អង់គ្លេស៖ ចង់បំបាត់រាជានិយម នឹងមានទោសនិរទេសខ្លួនតាមសមុទ្រ?
អ្នកដែលនិយាយពី«ការបំបាត់»រាជានិយម នៅចក្រភពអង់គ្លេស អាចនឹងមានទោសជាប់ពន្ធនាគារ ... បើសូម្បីជននោះ ប្រើប្រាស់ពាក្យនេះជាការលេងសើចក៏ដោយ។
ព្រះមហាក្សត្រីយ៉ានី អលីហ្សប៊េដ ២ នៃចក្រភពអង់គ្លេស។ (រូបថត ឯកសារ)
រាជានិយម - រាជធានីឡុងដ៍នៃចក្រភពអង់គ្លេស បានរំលឹកឡើងវិញ ពីរាល់ការថ្លែងឬការអំពាវនាវណាក៏ដោយ ដែលនិយាយដល់«ការបំបាត់»រាជានិយម នៅក្នុងប្រទេស នឹងត្រូវចាត់ទុកជានិច្ចកាល ថាជាបទល្មើសដែលត្រូវទទួលទោសជាប់ពន្ធនាគារមួយជីវិត។ ការរំលឹកនេះបានធ្វើឡើង នៅក្រោយពេលមានការភ្លេចភ្លាំងមួយ ត្រូវបានដាក់បញ្ចូលដោយចៃដន្យ ទៅក្នុងច្បាប់ថ្មីដែលរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងដាក់ផ្សាយនៅខែឧសភាខាងមុខ។
ច្បាប់ថ្មីនោះបានកំណត់ពី«ការលែងចាត់ទុក»ថាជាបទល្មើស ទៅក្នុងបញ្ជីមួយមានចំនួន ៣០៩ករណី ហើយបានរាប់បញ្ចូលទាំងករណីមួយ ដែលមានចែងក្នុងជំពូកទីបី នៃច្បាប់ «Treason Felony Act» ឆ្នាំ១៨៤៨ ដែលត្រូវបានគេលែងយកមកប្រើប្រាស់ ដើម្បីធ្វើការតាមដានចោទប្រកាន់ តាំងពីឆ្នាំ១៨៧៩មក។
កាលពីចុងសប្ដាហ៍មុនេះ ក្រសួងយុត្តិធម៌អង់គ្លេស បានទទួលស្គាល់ថាមានកំហុសដោយអចេតនា។ ក្រសួងបានបញ្ជក់សារជាថ្មីថា បទល្មើសដែលក្បត់នឹងរាជានិយម មិនត្រូវបានលប់ចេញពីគោលការណ៍ច្បាប់ទាំងឡាយ របស់ចក្រភពនោះទេ។ អ្នកនាំពាក្យរបស់ក្រសួង បានថ្លែងអះអាងប្រាប់អ្នកសារព័ត៌មានថា «ជំពូកទីបី នៃច្បាប់«Treason Felony Act» ឆ្នាំ១៨៤៨ មិនត្រូវបានលើកលែងទេ»។
អត្ថបទសរសេរនៅក្នុងច្បាប់នោះបានចែងថា ជានិច្ចកាល វាជាលទ្ធភាពដែលត្រូវបានដាក់ទោស ក្នុងពន្ធនាគាររហូតមួយជីវិត ដោយគ្រាន់តែបាន«ស្រម័យ»ចង់ផ្ដួលរំលំ រាជបល្លង្គនៃចក្រភព ឬប្រកាសសង្គ្រាមប្រឆាំងនឹងព្រះមហាក្សត្រីយ៉ានី អលីហ្សប៊េដ (Elizabeth) ២។ ច្បាប់នេះបានដាក់សុពលភាពរបស់ខ្លួន ទៅគ្រប់ជនណាក៏ដោយ ទាំងនៅក្នុងឬនៅក្រៅរាជាណាចក្រ។ «ជនជាប់ពិរុទ្ធទាំងឡាយ អាចនឹងត្រូវនិរទេសខ្លួនតាមសមុទ្រ រហូតមួយជីវិត»។
កាលពីឆ្នាំ២០០១ តំណាងរាស្ត្រអង់គ្លេសជាច្រើននាក់បានគិតថា ច្បាប់នេះបានកំណត់ពីការដាក់ទោសទណ្ឌមួយ តាមបែបអន្តរសម័យកាល ដែលមិនបានឆ្លើយតបទៅនឹងប្រព័ន្ធច្បាប់ នៃសម័យកាលទំនើបនេះទេ។ ប៉ុន្តែអ្នកតំណាងរាស្ត្រទាំងនោះ នៅតែចង់កំណត់ថា រាល់បំណង់ចង់បំបាត់រាជបល្ល័ង្គនៃជនណាក៏ដោយ ឲ្យស្ថិតនៅជាបទល្មើសដដែល៕
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