សម្ភាស ជូង ជូងី៖ សាល​ក្រម​របស់​​សាលា​​ដំបូង​​ខេត្ត​​កណ្តាល ជា​​រឿង​​«នយោបាយ»

មេធាវីការពារក្ដី ដ៏ល្បីឈ្មោះមួយរូប បានថ្លែងបរិហា ដីកាតុលាការខេត្តកណ្តាល ថាជារឿងមិនត្រឹមត្រូវ រំលោភបំពានលើសិទ្ធិពលរដ្ឋ ពិសេសមេធាវី ដែលការពារកូនក្តី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 14, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំជាមេធាវី។ ខ្ញុំបំពេញសិទ្ធិ ការពារកូនក្តីរបស់ខ្ញុំ។ នៅពេលដែលយកកូនក្តីខ្ញុំ ទៅដល់ពន្ធនាគារ មិនមានដីកាឃុំខ្លួន ខ្ញុំក៏តវ៉ា។ (...) ខ្ញុំមិនបានគាស់ទ្វារបង គ្មានកាំភ្លើងគម្រាម គ្មានប្រើហិង្សា ក្រៅពីសំដីតវ៉ា។ មន្រ្តីពន្ធនាគារ ក្រឡា​បញ្ជី​បរាជ័យ មិនអាចឃុំខ្លួនកូនក្តីខ្ញុំបាន កូនក្តីខ្ញុំក៏ចេញទៅផ្ទះវិញ។ ក្រោយមកតុលាការ ក៏ចោទប្រកាន់ខ្ញុំ ថាផ្តល់​មធ្យោបាយ​រត់។» នេះជាការថ្លែង របស់លោកមេធាវី ជួង ជូងី ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៤ ខែមីនានេះ។

ការលើកឡើង របស់លោកមេធាវី បានធ្វើឡើង បន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះ នៃតុលាការខេត្តកណ្តាល លោក គឹម ម៉េង បានសម្រេចប្រកាសសាលក្រម កាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញ ទៅលើសាលក្រមកំបាំងមុខ កាលពីខែកក្កដា ឆ្នាំ២០១៤ ដែលបានចោទប្រកាន់លោក មេធាវី ជូង ជូងី និងលោក ចាន់ ចេង អ្នកតំណាងរាស្ត្រខាង​គណបក្សសង្គ្រោះ​ជាតិ ពីបទផ្តល់មធ្យោបាយឲ្យជនជាប់ចោទ(មាស ប៉េង) រត់ចេញពីពន្ធនាគារ កាលពីឆ្នាំ២០១២ ដោយចោទប្រកាន់ ពី​បទ​ប្រើប្រាស់អំពើហិង្សា ប្រឆាំងទៅនឹងអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត ក្នុងទំនាស់ដីធ្លីជាមួយនឹងលោក ប្រាក់ សាវុធ ជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ មកពីគណបក្សប្រជាជនកម្ពុជា។

លោក គឹម ម៉េង បានសម្រេចដាក់ទោស ឲ្យអ្នកទាំងពីរ ជាប់ពន្ធនាគារក្នុងម្នាក់ៗ ២ឆ្នាំ និងពិន័យជាប្រាក់ ពី២លាន ទៅ​៣លានរៀល។ ឯអតីតជំទប់ទី២ ឃុំបន្ទាយដែក គណបក្សសម រង្ស៊ី លោក មាស ប៉េង ក៏ត្រូវបានតុលាការនេះ សម្រេច​ឲ្យជាប់ពន្ធនាគារ ចំនួន១៨ខែ ពីបទរត់ចេញពីពន្ធនាគារ ខេត្តកណ្តាលដែរ។ តែសាលក្រមដដែលនេះ ក៏មិនបាន​ចេញ​«ដីកា» បង្គាប់ឲ្យចាប់ខ្លួនទេ ដោយគ្រាន់តែប្រកាសផ្តន្ទាទោស និងពិន័យជាប្រាក់ សម្រាប់បង់ចូលថវិការដ្ឋ តែ​ប៉ុណ្ណោះ។

ទាក់ទងនឹងសាលក្រមខាងលើ យកមេធាវីបានពន្យល់ថា កូនក្តីរបស់លោក (មាស ប៉េង) មិនទាន់ត្រូវបានចោទប្រកាន់ ដោយតុលាការខេត្តកណ្តាល ក្នុងការឃុំខ្លួននៅឡើយទេ ហើយក៏គ្មានដីកាបញ្ជាក់ត្រឹមត្រូវ។ ពេលនោះពន្ធនាគារ ក៏​គ្មាន​អ្វីជាសំអាង ក៏បានមិនបានធ្វើការឃុំខ្លួនដែរ។ ករណីនេះហើយ ដែលកូនក្តីរបស់លោក អាចចាកចេញពីពន្ធនាគារ ត្រឡប់ទៅផ្ទះវិញបាន។ លោកបានបញ្ជាក់ទៀតថា៖ «ការចាកចេញនោះ គ្មានការរារាំង ពីឆ្មាំពន្ធនាគារទេ ចេញ​តាម​សម្រួល ដោយសារតែពន្ធនាគារ គ្មានដីកាត្រឹមត្រតូវពីតុលាការ ទើបគេមិនឃាត់ខ្លួនកូនក្តីខ្ញុំ។»

