ប្រាំ​ចំណុច​ដែល​ត្រូវ​ដឹង សម្រាប់​អ្នក​គេង​មមើ

លោកអ្នក តែងតែនិយាយ ស្រែក ឬច្រៀង ក្នុងពេលដែលលោកអ្នកកំពុងលង់លក់ឬ? ដំណឹងល្អមួយ បាន​ធ្លាក់​មក​ហើយ។ ក្រុមអ្នកស្រាវជ្រាវបារាំងមួយ បានសិក្សាវិភាគ នៅលើអ្នកមានបញ្ហានេះ ចំនួន២៣២នាក់ ហើយបានរកឃើញ ពីអាថ៌កំបាំង​មួយ​ចំនួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី១៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 14, 2014
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រីសាស្ត្រាចារ្យ ហ្សីនើវ្រា អ៊ូហ្គូស៊ីនី (Ginevra Uguccioni) មក​ពី​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ សាប៉េទ្រីយ៉ែ (Salpêtrière ជា​មន្ទីរពេទ្យ​ដ៏​ធំ និង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ផង) នៃ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង បាន​ធ្វើ​បទ​បង្ហាញ​ពី​សេចក្ដី​សន្និដ្ឋាន​មួយ​ចំនួន ដែល​ទាក់​ទង​ទៅ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ លើ​បញ្ហា​«ដំណេក» កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ក្នុង​ទីក្រុង លីល៍ (Lille ភាគ​ខាង​ជើង​ប្រទេស​បារាំង)។ អ្នកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នេះ បាន​ផ្ដល់​កិច្ច​សម្ភាស​​មួយ​ទៅ​ឲ្យ​សារព័ត៌មាន​ចម្រុះ​ភាសា ហៅ​ថា HuffPost ជុំ​វិញ​ករណី​នេះ ហើយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូម​ដក​ស្រង់​ដោយ​ត្រួសៗ មក​ជម្រាប​ជូន​ប្រិយមិត្ត​ដូច​ខាង​ក្រោម។

ជាករណី​ពិសេស​មួយ ដែល​កើត​ឡើង​ជា​ទូទៅ

ការសិក្សាបានរកឃើញថា ៧១%ជាបុរស និង៧៥%ជាស្ត្រី បានមមើមមាយយ៉ាងហោចក៏ម្ដងដែរ នៅក្នុង​ជីវិត។ អ្នកស្រីសាស្ត្រាចារ្យបាននិយាយថា៖ «មានតែមនុស្ស១,៥%ប៉ុណ្ណោះ ដែលបានមមើមមាយសឹងតែ​ជា​រៀង​រាល់​ថ្ងៃ»។ ក្នុងនោះភាគច្រើន អ្នកគេងមមើមមាយ បានងើបឡើងដើរ ឬធ្វើអ្វីមួយដែលខ្លួនគេមាន​អារម្មណ៍ ជាប់​ដិត​ដាមពីពេលថ្ងៃ តែបានធ្វើវាឡើងវិញ ទាំងមិនបានដឹងខ្លួននៅពេលគេង។ ជាពិសេសជាងនេះ អ្នក​ទាំង​នោះ មិន​ដែលទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្លួន ទាក់ទងនឹងការគេងមមើឡើយ។

មមើ«ជេរ» ឬចោទ«ជាសំនួរ»

