ក្រុមបាតុករប្រឆាំងរក្សាក្តីសង្ឃឹម ទោះបក្សកាន់អំណាចមិនអើរពើរ
ទោះបីជាចំនួនបាតុករក្នុងថ្ងៃ ទី១៦ខែធ្នូនេះ មានចំនួនតិចបើធៀបនឹងមួយថ្ងៃមុន ឬបាតុកម្មលើកមុនៗក្តី ក៏បញ្ហានេះមិនបានបំបាក់ទឹកចិត្តក្រុមបាតុករនោះឡើយ ដោយពួកគេនៅតែតស៊ូធ្វើ រហូតទទួលបានជោគជ័យ។ ប៉ុន្តែភាពជោគជ័យដែលគេអាចសម្លឹងមើល ទៅលើការទាមទាររបស់គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការបោះឆ្នោតឡើងវិញនោះ វាហាក់ដូចជាស្រមោលនៅឡើយ ដោយសារតែរដ្ឋាភិបាល ឬគណបក្សប្រជាជនមកដល់ថ្ងៃនេះ នៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយ។
ក្រុមបាតុករ ដែលមកចូលរួមក្នុងបាតុកម្មថ្ងៃទី២៣ខែតុលាឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - បងស្រី សុខ សំអឿន ជាកម្មការីមកពី ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងនៅទឹកចិត្តមិនរាថយក្នុងការចូលរួមធ្វើបាតុកម្មនេះ ដោយសង្ឃឹមថានឹងមានការផ្លាស់ប្តូរ ជាពិសេសលើប្រាក់ខែគោលដែលបងស្រីទទួលបាននាពេលនេះត្រឹមតែ៨០ដុល្លាប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់សម្រាប់បងស្រីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវិតបានឡើយ។ បងស្រីនៅតែព្យាយាម ធ្វើការតវ៉ាជាមួយគណបក្សប្រឆាំង ទោះបីជាបងស្រីដឹងថាតើការតស៊ូនេះ នឹងទទួលបានជោគជ័យឬយ៉ាងណា? ប៉ុន្តែបងស្រីនៅតែចង់ លើកទឹកចិត្តដល់គណបក្ស ដែលខ្លួនបានធ្វើការគ្រាំទ្រថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមានណាមួយ អាចកើតឡើង បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះ។
អ៊ំប្រុសពិការភ្នែកទាំងសងម្នាក់ មានមុខរបបជាស្មូមឈ្មោះអ៊ុំសុខ អាយុ៦០ឆ្នាំ មកពីខេត្តកំពង់ស្ពឺ និងមានទីលំនៅអចិន្ត្រៃយ៏នៅទីក្រុងភ្នំពេញ បានប្រាប់ថាការចូលរួមរបស់គាត់គឺ ចង់បានតែយុត្តិធម៌ និងមេដឹកនាំល្អ ដោយសារតែអ៊ំប្រុសធ្លាប់ជាប់គុកដោយអយុត្តិធម៌ពីសំណាក់អាជ្ញាធរ និងមានការមើលងាយពីជនពិការ។ អ៊ំប្រុសនឹងចូលរួមធ្វើបាតុកម្មនេះរាល់ថ្ងៃរហូតដល់មានការបញ្ឃប់ ពីខាងគណបក្សសង្គ្រោះជាតិ ទើបអ៊ំប្រុស និងគ្នីគ្នារបស់អ៊ំប្រុសវិលត្រឡប់ទៅភូមិស្រុកដើមវិញ។
រីឯបងប្រុស ពិតចាន់ អាយុ៤១ ជាសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅស្រុកពញាឮ ខេត្តកណ្តាល បានចូលរួមក្នុងបាតុកម្មនេះរាល់លើក បានប្រាប់ទស្សនាវដ្តីថា ការចូលរួមលើកនេះនឹងទទួលបានជោគជ័យ ដោយលោកពូជឿជាក់ថា ជោគជ័យកើតឡើងដោយសារការតស៊ូ នឹងគ្មានជោគជ័យណាបានដោយទទេរឡើយ។
អ៊ំស្រីម្នាក់ឈ្មោះ យាយ ញឹម ជាជនពិការភ្នែកកដោយសារសង្គ្រាមស៊ីវិលសម័យប៉ុលពត និងជាអតីតអ្នកនិពន្ធម្នាក់មកពីខេត្តព្រៃវែង ដោយមានទីលំបច្ចុប្បន្នក្នុងរាជនីភ្នំពេញ បានសម្តែងទឹកចិត្តមុះមាំក្នុងការតស៊ូជាមួយគណបក្សសង្គ្រោះជាតិ រហូតដល់«ជីវិតក្ស័យ»។ អ៊ំស្រីបានសម្តែងពីទឹកចិត្តឈឺចាប់ជាច្រើន ដែលកើតមានជុំវិញអ៊ំស្រីជាមួយនឹងក្ដីសង្ឃឹមថា នឹងមានការផ្លាស់ប្តូរនាពេលណាមួយ ជាមិនខាន។ ចំពោះសំនួរទាក់ទងនឹងការធ្វើបាតុកម្មរាល់ថ្ងៃ តើអាចប៉ះពាល់អ្វីខ្លះ ដល់ការប្រកបមុខរបបប្រចាំថ្ងៃរបស់គាត់? អ៊ំស្រីបាននិយាយថា អ៊ំស្រីនឹងទៅប្រកបមុខរបបវិញរយៈពេលបីថ្ងៃ ដើម្បីយកលុយនោះ មកចូលរួមជាមួយក្រុមបាតុករបួនដប់ថ្ងៃទៀត។
ដូច្នេះមានន័យថា ទោះបីជាពួកគាត់ឃើញថា ការធ្វើបាតុកម្មនាពេលកន្លងមក ធ្លាប់ទទួលបានជោគជ័យតិចតួចក៏ពិតមែន ប៉ុន្តែពួកគាត់នៅតែមកចូលរួម ដោយសង្ឃឹមថានឹងមានការផ្លាស់ប្តូរកើតឡើង នាថ្ងៃណាមួយជាមិនខាន៕
-------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ១៦ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