គល់ បញ្ញា៖ គណបក្សទាំងពីរឯកភាពគ្នា ទើបងាយស្រួលដល់ជប៉ុន
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 20, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនខុសពីរដ្ឋាភិបាលជប៉ុននោះទេ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ក៏បានលើកឡើងដែរថា ការជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា អាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព ចាំបាច់ត្រូវមានការសហការពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
ការបោះឆ្នោត - លោកគល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានពន្យល់ថា សហគមន៍អន្តរជាតិ មានការយកចិត្តទុកដាក់ពីបញ្ហាបោះឆ្នោតនៅកម្ពុជា ហើយការណ៍ដែលជប៉ុនមកជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា វាមិនត្រឹមតែអាចធានាថា មានការជ្រើសរើសរដ្ឋាភិបាលត្រឹមត្រូវ ឡើងមកដឹកនាំប្រទេសនោះទេ តែវាក៏អាចជួយបង្ការ ឬជាការដោះស្រាយវិបត្តិនយោបាយ ដែលកើតចេញពីការបោះឆ្នោតផងដែរ។
តបតាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចបញ្ជូនអ្នកជំនាញការបោះឆ្នោតរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការផ្សេងៗ ជុំវិញការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។ ការបញ្ជូនប្រតិភូជប៉ុន ស្របពេលដែលវិបត្តិនយោបាយ ដែលបណ្តាលមកពីការមិនឯកភាពគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្តអូសបន្លាយតាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ ។
យោងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រតិភូមន្ត្រីជំនាញរបស់ជប៉ុន១០រូបនឹង ជួបជាមួយមន្រ្តីសង្គមស៊ីវិលមានឯកទេសបោះឆ្នោត មន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តីគណបក្សសង្រ្គោះជាតិ រយៈ៥ថ្ងៃ ដោយផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ដើម្បីពិភាក្សាលើកការកែទម្រង់ការបោះឆ្នោត។
ការកែទម្រង់ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បើទោះជារហូតមកដល់ពេលនេះ មិនទាន់ឯកភាពគ្នាផ្នែកនយោបាយក៏ពិតមែន តែគណបក្សទាំងពីរ កន្លងមក បានបង្ហាចេនា ចង់ឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសជប៉ុន ជួយកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកគល់ បញ្ញា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ ខែឧសភា នេះថា៖ «គណបក្សទាំងអាចជជែកគ្នាបន្ត ព្រោះការកែទម្រង់ការបោះឆ្នោត ក៏ជាបញ្ហាស្នូលនៃកិច្ចព្រមព្រៀង របស់គណបក្សទាំងពីរ ហើយគេអាចរកដំណោះស្រាយផ្សេងទៀត ទាំងការកែទម្រង់ និងបញ្ហានយោបាយ៕»