ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

សាលក្រម របស់​សាលា​ដំបូង​រាជធានីភ្នំពេញ ដែលសម្រេច​ផ្តន្ទាទោស លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ ខែ និង​ពិន័យ​ជា​ប្រាក់ ៨ សែនរៀល ទទួលបាន​ការ​សាទរ​យ៉ាង​ខ្លាំង ពីសំណាក់រដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បានហៅ​សាលក្រម​នេះ ថាជា«ជោគជ័យ»មួយ និងនៅតែចាត់ទុក ករណីរបស់​លោក កឹម សុខា ថាជារឿងឯកជន ដែល​មេដឹកនាំ​​គណបក្ស​ប្រឆាំង​​រូបនេះ មិន​សហការ​​ជាមួយ​​តុលាការ។
ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 10, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការអនុវត្តនីតិវិធី​របស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះ​ការ​វិនិច្ឆ័យ​លើ​ករណី​របស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែល​ជា​កាតព្វកិច្ចរាល់ជនគ្រប់រូប» នេះជាឃ្លាមួយ ពីក្នុងចំណោមសំណេរ ដ៏វែងអន្លាយមួយ របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអបអរសាទរ​ទៅដល់សាលក្រម របស់សាលាដំបូងរាជធានី ដែល​បាន​សម្រេច​ផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន) គណបក្សសង្គ្រោះជាតិ កាលពី​រសៀល​ថ្ងៃ​ទី៩ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។

ចៅក្រមជំនុំជម្រះក្ដី លោក កែវ មុនី បានចេញសាលក្រម ផ្ដន្ទាទោសលោក កឹម សុខា ដូច្នេះ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ ពីបទ«បដិសេធការចូលខ្លួន» ទៅតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ តាមរយៈដីកា​ម្ដង​ជា​ពីរ​ដង កាលពីខែឧសភា។ សវនាការកាលពីពេលព្រឹក ដែលធ្វើការជំនុំជម្រះ ទៅលើករណីនេះ មិន​មាន​ការ​ចូល​រួម ពីសំណាក់លោក កឹម សុខា និងមេធាវីទាំងបួនរូប របស់លោកឡើយ។ មេធាវីទាំងនោះ បាន​សំអាង​មូលហេតុ​ថា ការជំនុំជម្រះនេះ ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធីច្បាប់ ខណៈលោក កឹម សុខា នៅមាន​អភ័យឯក​សិទ្ធិ​សភា។

ក្រៅពីសេចក្ដីអបអរសាទរខាងលើ លោក ផៃ ស៊ីផាន នៅបានរៀបរាប់ ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយ ពីការ​សោក​ស្ដាយ​របស់​លោក ដែលរឿងរ៉ាវ«ឯកជន»​របស់លោក កឹម សុខា ត្រូវបាន«បំភ្លៃ» ឲ្យទៅជារឿង​«នយោបាយ»។ អ្នកនាំពាក្យរូបនេះ បានសរសេរថា៖ «អំពើឯកជនផ្ទាល់សុទ្ធសាធ របស់ឯកឧត្តម កឹម សុខា ដែល​លោក​​ប្រឆាំង និង​​ស្ថាប័នតុលាការ ក៏ដូចជាច្បាប់ជាតិ ហើយបាននឹងកំពុងបំភ្លៃ ករណីផ្ទាល់ខ្លួន ឲ្យ​ក្លាយ​ទៅ​ជា​រឿង​នយោបាយ និង​យកគណបក្សសង្រ្គោះជាតិ ព្រមជាមួយនឹងអ្នកគាំទ្រស្លូតត្រង់ ជាចំណាប់ខ្មាំង និង​ក្លាយ​ទៅ​ជា​ឈ្នាន់ ដើម្បីការពាររឿងអាស្រូវ របស់ខ្លួនផ្ទាល់ ដោយប្រឌិត និងបំភ្លៃ អំពាវនាវ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ក្នុង​រូបភាព​ជា​សាក្សី ប៉ុន្តែការពិតនោះ គឺយកជារនាំងការពារ ផលប្រយោជន៍បុគ្គលខ្លួនផ្ទាល់ ជាមួយ និង​ការ​ប្រឆាំង នៃ​ដំណើរ​ការ​កាត់​ក្តី របស់​តុលាការ​នេះ»។

ព្រមានទៅ... ព្រមានមក!

ចំពោះសាលក្រម ដ៏ចម្រូងចម្រាស់ខាងលើនេះ មិនត្រូវបានគណបក្សសង្គ្រោះជាតិ ទទួលយក​ឡើយ។​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍មួយ ដែលចេញផ្សាយនៅល្ងាចថ្ងៃដដែល បានឲ្យដឹងថា គណបក្សប្រឆាំង​បានចាត់​ទុក​សាល​ក្រម​នេះ ថាធ្វើឡើងក្រោមសម្ពាធនយោបាយ នៃ​គណបក្ស​កាន់អំណាច ហើយគណបក្សនៅតែបន្ត ការតស៊ូ​ដោយ​សន្តិវិធី ដើម្បីទាមទារឲ្យទម្លាក់ចោល នូវការចោទប្រកាន់ មកលើ «លោក កឹម សុខា សកម្មជន និង​ថ្នាក់​ដឹកនាំ គណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត»។

គណបក្សប្រឆាំងថែមទាំងបានព្រមាន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ប្រសិន​ណា​ជា​ការ​​ទាមទារ​​ខាង​​លើ មិនទទួលបានលទ្ធផលទេនោះ គណបក្សនឹងប្រើប្រាស់សិទ្ធ «ធ្វើមហាបាតុកម្ម​​ដោយ​អហិង្សា» ហើយ​បាន​អំពាវនាវ​ទៅប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយខ្លួន។

ប៉ុន្តែហេតុការណ៍នេះ ត្រូវបាន លោក ផៃ ស៊ីផាន ព្រមានតបទៅវិញរួចជាស្រេច។ មន្ត្រីជាន់ខ្ពស់រូបនេះ ដែល​មាន​ថានៈ​ជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានហៅ«ការកៀងគរ​បង្កើត​ចលនា​មហាជន ប្រឆាំង​នឹង​ច្បាប់ ប្រឆាំងតុលាការ គឺមិនមែន​ស្ថិតនៅក្នុង សង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋនោះទេ (តែ)នេះគឺជាចលនា​​ឧទ្ទាម​​កម្ម​​សុទ្ធសាធ (ដែល)ប្រឆាំង​និង​បំផ្លាញ ឬជាឧបសគ្គ ក្នុងការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យកម្ពុជា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...