កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានប្រកាសទៅ​កាន់​អ្នក​គាំទ្រ​ថា ខណៈនេះ លោកមិនបាន​រាថយ​ឡើយ បើទោះជា​លោក​ត្រូវ​ស្លាប់​ក៏ដោយ។ លោកថា លោកកំពុង​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តាម​គ្រប់​រូប​ភាព ពី​សំណាក់​ស្ថាប័ន​ជាតិ ជាពិសេសតុលាការ នៅក្នុងគោលបំណង ដើម្បី «បញ្ចប់​ជីវិត​នយោបាយ» របស់​លោក។
កឹម សុខា ថ្លែង​ពី​ការ​ប្រើ​ស្ថាប័ន​ជាតិ ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក
លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 09, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃទី៩ ខែកញ្ញានេះ ពីការប្ដេជ្ញាចិត្ត​របស់​លោក ក្នុងការតស៊ូដោយសន្តិវិធី តទៅមុខទៀត ដើម្បីលិទ្ធិប្រជាធិបតេយ្យ និងប្រកាសថា លោក​សុខ​ចិត្ត​ស្លាប់​ខ្លួន ដើម្បីឲ្យជាតិខ្មែររស់។ លោកបានប្រកាសទៀតថា ការតស៊ូនេះ នឹងនៅតែបន្តធ្វើ បើទោះជាលោក កំពុង​រង​នូវការធ្វើទុក្ខបុកម្នេញ តាមគ្រប់រូបភាព ពីសំណាក់បណ្ដាស្ថាប័នជាតិ ដែលត្រូវបានប្រើប្រាស់ ក្នុង​គោល​បំណង​បញ្ចប់​«ជីវិតនយោបាយ» របស់លោកនោះក៏ដោយ។

នៅចំពោះអ្នកគាំទ្រ ​ច្រើនរយនាក់ នៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែលជាកន្លែង​លាក់ខ្លួន​របស់លោក តាំងពីជិត៤ខែមកហើយនោះ លោក កឹម សុខា បានបន្តអះអាងទៀតថា លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​សុខ​ តាម​រយៈ​ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​អនុវត្ត​គោលការណ៍ ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា។

អនុប្រធានគណបក្សប្រឆាំង បានថ្លែងទៀតថា៖ «ការលះបង់របស់ខ្ញុំ ប្រឈមគ្រោះថ្នាក់ជាច្រើន ដូចជាការ​គំរាមកំ​ហែង បំភិតបំភ័យ មូលបង្កាច់ ចាប់ដាក់គុក ប៉ុនប៉ងសម្លាប់ ផ្តាច់អាយុជីវិតខ្ញុំ ជាច្រើនដងមកហើយ។ ប៉ុន្តែខ្ញុំនៅតែតស៊ូ រក្សាគោលជំហរដដែល ដោយខ្ញុំយល់ឃើញថា ខ្ញុំអាចគ្រោះថ្នាក់ តែមិនចង់ឃើញជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រោះថ្នាក់ឡើយ។»។

ការថ្លែងរបស់លោក កឹម សុខា បានធ្វើឡើងស្របពេលនឹងសវនាការ នាសាលាដំបូងរាជធានីភ្នំពេញ ដែល​បាន​បើកធ្វើប្រឆាំងនឹងរូបលោក នៅក្នុងសំនុំរឿង«បដិសេធមិនចូលខ្លួន» តាមការកោះហៅ របស់ចៅក្រម​ស៊ើប​សួរ។ សវនាការនោះ បានធ្វើរហូតដល់ចប់ចុងចប់ដើម ដោយពុំមានវត្តមានរបស់លោក កឹម សុខា និង​មេធាវី​ទាំងបួនរូប​របស់លោក​នោះទេ។ រឿងរ៉ាវដែលឈានទៅដល់ ការបដិសេធមិនចូលខ្លួននោះ បាន​ផ្តើម​ចេញ ពី​រឿងអាស្រូវ ចោទប្រកាន់ស្នេហាលួចលាក់មួយ ជាមួយអតីតនារីកាត់សក់ម្នាក់ គឺ នាង ខុម ចាន់​តារ៉ាទី ហៅ​ស្រីមុំ។

មន្ត្រីរដ្ឋាភិបាលច្រើននាក់ រួមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង តែងបាននិយាយថា ចំណាត់ការ​របស់​តុលាការ ទៅលើអនុប្រធានគណបក្សប្រឆាំង ជារឿងរ៉ាវរបស់តុលាការ ដែលមានឆន្ទានុសិទ្ធិ និងឯករាជ្យ​ភាព​របស់​ខ្លួន មិនមានជាប់ពាក់ព័ន្ធ ជាមួយនយោបាយនោះទេ។

ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នេះ មិនបានយល់ដូច្នេះទេ។ របាយការណ៍​មួយ ដែលទើប​នឹង​ចេញផ្សាយ ដោយ​អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស ​អន្តរជាតិ ហៅជាភាសាអង់គ្លេស ថា«Human Rights Watch» ស្ដីពី​រយៈពេល ៣០​ឆ្នាំ​ ក្នុង​ពេល​កាន់​តំណែង​របស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់នូវមធ្យោបាយជាច្រើន ដើម្បីរក្សាតំណែងរបស់លោក បានយ៉ាងយូរជាងគេនៅអាស៊ី (និង​ជាប់​លេខ​៦ ក្នុង​ពិភពលោក ក្នុងការកាន់អំណាចយូរជាងគេ)។ មធ្យោបាយទាំងនោះ រាប់បញ្ចូលទាំងការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់អាវុធ ការកេងបន្លំការបោះឆ្នោត ការប្រព្រឹត្តិអំពើពុករលួយ។ល។ រួម​ទាំង​ការ​វាយ​បំបាក់​គូប្រកួត ឲ្យចុះទន់ខ្សោយផង៕

---------

» ការថ្លែងរបស់លោក កឹម សុខា ទាំងស្រុង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...