មានតែ៣៦%នៃអ្នកគេងមមើប៉ុណ្ណោះ ដែលនិយាយភាសារបស់គេ មានន័យអាចស្ដាប់បាន។ តែ៧៤%ទៀត សុទ្ធ​តែជាភាពយំសោក សើចសប្បាយ ស្រែកគំហក ឬបញ្ចេញសម្លេងញាក់រសើបនឹងអ្វីមួយ។ បើទោះជា​អ្នកគេងមមើនិយាយតិចៗក៏ដោយ តែពាក្យដែលនិយាយចេញមកទាំងនោះ មិនគួរឲ្យចង់ស្ដាប់ទេ។ អ្នកស្រី​សាស្ត្រាចារ្យបានពន្យល់ថា៖ «ពាក្យទាំងនោះជាទូទៅ សុទ្ធសឹងជាពាក្យអាក្រក់អាក្រី គ្រោកគ្រាត ដូចជា​"ហ្អែងធ្វើអី? ហ្អែងធ្វើអី?" ជាមួយនឹងការលើកដាក់សម្លេង តាមបែបចោទជាសំនួន និងមានភាពអវិជ្ជមាន»។ បញ្ហាដែលអ្នកគេងមមើ តែយកមកនិយាយ បានផ្សាភ្ជាប់មួយភាគធំ ទៅនឹងការជជែកវែកញែកនៅពេលថ្ងៃ ដូច​ជាការប្រជុំដ៏តឹងតែង នៅកន្លែងធ្វើការជាដើម។

មិនមានន័យថាគេងមិនស្កប់នោះទេ!

ជាការយល់ខុស ដែលគេតែគិតថា អ្នកគេងមមើទទួលទានដំណេកមិនស្កប់។ និយាយនៅពេលយប់ មិនមានអ្វី​ទាក់​ទងនឹងដំណេកទេ។ សាស្ត្រាចារ្យស្រាវជ្រាវបានអះអាងថា៖ «អ្នកគេងមមើ អាចនិយាយ ឬអាចងើប​រែក​ទឹក​ដាក់ពាង ពេញមួយយប់។ តែនៅពេលភ្ញាក់ឡើងនៅពេលព្រឹក មនុស្សនោះនៅតែមានអារម្មណ៍ថា​ខ្លួន​បាន​គេងឆ្អែតស្កប់ស្កល់។ គេអាចនិយាយទៀតថា និយាយនៅពេលគេង ព្រោះតែមនុស្សនោះគេងលក់ស្រួល​ខ្លាំង​ពេកនោះទៀតផង។»

នេះមិនមែនជាជំងឺមមើទេ

បើអ្នកនិយាយនៅពេលគេង មិនមានន័យថាអ្នកឈឺ ហើយក៏មិនមែនថាអ្នកបានក្លាយជាជនរវើរវាយនោះដែរ។ ការមមើនៅពេលដំណេក មិនមានអ្វីទាក់ទងនឹងសុខភាពរបស់អ្នកឡើយ។ អ្នកស្រី ហ្សីនើវ្រា អ៊ូហ្គូស៊ីនី បាន​និយាយថា៖ «អ្នកមមើត្រូវបានចាត់ទុកដូចជាករណីពិសេសមួយ ពីជីវិតធម្មតា តែមិនមែនចម្លែកទេ។ អ្នកមមើ​ដែលគ្រាន់តែនិយាយ ធ្វើចលនា និងមិនភ្ញាក់ដឹងខ្លួននោះ នឹងមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពអ្វី សូម្បីបន្តិច។»

ការមមើអាចបាត់ទៅវិញ តាមធម្មជាតិ

កុមារនិយាយច្រើន​ នៅពេលយប់ច្រើនជាមនុស្សធំ។ ប៉ុន្តែនៅពេលកុមារនោះ ធំធាត់ ការមមើក៏បានបាត់​បន្តិច​ម្ដងៗដែរ។ អ្នកស្រីបាននិយាយទៀតថា៖ «រឿងមួយដែលមិនល្អ គឺអ្នកគេងមមើ អាចនឹងធ្វើឲ្យអ្នកជិតខាង​គេង​ជាមួយភ្ញាក់ និងស្ដាប់លឺនូរពាក្យសម្ដីគ្រោតគ្រាត មិនគួរនឹងស្ដាប់ឮ។ ហើយបើទោះជាការមមើ មិនមាន​ប៉ះ​ពាល់អ្វីទៅលើសុខភាព តែអ្នកគេងមមើគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ជាពិសេសនៅពេលខ្លួនមានអារម្មណ៍ ថាមានបញ្ហានៅពេលទទួលទានដំណេក។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...