ចៅសង្កាត់អូរចារអញ្ជើញ ឈាង វុន ចូលធ្វើ«ទស្សនកិច្ច»ក្នុងសង្កាត់
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 21, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជារូបភាពដ៏ល្អ ហើយក៏ជារូបភាព ដ៏កម្រមួយដែរ រាប់ចាប់តាំងពីកម្ពុជា បានក្លាយជាព្រះរាជណាចក្រទីពីរ ដែលប្រកាន់យក នូវរបបប្រជាធិបតេយ្យពហុបក្ស ! កញ្ញា ស៊ីន រ៉ូហ្សែត ចៅសង្កាត់មកពីគណបក្សប្រឆាំង ដែលទើបជាប់ឆ្នោត និងចូលកាន់តំណែងថ្មីថ្មោង បានអញ្ជើញលោក ឈាង វុន អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សកាន់អំណាច ឲ្យចូលធ្វើ«ទស្សនកិច្ច» និងធ្វើ«ការសំណេះសំណាល» នៅក្នុងសង្កាត់ ដែលជាទីដែនអំណាច របស់ខ្លួន។
តាមពិតទៅ រវាងកញ្ញា ស៊ីន រ៉ូហ្សែត និងលោក ឈាង វុន ពិតជាមានប្រវត្តិ«ដ៏សែនល្អូកល្អើន» រាប់ចាប់តាំងពីលោក ឈាង វុន បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយ កាលពីប៉ុន្មានសប្ដាហ៍មុន រិះគន់ការទិញដីចាក់ធ្វើផ្លូវ នៅក្នុងទឹកដីសង្កាត់របស់កញ្ញា។ នៅពេលនោះ ចៅសង្កាត់រូបស្រស់ បានឆ្លើយតបទៅលោក ឈាង វុន វិញ យ៉ាងសុភាពរម្យទមជាទីបំផុត ដោយឃ្លាថា នាងគ្រាន់តែជាចៅសង្កាត់ ដែលចង់អភិវឌ្ឍក្នុងសង្កាត់នាង ទៅតាមលទ្ធភាពដែលនាងមានប៉ុណ្ណោះ។
តែនៅថ្ងៃទី២១ ខែកក្កដានេះ ចៅសង្កាត់ក្រមុំ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក ឈាង វុន ឲ្យចូលក្នុងសាលាសង្កាត់អូរចារ បន្ទាប់ពីអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានចូលរួមរៀបចំកម្មវីធីប្រគេនទានវស្សា នៅសាលាឧបោសថ ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីរសៀល ថ្ងៃដដែល។
ក្នុងឱកាសនោះ ចៅសង្កាត់ ស៊ីន រ៉ូហ្សែត បានលើកឡើងពីបញ្ហាមួយចំនួន នៅក្នុងសង្កាត់របស់នាង ជាពិសេសបញ្ហា នៅក្នុងបញ្ជីសារពើភណ្ឌ នៃទ្រព្យសម្បត្តិសាធារណៈ ដែលកញ្ញា ក្នុងនាមជាចៅសង្កាត់ បានទទួលយកមកគ្រប់គ្រង។ សូមទស្សនាវីដេអូ ដែលចៅសង្កាត់ខ្លួនឯងបានបង្ហោះផ្សាយផ្ទាល់ នៅលើគណនេយ្យហ្វេសប៊ុករបស់នាង ដូចខាងក្រោម។