លោកមេធាវី ជួង ជូងី បានចាត់ទុកថា នេះជាការបំពានបំបាក់រូបលោក តាមរយៈតុលាការ ដើម្បីទុកជាការគម្រាម ដល់​មេធាវីផ្សេងទៀត ដែលហ៊ានធ្វើការតវ៉ាដូចរូបលោក។ លោកបានថ្លែងឲ្យដឹងថា៖ «ស្រុកខ្មែរ មេធាវីដែលហ៊ានតវ៉ា មាន​តែ​ខ្ញុំហ្នឹងហើយ ដែលហ៊ានតវ៉ាខ្លាំងជាងគេ។ ខ្ញុំហ៊ានតវ៉ាខ្លាំងជាងគេ នៅពេលដែលឃើញមន្រ្តីសាធារណៈ មន្រ្តី​តុលាការ ឬនគរបាលក្តីដែលធ្វើមិនត្រឹមត្រូវ។ គេខឹងខ្ញុំហ៊ានតវ៉ា គេបំបាក់មិនឲ្យធ្វើការតវ៉ា មិនឲ្យមេធាវីផ្សេង​ទៀត​ហ៊ាន​ធ្វើ​តាម ទើបសម្រេចដាក់ទោសយ៉ាងនេះ។»

លោកមេធាវីមើលឃើញថា ករណីនេះពិតជាមានការពាក់ព័ន្ធ ក្នុងរឿងនយោបាយ ព្រោះតែកូនក្តីរបស់លោក ជាអ្នក​នយោបាយ និងក៏ជាតំណាងរាស្រ្ត របស់បក្សប្រឆាំងថែមទៀត។ លោកសោកស្តាយ ចំពោះចំណាត់ការ របស់​តុលាការ​ខេត្តកណ្តាល ដែលមិនបានធ្វើការពិចារណារ ចំពោះការឆ្លើយបំភ្លើរបស់លោក តាមផ្លូវច្បាប់ នាពេល​កន្លង​មក​នោះ។ លោកបន្តថា មន្រ្តីចៅក្រម និងព្រះរាជអាជ្ញាក្នុងសំណុំរឿងនេះ ក៏បានរៀបចំឯកសារ ដែល«គ្មានរូបរាង» ឲ្យលិចជា​រូប​រាងឡើង និងបន្លំបញ្ចូលក្នុងសំណុំរឿង ក្រោយពេលដែលកូនក្តីរបស់លោក ត្រឡប់ទៅផ្ទះបាត់ទៅហើយនោះ។

«គាត់សាររ៉េ យកចម្លើយបំភ្លៃ របស់ភាគីដាក់បន្ទុកខ្ញុំ ក្នុងការដាក់ទោសខ្ញុំ។ (...) មនុស្សយកទៅដល់ពន្ធនាគារហើយ បើមានដីកាត្រឹមត្រូវ គ្មានអ្នកណាយកចេញ ពីពន្ធនាគារបានទេ។ ដោយសារ តែគ្មានឯកសារឃុំខ្លួននេះហើយ ទើប​ខាងពន្ធនាគារ គេមិនឃុំខ្លួនកូនក្តីខ្ញុំ។ (...) ឯកសារដែលគេមាន គឺគេបានធ្វើតាមក្រោយទាំងអស់ (ក្រោយកូនក្តីលោក ត្រឡប់ទៅផ្ទះ)។ (...) បើមានដីកា អ្នកណាយកមនុស្សចេញកើត វាចេញមិនកើតតែម្តង។ (...) ខ្ញុំនឹងប្តឹងតវ៉ាជាបន្ត។ ខ្ញុំនឹងមិនបណ្តោយឲ្យមនុស្សអាក្រក់ ធ្វើអ្វីស្រេចតែនឹងចិត្តបានទេ។»

លោកមេធាវីបានបញ្ជាក់ថា ភាគីដើមបណ្តឹងរបស់លោក រួមមានអតីតចៅក្រមស៊ើបសួរ លោក លឹម សុគន្ថា និង​បច្ចុប្បន្ន​ជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងអតីតព្រះរាជអាជ្ញាលោក អ៊ុន គឹមសិទ្ធ រួមទាំងឆ្នាំពន្ធនាគារ ដែល​បាន​សហការគ្នា បំភ្លៃឯកសារធ្វើការចោទប្រកាន់ មកលើរូបលោក ដែលជាមេធាវីការពារក្តី។ ហើយលោក​នឹង​ឡើង​បណ្តឹង ទៅកាន់សាលាឧទ្ធណ៍ជាបន្ត ក្នុងពេលឆាប់ៗខាងមុខនេះ តាមនីតិវិធីច្បាប់។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត​កណ្តាល និងអតីតព្រះរាជអាជ្ញាលោក អ៊ុន គឹមសិទ្ធ បានទេ។ យ៉ាងណាក៏ដោយ ទស្សនាវដ្តី នឹងព្យាយាមស្វែងរក​ប្រតិកម្ម ពី​អស់​លោកទាំងនេះ មកបញ្ជាក់ក្នុងអត្ថបទលើកក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...