កឹម សុខា ត្រូវផ្ដន្ទាទោសជាប់គុក៥ខែ និងពិន័យ៨សែនរៀល
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 09, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលក្រមទើបនឹងធ្លាក់មកដល់ ក្នុងពេលមុននេះបន្តិច។ ជាសាលក្រម ដែលប្រកាសដោយលោក កែវ មុនី ចៅក្រមកាត់សេចក្ដី របស់សាលាដំបូងរាជធានីភ្នំពេញ។ អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមរូបនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន៥ខែ និងត្រូវពិន័យជាប្រាក់ ចំនួន៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពីបទ«បដិសេធការចូលខ្លួន»។
សវនាការនៃសាលាដំបូងរាជធានី ក្នុងនៅព្រឹកថ្ងៃសុក្រនេះ មិនមានវត្តមាន របស់លោក កឹម សុខា និងមេធាវីទាំង៤រូប របស់លោកទេ។ ក្រុមមេធាវីរបស់លោក កឹម សុខា បានសំអាងមូលហេតុថា ការជំនុំជម្រះនេះ ធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
លោក កឹម សុខា បានបដិសេធការចូលខ្លួន តាមការកោះរបស់ចៅក្រមស៊ើបអង្កេត ដែលបានចេញដីកាកោះហៅលោក ទៅបំភ្លឺក្នុងនាមជាសាក្សី កាលពីជិត៤ខែមុន ដោយមូលហេតុថាលោក ជាសមាជិកសភាដែលមានអភ័យឯកសិទ្ធិ។ ការបដិសេធនេះ ត្រូវបានតុលាការចោទលោក ថាបានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដែលមានស្ថានទម្ងន់ទោស ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ។
អនុប្រធានគណបក្សប្រឆាំង បានរស់នៅបង្ខាំងខ្លួនឯង នៅក្នុងទីស្នាក់ការគណបក្ស តាំងពីពេលនោះរហូតមក បន្ទាប់ពីព្រឹត្តិការណ៍សំរុកចូល ក្នុងទីស្នាក់ការគណបក្ស ពីសំណាក់កងកម្លាំង ប្រដាប់ដោយអាវុធទំនើបៗ ក្នុងបំណងចង់ចាប់រូបលោក។
នៅព្រឹកម៉ិញនេះ លោក កឹម សុខា បានចេញមុខជាសាធារណៈ មកថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក នៅនឹងទីស្នាក់ការរបស់គណបក្ស ដោយបានបរិហារពីការតាមយាយី ធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព តាមរយៈការប្រើប្រាស់ គ្រប់ស្ថាប័នរបស់ជាតិ ក្នុងគោលបំណង ដើម្បី«បញ្ចប់ជីវិតនយោបាយ»របស់លោក។
យុវជនដែលរងការចាប់ខ្លួន ត្រូវបានដោះលែង
នៅខាងក្រៅអាគារតុលាការវិញ យុវជនម្នាក់ឈ្មោះ អ៊ុំ ដារា ដែលជាអ្នកគាំទ្រមួយរូប ត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ៧មករា កាលពីវេលាម៉ោងប្រមាណជា ៩ និង៣០នាទី។ ប៉ុន្តែយុវជនរូបនេះ ត្រូវបានអាជ្ញាធរដោះលែងមកវិញហើយ ក្នុងវេលារសៀលថ្ងៃដដែល នៅមុននេះបន្តិច។ នេះបើតាមប្រភពព័ត៌មានមួយស្និត នឹងអាជ្ញាធរខណ្ឌ៧មករា។ យុវជន អ៊ុំ ដារា បានចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនរយនាក់ នៅខាងមុខតុលាការ និងបានស្រែក ស្នើឲ្យតុលាការទម្លាក់ចោល ការចោទប្រកាន់ទៅលើលោក កឹម សុខា៕