បក្សសង្គ្រោះជាតិ៖ នាំគ្នាគោះជួងប៉ោតឆ្នាំងទូងស្គរ រហូតសម្រេចការទាមទារ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: December 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិបានប្រកាស ក្នុងមហាបាតុកម្មរបស់ខ្លួនលើកនេះ ស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ធ្វើសកម្មភាពបន្លឺជាសំឡេងឡើង ក្នុងមួយថ្ងៃពីរដង តាមរយៈការគោះជួង ទូងស្គរ ឬឆ្នាំងផ្សេងៗ ដែលអាចធ្វើឲ្យមានសំឡេង ដែលបង្ហាញពីការទាមទាររបស់គណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកយុត្តិធម៌នៃសន្លឹកឆ្នោតរបស់ខ្លួន រហូតទាល់តែបានសម្រេច។
លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ជាការអំពាវនាវប្លែកខុសពីធម្មតា ដែលមិនធ្លាប់មានពីមុនមកនោះទេ សម្រាប់បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាបាតុកម្មនានាកន្លងមកដែរ នៅក្នុងប្រទេសកម្ពុជា។ ការអំពាវនាវប្លែកនោះ គឺគណបក្សប្រឆាំង បានស្នើឲ្យក្រុមបាតុករ ដែលជាអ្នកគាំទ្រខ្លួន ធ្វើសកម្មភាពឲ្យមានជាសំឡេងលាន់ឮឡើងជារៀងរាល់ថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សនេះ រហូតដល់ពេលបានសម្រេច។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ ក្រោយពីគណបក្សនេះ បានដើរដង្ហែក្បួនចប់សព្វគ្រប់ នៅវេលាព្រលប់ថ្ងៃទី ១៥ ខែធ្នូនេះថា សម្រាប់ព្រះសង្ឃដែលគង់នៅក្នុងវត្តអារាម អាចធ្វើសកម្មភាពបន្លឺសំឡេងតាមរយៈសកម្មភាពទូងស្គរគ្រប់វត្តទាំងអស់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ ចំណែកឯបាតុករដែលមិនមែនជាព្រះសង្ឃ ត្រូវគោះឆ្នាំង គោះចាន គោះជួង ចុចស៊ីផ្លេម៉ូតូ ឡាន ឬគោះសម្ភារៈណាមួយ ដែលអាចធ្វើឲ្យមានលាន់ឮជាសំឡេងកងរំពងនៅតាមផ្ទះរៀងៗខ្លួន។
អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការទូងស្គរ ឬគោះជួងជាសញ្ញានេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំក្រោយទៅ ដោយក្នុងមួយថ្ងៃពីរដងរៀងរាល់ថ្ងៃ ពោលគឺនៅវេលាម៉ោង ៧ព្រឹក និងម៉ោង ៧យប់ ដែលសកម្មភាពនេះ ត្រូវធ្វើឡើងរហូតទាល់តែគណបក្សនេះ បានសម្រេចតាមការទាមទាររបស់ខ្លួន។
ដោយឡែកសម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅព្រលប់ថ្ងៃដដែលនេះ ក៏បានស្នើឲ្យសិស្សានុសិស្ស និស្សិត អាជីវករអ្នកលក់ដូរ ឈប់សម្រាក ចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិផងដែរ។ លោកថា ចាប់ពីស្អែកនេះតទៅ គណបក្សសង្គ្រោះជាតិនឹងជួបជុំក្រុមបាតុករទាំងអស់ នៅវេលាម៉ោងល្ងាចជារៀងរាល់ថ្ងៃ ហើយធ្វើការដើរដង្ហែក្បួនតាមផ្លូវតទៅទៀត។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃទី១នៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកនេះ បើទោះជាមានការហាមឃាត់ពីក្រសួងមហាផ្ទៃ មិនឲ្យធ្វើការដង្ហែក្បួនក៏ដោយ ក៏លោក សម រង្ស៊ី និង លោក កឹម សុខា បានដឹកនាំក្រុមបាតុករគាំទ្រគណបក្ស រាប់ម៉ឺននាក់ ដើរដង្ហែក្បួននៅតាមដងផ្លូវមួយចំនួននៃរាជធានីភ្នំពេញផងដែរ។ នៅក្នុងពេលការដើរក្បួននោះ មិនមានការរារាងពីសំណាក់អជ្ញាធរនោះឡើយ។ ក៏ប៉ុន្តែមន្រ្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រតិកម្មចំពោះសកម្មភាពរបស់គណបក្សប្រឆាំងថា បានប្រពឹត្តហួសពីពីព្រំដែនដែលបានអនុវត្តន៍៕
---------------------------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