«ផ្តល់​ឈាម​ ជួយ​​ជីវិត​មនុស្ស និងជួយខ្លួនឯង»

សម្រាប់អ្នកដែលស្ម័គ្រចិត្ត ផ្តល់ឈាមទាំងអស់ សុទ្ធតែបានគិតថា ពួកគេបានជួយសង្គ្រោះជីវិតមនុស្ស ដែលជួបគ្រោះថ្នាក់ ហើយខ្វះឈាម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១០មិនា២០១៥
  • កែប្រែចុងក្រោយ: March 10, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតជាច្រើន នៅសាកលវិទ្យាល័យបញ្ញាជាតិ បានចូលរួមបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត នៅក្នុងសាលារបស់ខ្លួន នៅ​ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥នេះ។ អ្នកទាំងនោះ សុទ្ធតែមានចិត្តចង់ជួយសង្គ្រោះ ជីវិតមនុស្សទាំងអស់ ជាពិសេស​ពួកគេ​បានគិតថា ការធ្វើអំពើល្អទាំងនេះ ពួកគេនឹងទទួលបាន នូវរបស់ទាំងអស់នោះវិញ នៅពេលដែលគេជួបរឿងបន្ទាន់ នៃ​ខ្លួន​ឯងផ្ទាល់ ឬក្រុមគ្រួសារខ្លួនឯង នៅថ្ងៃណាមួយ ជាយថាហេតុ។ ការចូលរួមស្ម័គ្រចិត្តនេះ មានទាំងព្រះសង្ឃ សិស្ស និស្សិត និង​លោក​គ្រូ​អ្នកគ្រូ នៅក្នុងសាលានេះផង។

ព្រះសង្ឃ ទុយ សុធា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជាលើកទី៤ហើយ ដែលព្រះតេជគុណ ធ្វើការបរិច្ចាគ​ឈាម ឲ្យទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាម ជាចាំបាច់​នៅពេល​មាន​ជំងឺ។ ព្រះអង្គបានបន្ថែមថា កាលពីដំបូងឡើយ ព្រះតេជគុណ មិនដែលគិតពីបញ្ហាទាំងនេះទេ។ តែនៅថ្ងៃមួយពេលដែល ញ៉ោមស្រីព្រះអង្គ ទទួលការវះកាត់នៅមន្ទីពេទ្យ ដោយសារជំងឺ ពេលនោះហើយ ជាពេលដែលម្តាយព្រះតេជគុណ ត្រូវ​ការ​ឈាមបំផុត ដើម្បីស្រោចស្រង់ជីវិត។ តែគួរឲ្យសោកស្តាយ ដែលមិនអាចរកឈាមបាន ក្នុងរយៈពេលឆាប់ៗ ព្រោះ​ខ្លួនមិនដែលបានបរិច្ចាគឈាម ហើយគ្មានប័ណបរិច្ចាគ។ ទ្រង់បន្តថា បើមិនមានការផ្តល់ឈាមទេ អ្នកជំងឺដែល​ត្រូវ​ការ​ឈាមទាំងនេះ ច្បាស់ជាពិបាកស្រោចស្រង់ជីវិតណាស់។

កញ្ញា នាង វាសនា ជានិស្សិតម្នាក់ នៅក្នុងសាកលវិទ្យាល័យខាងលើដែរ បានចូលរួម ក្នុងកម្មវិធីអ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​នេះ បានឲ្យដឹងស្រដៀងគ្នា ទៅនឹងព្រះតេជគុណខាងលើថា កញ្ញាចង់ជួយសង្គ្រោះជីវិតមនុស្ស ព្រោះម្នាក់ៗមិនអាច​មើល​ឃើញថា នៅខាងមុខ មានគ្រោះថ្នាក់នោះទេ។ និស្សិត នាង វាសនា បានបន្តថា ជាក្តីសង្ឈឹមមួយសម្រាប់នាង ព្រោះ​អ្នកគ្រូពេទ្យជំនាញបានប្រាប់ថា ប័ណបរិច្ចាគឈាមទាំងអស់ សុទ្ធតែមានប្រយោជន៍ នៅថ្ងៃមុខពេលដែលខ្លួនយើង ឬ​ក្រុម​គ្រួសារបស់យើង មានគ្រោះថ្នាក់ត្រូវការឈាម អាចប្រើប្រាស់វាបាន នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

