ភរិយា កែម ឡី ប្រកាសមិនយកប្រាក់៥ម៉ឺនដុល្លារពី ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 24, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បើសិនជាខ្ញុំវិញ គឺខ្ញុំមិនទទួលថវិកានេះទេ» នេះ ជាការប្រកាសឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី តបទៅនឹងការ«ភ្ញាក់រលឹក» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញ ពី«សុទ្ធាជ្រះថ្លា» ក្នុងការផ្ដល់ថវិកាជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះ ទៅឲ្យប្អូនប្រុសលោក កែម ឡី ម្ដងចំនួន១ម៉ឺនដុល្លារ សម្រាប់ទូទាត់ ការជំពាក់ថ្លៃបបរ ក្នុងពិធីបុណ្យរំលឹកខួបមរណភាព ១ឆ្នាំ និងម្ដងទៀត ដើម្បីជាវិភាគទាន ដល់ការសាងសង់ចេតិយ ជូនសពលោក កែម ឡី។
ការប្រកាស ជាសាធារណៈនេះ ត្រូវបានអ្នកស្រីធ្វើឡើង នាថ្ងៃទី២២ ខែកក្កដា (ត្រូវជាថ្ងៃទី២៣ ខែកក្កដា ម៉ោងនៅកម្ពុជា) នៅក្នុងពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពស្វាមីអ្នកស្រី ដែលបានប្រព្រឹត្តទៅ នៅចុងសប្ដាហ៍កន្លងមកនេះ ក្នុងវត្តសាមគ្គីរតនរាម នៃទីក្រុង តាកូម៉ា រដ្ឋវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក។ នៅក្នុងវីដេអូសួរឆ្លើយផ្ទាល់ ជាមួយលោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន ពីវិទ្យុអាស៊ីសេរីដ៏ល្បីល្បាញ អ្នកស្រី ប៊ូ រចនា បានសំដែងការឈឺចាប់ជាទីបំផុត នៅពេលដែលអ្នកស្រី បានដឹងពីការទទួលយកប្រាក់ទាំងអស់នេះ ធ្វើឡើងដោយក្រុមគ្រួសារស្វាមីអ្នកស្រី។
ភរិយាមេម៉ាយ ដែលមានកូន៥នាក់ នៅក្នុងបន្ទុក បានថ្លែងឡើងថា៖ «ខ្ញុំអត់សប្បាយចិត្តទេ។ បើសិនជាខ្ញុំវិញ គឺខ្ញុំអត់ទទួលថវិកានេះទេ ព្រោះយើងដឹងហើយ អ្នកណានៅពីក្រោយរឿងហ្នឹង។ អញ្ចឹងខ្ញុំអត់ទទួលទាំងអស់។ ខ្ញុំអត់បានដឹង រឿងអីនោះទំាងអស់ [ពីគ្រួសាររបស់ខ្ញុំ]។ ដល់ពេលខ្ញុំដឹង [ខ្ញុំ]ឈឺចាប់ណាស់ ដែលខាងគ្រួសារប្តីខ្ញុំគាត់ធ្វើអញ្ចឹង។»។
កាលពីមួយថ្ងៃមុន (គឺថ្ងៃទី២២ ខែកក្កដា ម៉ោងនៅកម្ពុជា) ប្រាក់៥ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ចេតិយ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ របស់លោក កែម ឡី តាមរយៈក្រុមការងារ របស់សារព័ត៌មានក្នុងស្រុកមួយ ដែលស្និតជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ នៅក្នុងវីដេអូព័ត៌មាន របស់សារព័ត៌មាននោះ ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធិ បានអះអាងថាបានទទួលថវិកានេះ និងថាបានបញ្ចូល ក្នុងធនាគាររួចហើយ។
ប្រាក់៥ម៉ឺនដុល្លារ ក្នុងរយៈពេល ៥១នាទី
ការដង្ហោយស្វែងរកប្រាក់ និងការទទួលប្រាក់ បានធ្វើឡើងយ៉ាងរហ័ស នៅក្នុងព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដោយប្រើពេលវេលា មិនដល់មួយម៉ោងផងទេ ហើយអ្វីៗបានឆ្លងកាត់ តាមការផ្សាយ របស់សារព័ត៌មានក្នុងស្រុកខាងលើនេះ តែមួយប៉ុណ្ណោះ។
