អ្នកទោសប្រហារជីវិត ដែល«ស្លាប់ពិបាក»ជាងគេ ធ្វើឲ្យផ្អើលអាមេរិក
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ សីហា ២០១៤
- កែប្រែចុងក្រោយ: August 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេចប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធីមួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេលដល់ទៅជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។
គ្រែមួយប្រភេទ សម្រាប់ប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ (រូបភាពឯកសារ)
ទោសប្រហារជីវិត - មេធាវីរបស់ជនមានទោស លោក ដាលី ប៊េឆ (Dale Baich) បានសរសេរនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «វិធីសាស្ត្រក្នុងការប្រហារជីវិត នៅរដ្ឋអារីហ្សូណា បានចែងថា អ្នកទោសត្រូវបានប្រហារជីវិត ដោយទទួលការចាក់ថ្នាំ អីដ្រូម័ហ្វូន (Hydromorphone) និងមីដាហ្សូឡាម (Midazolam) ក្នុងកម្រិត៥០មីលីលីត្រ។ ប៉ុន្តែរបាយការណ៍នៃការប្រហារជីវិត ដែលបានផ្សាយជាសាធារណៈ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយអាជ្ញាធរទទួលបន្ទុករបស់រដ្ឋអារីហ្សូណា បានបង្ហាញថា វិធីសាស្ត្រដែលធ្លាប់ធ្វើនេះ មិនមានប្រសិទ្ធិភាព ដូចអ្វីដែលបានគ្រោងទុកទេ។»
ដោយសារភាពមិនប្រក្រតីនេះ លោកមេធាវីរូបនេះ បានស្នើសុំឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទៅលើករណីប្រហារជីវិតនៃកូនក្ដីរបស់លោក ដែលបានស្លាប់ទៅហើយ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះដដែល លោកមេធាវីបានសរសេរទៀតថា៖ «ជំនួសឲ្យការចាក់ថ្នាំមួយម្ជុល ដូចអ្វីដែលវិធីសាស្ត្រលើកឡើងនោះ អាជ្ញាធរទទួលបន្ទុក បានចាក់ថ្នាំប្រហារជីវិត រហូតដល់ទៅ១៥ម្ជុលផ្សេងគ្នា បង្កឲ្យការប្រហារជីវិតមានភាពយូរហួសប្រមាណ និងបានក្លាយជាការប្រហារជីវិត ដែលយូរជាងគេក្នុងប្រវត្តិសាស្ត្រកន្លងមក»។
ការប្រហារជីវិតអ្នកទោស ចូសេហ្វ វូដ អាយុ៥៥ឆ្នាំ ត្រូវបានអនុវត្តកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក តាមដីការសម្រេច បន្ទាប់ពីតុលាការបានរកឃើញថា ចូសេហ្វ វូដ មានកំហុសធ្ងន់ធ្ងរ ក្នុងឃាតកម្មលើអតីតសង្សារបស់លោក និងឪពុករបស់នាងផង តាំងពីឆ្នាំ១៩៨៩។ ប៉ុន្តែរយៈពេលនៃការប្រហារជីវិត មានពេលយូររហូតដល់ ១ម៉ោង ៥៧នាទី ខណៈការប្រហារជីវិតលើអ្នកទោសក្នុងពេលកន្លងមក ប្រើរយៈពេលតែជាង១០នាទីប៉ុណ្ណោះ។ ក្នុងរយៈពេលនៃការប្រហារជីវិតនោះ អ្នកទោស ចូសេហ្វ វូដ បានដង្ហក់ និងប្រកាច់ ដោយប្រើរយៈពេលដល់ទៅ ១ម៉ោងនិង៤០នាទី។ នេះបើតាមការអះអាង របស់មេធាវីដដែល នៅពេលដែលលោកបានចេញ ពីពិនិត្យមើលការប្រហារជីវិតនោះ។
ប្រធានមជ្ឈមណ្ឌលប្រហារជីវិត បានថ្លែងអះអាងថា ការចាក់បន្ថែមនូវថ្នាំទាំងនេះ រហូតដល់ទៅ១៥ម្ជុលនោះ មិនមានបំណងអ្វី ក្រៅពីដើម្បីឲ្យអ្នកទោសធ្វើដំណើរទៅ ដោយស្ងប់ស្ងៀមនោះទេ។ ប៉ុន្តែវេជ្ជបណ្ឌិតដែលមានជំនាញខាងថ្នាំសន្លប់ បាននិយាយតបវិញថា៖ «នៅពេលដែលដងខ្លួនមនុស្សទទួលបានថ្នាំសន្លប់ ឬថ្នាំប្រហារជីវិតគ្រប់គ្រាន់ហើយ ទោះអ្នកចាក់បន្ថែម៥០០ម្ជុល ឬ៥លានម្ជុលទៀត ក៏វាគ្មានប្រយោជន៍អ្វីជាងនេះដែរ ព្រោះវាមិនអាចសន្លប់ឬស្លាប់ ៥០០ដង ឬ៥លានដងនោះឡើយ»។
សភាពមុនពេលស្លាប់ របស់អ្នកទោស ចូសេហ្វ វូដ បានបង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស នៅសហរដ្ឋអាមេរិក ក្នុងប៉ុន្មានថ្ងៃក្រោយមក។ សូមបញ្ជាក់ដែរថា កាលពីចុងខែមេសា នៅក្នុងរដ្ឋ អូក្លាអូម៉ា (Oklahoma) អាជ្ញាធរក៏បានប្រើរយៈពេលយូរគួរសមដែរ រហូតដល់ទៅ៤៣នាទី បន្ទាប់ពីបានចាក់ថ្នាំបីប្រភេទលាយបញ្ចូលគ្នា ដើម្បីប្រហារជីវិតអ្នកទោសម្នាក់ទៀត នៅទីនោះ៕