហើយម្ដងទៀតនេះ វិធានការ«ក្ដៅ»ដែលពោរពេញដោយ«ប្រសិទ្ធិភាព» របស់គណបក្សកាន់អំណាច គឺការចាប់ចង​«ជាថ្មីទៀត» ទៅលើក្រុមសកម្មជន ដែលល្បីឈ្មោះជា«យុវជនសង្គ្រោះជាតិ» របស់គណបក្សប្រឆាំង។ មិនមែន​តែ​«សកម្មជន»បីរូប ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី២ ខែសីហានេះនោះទេ ព្រោះដីកាកោះឲ្យចូលខ្លួនផ្សេងទៀត ក៏ត្រូវ​បានធ្វើទៅលើមនុស្សទាំង៨រូប ដែលទើបនឹងដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងមកនេះ បូករួម​នឹងដីការឲ្យចូលខ្លួន ធ្វើទៅលើអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នោះផងដែរ ខណៈលោកត្រូវ​បាន​កោះហៅម្ដងហើយ កាលពីថ្ងៃទី២៥ ខែកក្កដា។

ទោះជាលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនហ៊ានផ្សារភ្ជាប់ ការចាប់ចងយុវជន​សង្គ្រោះ​ជាតិ​ទាំងបីរូប និងការកោះហៅរបស់តុលាការ ទៅលើមន្ត្រីទាំង៩រូបផ្សេងទៀត ថាមានជាប់ពាក់ព័ន្ធ ដល់​ការ​សម្រេច​ចិត្ត​ចូល​ស្បថ​ របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិនោះក៏ដោយ តែចង់មិនចង់ គណបក្សសង្គ្រោះជាតិ​ក្នុង​ពេលនេះ ត្រូវតែធ្វើជម្រើសរបស់ខ្លួន ដ៏ពិបាកបំផុតមួយ។ ពិបាកបំផុត ដោយសារតែម្ខាង អាចប៉ះពាល់ដល់មន្ត្រី និង​ក្រុមអ្នកគាំទ្រខ្លួន និងម្ខាងទៀត ជាជំហរកំណែទម្រង់របស់ខ្លួន ដែលចង់ឲ្យខ្លួនពង្រឹកអំណាច នៅក្នុងរដ្ឋសភា និង​មានស្ថាប័នរៀបចំការបោះឆ្នោត មួយឯករាជ្យ។

តាមពិតទៅ តាំងពីថ្ងៃទី២២ ខែកក្កដារហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានក្លាយខ្លួន (ឬធ្វើខ្លួន) ជា​សត្វ​ពពែរួចជាស្រេច  ដែលត្រូវរងគ្រោះនឹងការដេញចាប់ស៊ី ពីសំណាត់សត្វក្រពើរ​ទាំងមេទាំងកូន។ អំណាច​ប្រជាជន ដែលបានប្រគល់ទៅឲ្យគណបក្សនេះ កាលពីពេលបោះឆ្នោតសកលក្នុងឆ្នាំកន្លងមក ទំនងជានឹង​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា លេបស៊ីបាត់ទាំងមូល ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...