សារព័ត៌មាន ដែលល្បីថាជាអ្នកនាំពាក្យ ឲ្យលោក ហ៊ុន សែន បានផ្សាយអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា «ប្អូនប្រុសលោកបណ្ឌិត កែម ឡី អំពាវនាវរកការឧបត្ថម្ភ ពីសប្បុរសជនជួយសាងសង់ចេតិយ ជូនបងប្រុស បន្ទាប់ពីដំណើរការសាងសង់ខកខាន ជាងមួយឆ្នាំ ព្រោះគ្មានប្រាក់» នៅវេលាម៉ោង ១០ និង ៤១នាទី។ ស្រាប់តែនៅ៥១នាទីក្រោយមក គឺនៅវេលាម៉ោង ១១ និង៣២នាទី ថ្ងៃខែឆ្នាំតែមួយ សារព័ត៌មានដដែល បានផ្សាយការសម្រេចចិត្ត«បែបផ្លេកបន្ទោរ» របស់លោក ហ៊ុន សែន ក្នុងការបញ្ជូនប្រាក់ ៥ម៉ឺនដុល្លារ ទៅឲ្យលោក កែម រិទ្ធិសិទ្ធិ តាមរយៈអត្ថបទថ្មីមួយទៀត ដែលមានចំណងជើង «សូមចូលរួមត្រេកអរ ! សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់សាងសង់ចេតិយលោកបណ្ឌិត កែម ឡី ក្រោយពីប្រកាសអំពាវនាវ ស្វែងរកថវិកា»។
» សូមសង្កេតមើលពេលវេលានេះ ដែលត្រូវបានថតផ្តិតទុក ជា«ShotScreen» (ម៉ោងដែលបង្ហាញក្នុងរូបភាព ជាម៉ោងនៅក្នុងប្រទេសបារាំង ដែលយឺតជាងនៅកម្ពុជា ៥ម៉ោង)៖
លោក កែម ឡី ត្រូវបានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។
កាលពីដើមខែកក្កដានេះ អង្គការសង្គមស៊ីវិលជាតិ-អន្តជាតិ រាប់រយស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម សំដែងការមិនជឿជាក់ ទៅលើការស្វែងរកយុត្តិធម៌ ជូនលោក កែម ឡី និងគ្រួសារ តាមរយៈប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយបានទាមទារ ឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព ក្នុងសំណុំរឿងឃាតកម្មនេះឡើងវិញ។
កែម ឡី ត្រូវការលុយ?
ការបរិច្ចាកប្រាក់ ៥ម៉ឺន ក្នុងរយៈពេល៥១នាទី របស់លោក ហ៊ុន សែន ទទួលបានការស្វាគមន៍ជាទូទៅ ប្រសិនជាបុរសខ្លាំងកម្ពុជា ធ្វើឡើងក្នុងនាមជាសប្បុរសជន និងជាពលរដ្ឋម្នាក់។ តែក្នុងតួនាទីជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សមួយ ដែលបានឈ្នះឆ្នោត ឡើងមកកាន់អំណាច លោក ហ៊ុន សែន គួរប្រើពេលវេលា និងថវិការទាំងនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក កែម ឡី និងក្រុមគ្រួសារ។ នេះ បើតាមការអះអាង របស់អ្នកជិតដិតច្រើននាក់ របស់លោក កែម ឡី។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌល ដើម្បីការផ្សព្វផ្សាយឯករាជ្យ និងជាមិត្តភ័ក្ររបស់លោក កែម ឡី កាលពីពេលលោកនៅមានជីវិត បានសរសេរនៅលើបណ្ដាញសង្គមថា៖ «កែម ឡី មិនត្រូវការលុយទេ តែត្រូវការយុត្តិធម៌ និង ការផ្លាស់ប្តូរ»។
នៅក្នុងវីដេអូ របស់សារព័ត៌មានខាងលើ លោក កែម រិទ្ធិសិទ្ធិ ក៏បានអំពាវនាវ ទៅកាន់លោក ហ៊ុន សែន ដែរ ដោយស្នើនាយករដ្ឋមន្ត្រី បីទសវត្សន៍ជាង របស់កម្ពុជា ឲ្យរកយុត្តិធម៌ ជូនបងប្រុសរបស់លោក។ លោកបានថ្លែងឡើងថា៖ «សូមឲ្យសម្ដេច ជួយរកយុត្តិធម៌ ការពិត។ ខ្ញុំជាក្រុមគ្រួសារ សូមច្រានចោល នូវឃាតករ"ជួប សម្លាប់" ដែលចោទប្រកាន់បងខ្ញុំ គឺបង ឡី ដែលថាជំពាក់លុយ ៣ពាន់ដុល្លារ។»។
ដោយឡែក លោក ហុង លីម តំណាងរាស្រ្តប្រចាំរដ្ឋ វីកតូរីយ៉ា របស់ប្រទេសអូស្រ្តាលី ដែលមានដើមកំណើតខ្មែរ បានចាត់ទុកការទទួលយកថវិកា ពីលោក ហ៊ុន សែន ថាជាការប្រមាថ ដល់វិញ្ញាណក្ខន្ធលោក កែម ឡី និងអ្នកស្រឡាញ់លោក ជាច្រើនលាននាក់។ តំណាងរាស្ត្ររូបនេះ បានពន្យល់ថា កាលពីពេលធ្វើបុណ្យសព អាជ្ញាធរបានប្រើគ្រប់រូបភាព ដើម្បីធ្វើការកៀបសង្កត់ និងកុំឲ្យពិធីបុណ្យនេះ ដំណើរការទៅបានល្អ។ លោកថា អាជ្ញាធរខ្មែរ ថែមទាំងបានបិទស្ថានីយចាក់សាំង ស្ទើរគ្រប់តាមដងផ្លូវ ដែលត្រូវដង្ហែសពលោក កែម ឡី ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីបញ្ចុះសពលោកបណ្ឌិត នោះទៀត៕