លី ឡាយស្រេង ប្រាប់ ហ៊ុន សែន កុំ​គំរាម​ប្រើ​កងទ័ព​ដើម្បី​ការពារ​អំណាច

អតីតសមាជិករដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ីនប៉ិច លោក លី ឡាយស្រេង បានថ្លែងព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ថាកុំឲ្យបុរសខ្លាំងកម្ពុជា គំរាមប្រើកងទ័ព ដើម្បីការពារអំណាចរបស់ខ្លួន។ អ្នកនយោបាយជើងចាស់រូបនេះ បានពន្យល់ថា ការគំរាមប្រើកងទ័ពនោះ មិនអាចទៅរួចទេ ដោយហេតុថា កងទ័ពយ៉ាងហោច៧០ភាគរយ មិនចេញទៅធ្វើសង្គ្រាម ប្រឆាំងខ្មែរគ្នាឯងនោះឡើយ។
លី ឡាយស្រេង ប្រាប់ ហ៊ុន សែន កុំ​គំរាម​ប្រើ​កងទ័ព​ដើម្បី​ការពារ​អំណាច
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីច្រើនក្រសួង នៅក្នុងរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងនៅថ្ងៃនេះ ប្រាប់នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​របស់កម្ពុជា ថាកុំឲ្យលេងល្បែងគំរាម ក្នុងការប្រើប្រាស់យោធា ដើម្បីការពារអំណាចរបស់ខ្លួនតទៅទៀត ប្រសិនណា​ជាលោកចាញឆ្នោត។ លោក លី ឡាយស្រេង បាននិយាយថា ការលេងល្បែងនេះ មិនអាចទៅរួចទេ ដោយហេតុថា កងទ័ពចំនួន៧០ភាគរយ នឹងមិនចេញទៅច្បាំង ប្រឆាំងខ្មែរគ្នាឯងទៀតឡើយ។

អ្នកនយោបាយជើងចាស់រូបនេះ បានថ្លែងដូចនេះ នៅចំពោះអ្នកសារព័ត៌មានច្រើននាក់ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពិធីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលរៀបចំឡើង នៅទីស្នាក់ការកណ្ដាល នៃគណបក្សសង្គ្រោះជាតិ។

លោក លី ឡាយស្រេង បានពន្យល់ថា៖ «ខ្ញុំផ្តាំហើយណា តិចលោគំរាមកំហែង ប្រើចុងកាណុងបរាជ័យហើយ ហ៊ានប្រើ[កងទ័ព] អាងអញមានទាហាន អត់ទេ! ទាហាន៧០% អត់គាំទ្រទេណា។ កាលពីសាន្ដត្រាន បញ្ជូនកូនទៅបរទេស ទិញផ្ទះនៅបរទេស ផ្ទះ ឡាន នៅភ្នំពេញរាប់មិនអស់។ [ខណៈឯ] ប្រពន្ធទាហានគ្នាបង់ចេកចៀន ឲ្យកូនទៅរៀន។ ទាហានមួយចំនួនរត់ម៉ូតូឌុប។ ​តិចដល់តែចាញ់ហើយ ហៅវាមកច្បាំងបង្ហូរឈាមខ្មែរ តិចវាមិនទៅ។ ៧០%អត់ទៅ ដូច្នេះទូងៗ កុំលេង[អាពេល]បរាជ័យ[ហ្នឹង]។»។

សង្គ្រាមវោហាស័ព្ទ ពីលទ្ធភាពនៃការផ្ទុះសង្គ្រាមឡើងវិញ ត្រូវបានលោក ហ៊ុន សែន និងមន្ត្រីមេដឹកនាំយោធា ស្និតនឹងនាយករដ្ឋមន្ត្រីជាច្រើននាក់ លើកឡើងជារឿយៗ តាំងពីនៅមុខការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ រហូតដល់ពេលបោះឆ្នោតហើយ។ ក្រុមមន្ត្រីជាន់ខ្ពស់ទាំងនេះ បានលើកឡើងថា លទ្ធភាពក្នុងការ​ផ្ទុះសង្គ្រាមនោះ ធ្វើឡើងដើម្បីបង្ក្រាបបដិវត្តន៍ពណ៌ ដែលមានបំណង ចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ និងដើម្បីអ្វីមួយ ដែលលោក ហ៊ុន សែន ខ្លួនលោកអះអាងថា ធ្វើសង្គ្រាមកំចាត់១០០ ទៅ២០០នាក់ចោល ដើម្បីរក្សាសន្តិភាពនៅកម្ពុជា។

មន្ត្រីគណបក្សប្រឆាំង បានប្រមើលឃើញថា ការគំរាមកំហែងពីការផ្ទុះសង្គ្រាមនេះ ដោយសារលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដឹងខ្លួនជាមុនថា ក្រុមខ្លួននឹងចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសកល ឆ្នាំ២០១៨ នាពេលខាងមុខ ហើយយកលេសដែលមិនសមហេតុផលមួយចំនួន មានដូចជា «បដិវត្តន៍ពណ៌»ជាដើមនេះ ដើម្បីធ្វើការផ្ទុះអាវុធ និងឈានទៅដណ្ដើម ឬបន្តកាន់អំណាចទៅមុខទៀត។

ប៉ុន្តែការលើកឡើងខាងលើ របស់លោក លី ឡាយស្រេង ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោល ដោយហៅសំដីរបស់អតីតឧបនាយករដ្ឋមន្ត្រី ថាកំពុង«វង្វេង»។ អ្នកនាំពាក្យបានថ្លែងឡើងថា កងទ័ពត្រូវមានតួនាទីការពារសន្តិភាព និងត្រូវបង្ក្រាបចលនាណាក៏ដោយ ដែលប៉ះពាល់ដល់សន្តិភាព។

យ៉ាងណា លោក លី ឡាយស្រេង បានអំពាវនាវឲ្យគណបក្សធំទាំងពីរ ដែលមានកៅអី​នៅក្នុងរដ្ឋសភា ឲ្យសហការគ្នា ដើម្បីបង្កើតច្បាប់មួយ ការពារនាយករដ្ឋមន្ត្រី ដែលធ្លាក់ពីអំណាច។ អ្នកនយោបាយជើងចាស់ បានមានប្រសាសន៍ កាលពីព្រឹកម៉ិញដដែលថា៖ «ស្នើសុំឲ្យគណបក្សទាំងពីរធ្វើច្បាប់មួយនៅក្នុងសភា បង្កើតថា នាយករដ្ឋមន្រ្តីផុតអាណត្តិ មានអភ័យឯកសិទ្ធិ អត់មានកាត់ទោសទេ រួចហើយឲ្យទៅជាវីរបុរសជាតិ»។

សំណើរបង្កើតច្បាប់នេះ ក៏ត្រូវបានលោក សុខ ឥសាន ច្រានចោលដូចគ្នា ដោយចាត់ទុកការបង្កើតច្បាប់របៀបនេះ វាហាក់ដូចបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុង«មានខ្លួន» និងកំពុងចាញ់។ លោកថា៖ «យើងគ្មានព្រួយបារម្ភ ពីបញ្ហាអ្នកណាកាត់ទោសអ្នកណាទេ អត់មានបញ្ហាអញ្ចឹងទេ! បើកាលណាយើងបង្កើតរឿងហ្នឹង វាហាក់ដូចជាយើងមានខ្លួន!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...