កឹម សុខា៖ គណបក្សប្រជាជនកម្ពុជា កំពុងបង្វែរស្ថានការណ៍
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា ថាកំពុងបង្វែរស្ថានការណ៍នយោបាយ ទៅជាស្ថានការណ៍ផ្សេង ដើម្បីពង្វៀងការចាប់អារម្មណ៍របស់មតិមហាជន ព្រោះគណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ជាមួយគណបក្សសង្រ្គោះជាតិ ដូចការអះអាងនោះទេ។
លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទការសែទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ នេះបានពន្យល់ពី ហេតុការណ៍កើតឡើងនៅខេត្តឧត្តរមានជ័យ ថាជាចេតនាគិតទុកជាមុនយ៉ាងព្រៃផ្សៃ និងឈានទៅផ្តាច់ផ្តិលអាយុជីវិតថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ក្រោមការបញ្ជារដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
អនុប្រធាគណបក្សប្រឆាំង ដែលពូកែវោហាស័ព្ទស្រាប់ បានបញ្ជាក់ថា៖ «រឿងនេះមិនមែននយោបាយធម្មតាទេ តែវាជារឿងធ្ងន់ធ្ងរ គេប៉ុនប៉ងរហូតដល់អាយុជីវិត។ យើងកំពុងចរចារ ដាក់នៅស្ពានក្បាលថ្នល់ និងផ្លូវវេងស្រេង។ (...) ពីរបីថ្ងៃមុន យើងផ្តើមប្តូរឯកសារដើម្បីបន្តចរចា។ (...) គណបក្សប្រជាជនមានឆន្ទៈចរចាពិតប្រាកដ ឬអត់? ចង់ដោះស្រាយបញ្ហា ឬអត់? អញ្ចឹងសូមមតិជាតិ និងអន្តរជាតិ ពិចារណាទៅថា ស្ថានភាពស្រុកខ្មែរធ្លាក់មកដល់ភាពធ្ងន់ធ្ងរ គ្រោះថ្នាក់ណាស់ គឺបក្សប្រជាជនអស់ក្បួន ហើយយកក្បួនខ្មែរក្រហមមកលេង។»
គណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ បានសម្រេចលុបចោល កម្មវិធីវេទិកាសាធារណៈរបស់ខ្លួន ដែលគ្រោងធ្វើនៅទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ការសម្រេចលុបចោលកម្មវិធីវេទិកាសាធារណៈ ត្រូវបានគណបក្សសង្រ្គោះជាតិ អះអាងថា ដោយសារមានការរំខាន និងការបំភិតបំភ័យពីក្រុមយោធាស្លៀកពាក់ស៊ីវិល ក្រោមការគ្រោងទុកពីគណបក្សប្រជាជនកម្ពុជា។
លោក ប៉ុល ហំ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលស្ថិតនៅក្នុងហេតុការណ៍ បានអត្ថាធិប្បាយនៅក្នុងសន្និសីទការសែតថ្ងៃទី៩ ខែមិថុនាដដែលថា ក្រុមអ្នករំខានដល់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ មិនមែនជាប្រជាពលរដ្ឋធម្មតាទេ ព្រោះពួកគេមានអាវុធ វិទ្យុទាក់ទង ជាភេទប្រុសទាំងអស់ មានរថយន្តជាច្រើនគ្រឿង និងបង្ហាញឥរិយាបថកាចសាហាវ។
តែសម្រាប់មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ បានអះអាងជាបន្តបន្ទាប់ថា កម្លាំងដែលបានដាក់ពង្រាយក្បែរវេទិការសាធារណៈរបស់គណបក្សង្រ្គោះជាតិ ជាកម្លាំងរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់គោលជំហរចរចា ជាមួយគណបក្សសង្រ្គោះជាតិ៕