កញ្ញាបានបន្ថែមថា ជាយូរមកហើយ ដែលមានបំណងបរិច្ចាគឈាមនេះ តែទំងន់មិនគ្រប់ដែលអាចធ្វើការបរិច្ចាគបាន។ នាងបន្តថា វាជាលើកទីមួយហើយសម្រាប់កញ្ញា ដែលបានចូលរួម ហើយកញ្ញាសប្បាយរីករាយណាស់ ក្នុងទង្វើ​ដើម្បី​សង្គម​នេះ។ ជាពិសេស បានចូលរួមកាត់បន្ថយអ្នកស្លាប់ ដោយសារបាត់បង់ឈាម ពីគ្រោះថ្នាក់ចររាចរណ៍ ដ៏សម្បួរ​បែប​ប្រចាំថ្ងៃ។

ទស្សនាវដ្តី បានព្យាយាមសាកសួរព័ត៍មានលំអិត ពីអ្នកគ្រូពេទ្យនៅក្នុងសកម្មភាពនេះដែរ ពីបញ្ហាមួយចំនួន ដែលពាក់​ព័ន្ធជាមួយនឹងការផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស តែអ្នកគ្រូពេទ្យបានបដិសេធន៍ថា អ្នកគ្រូមិនអាចបំភ្លឺបានទេ ព្រោះខុសជំនាញ ដោយឲ្យទស្សនាវដ្តី ធ្វើការទាក់ទងទៅភ្នាក់ងារសាធារណៈ ពីបញ្ហានេះ។

មន្រ្តីទំនាក់ទំនងសារធារណៈ អ្នកស្រី អ៊ូ បាណុង បានឲ្យទស្សនាវដ្តីដឹងថា វាជាការពិតណាស់ ដែលអ្នកស្ម័គ្រ​ចិត្តផ្តល់​ឈាមទាំងអស់ អាចជួយជីវិតមនុស្សបាន។ មិនតែប៉ុណ្ណោះ ពួកគេក៏អាចជួយខ្លួនឯង និងមនុស្សជាទីស្រឡាញ់បានដែរ នៅពេលដែលអ្នកទាំងនោះត្រូវការឈាមវិញ។ ព្រោះថាមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប័ណបរិច្ចាគជាសំគាល់។ តែ​អ្នកស្រី​បញ្ជាក់ថា ប័ណនេះអាចប្រើបាន តែនៅមន្ទីរពេទ្យរដ្ឋ ដែលធ្វើការសហការទទួលឈាម ពីមជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ប៉ុណ្ណោះ ហើយមិនអាចយកប័ណ្ណនេះ ទៅប្រើប្រាស់ នៅតាមគ្លីនិកឯកជនបានទេ។ ហើយឈាមដែល​បរិច្ចាគ​ទាំង​នោះ បានយកទៅប្រើប្រាស់ តាមបណ្តាមន្ទីរពេទ្យនានា ដែលត្រូវការឈាមជាប្រចាំ។

អ្នកស្រីបានឲ្យដឹងថា ក្នុងចំណោមឈាមបួន ប្រភេទមាន A B O AB គឺមានឈាមពីរប្រភេទ ដែលមជ្ឈមណ្ឌលជាតិ​កំពុង​តែអស់ពីស្តុកគឺ A និង O ព្រោះអ្នកជំងឺជាច្រើន មានឈាមប្រភេទនេះ ហើយត្រូវការចាំបាច់បំផុត។ អ្នកស្រីបានឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការជំរុញ និងលើកទឹកចិត្ត ឲ្យយុវជនចូលរួមបរិច្ចាគ​ឈាម ឲ្យបានច្រើន តាមដែលគេអាចធ្វើបាន ដើម្បីជួយសង្គ្រោះជីវិតមនុស្ស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...