វេជ្ជបណ្ឌិតឆ្លងមេរោគ អេបូឡា បានមកដល់អាមេរិកហើយ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៤
- កែប្រែចុងក្រោយ: August 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វេជ្ជបណ្ឌិតអាមេរិកាំងមួយរូប ក្នុងចំណោមពីររូប ដែលបានទទួលផ្ទុកមេរោគអេបូឡា (Ebola) នៅពេលវេជ្ជបណ្ឌិតរូបនោះ ពិនិត្យព្យាបាលអ្នកជម្ងឺនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានដឹកមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីទទួលការព្យាបាល។ នេះបើតាមការអះអាង របស់អង្គការស្ម័គ្រចិត្ត ដែលវេជ្ជបណ្ឌិតរូបនោះ បានធ្វើការជាមួយ។
អ្នកជំងឹ អេបូឡា មួយរូបកំពុងទទួលការព្យាបាល។ (រូបថត ឯកសារ)
មេរោគ - យន្ដហោះឯកជនដែលបំពាក់ដោយសម្ភារៈពិសេស ដើម្បីដាក់វេជ្ជបណ្ឌិត ខេន ប្រេនលី (Kent Brantly) ដាច់ដោយឡែកនោះ បានមកដល់ព្រលានយន្ដហោះ នៃបន្ទាយយោធា ដូបាំង (Dobbins) ក្នុងរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ទី០២ ខែសីហាម្សិលម៉ិញនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការ Samaritan's Purse ជាសាសនាគ្រឹស្ទ៍មួយ មានទីតាំងនៅក្នុងក្រុងការ៉ូលីនខាងជើង ដែលមានបេសកកម្មស្ម័គ្រចិត្ត ទៅជួយសង្គ្រោះអ្នកជំងឺ អេបូឡា ក្នុងប្រទេស នីហ្សេរីយ៉ា។
សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ទៀតថា វេជ្ជបណ្ឌិតដែលផ្ទុកមេរោគ អេបូឡា ត្រូវបានបញ្ជូនទៅដាក់ក្នុងមន្ទីរពេទ្យអេម៉ូរ៉ា (Emory) ហើយក្រុមការងារពិសេសមួយត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់ការត្រួតពិនិត្យ និងការពាររោគឆ្លង (CDC) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឹធ្ងន់ធ្ងរមួយចំនួន ដូចយ៉ាងជំងឺអេបូឡានេះជាដើម។
អង្គការស្ម័គ្រចិត្តដដែល បាននិយាយឲ្យដឹងដែរថា ជនជាតិអាមេរិកាំងម្នាក់ទៀត អ្នកស្រី ណាន់ស៊ី រ៉ៃប៊ល (Nancy Writebol) ក៏បានរងគ្រោះនឹងមេរោគ អេបូឡា ក្នុងប្រទេសលីប៊េរីយ៉ា ដែរ។ អ្នកស្រី ណាន់ស៊ី នឹងត្រូវដឹកមកដល់រដ្ឋ អាត្លង់តា នៅប៉ុន្មានថ្ងៃខាងមុខ។
ប្រធានអង្គការស្ម័គ្រចិត្ត នៃសាសនាគ្រឹស្ទ៍ (Samaritan's Purse) លោក ហ្វ្រង់ក្លីន ហ្គ្រាហាម (Franklin Graham) បាននិយាយថា៖ «ពួកគេនៅមានជីវិតធម្មតា ហើយកំពុងទទួលបាន ការព្យាបាលយ៉ាងល្អពិសេសជាងគេ នៅក្នុងពិភពលោក»។
មេរោគ អេបូឡា អាចសម្លាប់អ្នកជំងឺដែលឆ្លងមេរោគនេះ រហូតដល់ទៅ៩០% ហើយកម្រិតមរណភាព នៃអ្នកជំងឺ បានកើតមានប្រមាណជា៦០%។ អង្គការសុខភាពពិភពលោក បានអះអាងថា នៅក្នុងឆ្នាំនេះ មេរោគដ៏រង្គាល ដែលមានកំណើតតាំងពី៤០ឆ្នាំមកនោះ បានសម្លាប់មនុស្សប្រមាណជា ៧២៩នាក់ និងមានមនុស្សឆ្លងជំងឺនេះ មានច្រើនជាង១៣០០នាក់ហើយ៕