ទារកទើបកើតបាន២ថ្ងៃ បង្ខំឲ្យដើរដើម្បីព្យាបាលជំងឺ (vdo)
តាំងពីពេលកើតមក ទារកដ៏តូចមួយនេះ មានសភាពក្ដៅខ្លួន មិនស្រាកសោះ។ ក្ដីបារម្ភបានកើតឡើង ចំពោះឪពុកម្ដាយរបស់ទារក រហូតយកកូន ដែលទើបនឹងកើតរបស់ខ្លួន ទៅឲ្យគ្រូសិល្ប៍ក្នុងភូមិម្នាក់ ដើម្បីពិនិត្យព្យាបាល។ បន្ទាប់ពីធ្វើពិធីបញ្ជាន់អារក្សរួច ស្ត្រីជាគ្រូសិល្ប៍បាននិយាយប្រាប់ទៅម្ដាយទារក ឲ្យចាប់ក និងក្បាល កូនរបស់ខ្លួន ហើយបង្ខំឲ្យវាដើរ។ គ្រូអូមអាមនោះ បានអះអាងថា ធ្វើដូច្នេះ កម្ដៅក្នុងខ្លួន នឹងថយចុះ ហើយជំងឺគ្រុនរបស់ទារក នឹងបានជាសះស្បើយ។
នៅក្នុងឈុតឆាក នៃការចាប់បង្ខំទារកអាយុ២ថ្ងៃ ឲ្យដើរនោះ មានការចូលរួម ពីអ្នកភូមិប្រមាណជា ១០នាក់។ ម្នាក់ពីក្នុងចំណោមនោះ បានថតហេតុការណ៍នេះ រួចយកទៅរាយការណ៍ ប្រាប់នគរបាល។ ក្រុមអាជ្ញាធរបានចូល ធ្វើអន្តរាគមន៍ ឲ្យបញ្ឈប់ការបញ្ជាន់អារក្ស និងបានបញ្ជូនទារក ទៅកាន់មន្ទីរពេទ្យ។ នាយនគរបាលមួយរូប បានថ្លែងប្រាប់សារព័ត៌មាន ក្នុងតំបន់ថា៖ «ទារកមានជំងឺគ្រុន។ តែឥឡូវនេះ ទារកបានរួចផុតពីគ្រោះថ្នាក់ ហើយមានសុខភាពល្អណាស់។»
បើតាមទូរទស្សន៍ NDTV របស់ឥណ្ឌា បានឲ្យដឹងថា ស្ត្រីពីរនាក់ និងគ្រូធ្មប់ចេះធ្វើសិល្ប៍ម្នាក់ ត្រូវបានចាប់ខ្លួន ពីបទបោកបន្លំ និងបញ្ជាឲ្យធ្វើទារុណកម្ម លើទារក។ រីឯអាជ្ញាធរឥណ្ឌាវិញ ដែលត្រូវបានរាយការណ៍ ពីភាពល្ងិតល្ងង់របស់ពលរដ្ឋ នៅក្នុងតំបន់មួយចំនួននោះ កំពុងពន្លឿនការកែទម្រង់ ផ្នែកគាំពារសុខភាព ទៅឲ្យដល់តំបន់ដាច់ស្រយ៉ាល ទាំងនោះ។ តំណាងម្នាក់ ពីខាងរដ្ឋការឥណ្ឌា បានថ្លែងក្នុងទូរទស្សន៍ថា៖ «យើងក៏កំពុងធ្វើការ នៅក្នុងយុទ្ធនាការមួយ ដើម្បីបង្រៀនជូនដំណឹង ទៅដល់ពលរដ្ឋ ឲ្យដឹងពីអ្វីដែលត្រូវធ្វើ និងពីអ្វី ដែលត្រូវជ្រៀសវាង»៕
» វីដេអូ នៅក្នុងហេតុការណ៍ដដែលនេះ៖