អាពាហ៍ពិពាហ៍ភេទដូចគ្នា៖ បន្ទាប់ពីអៀឡង់ មានប្រទេសណាទៀត?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៤ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 25, 2015
- ប្រធានបទ: អាពាហ៍ពិពាហ៍ភេទតែមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អៀឡង់ ជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលយល់ព្រមឲ្យមានអាពាហ៍ពិពាហ៍ នៃមនុស្សស្រឡាញ់ភេទដូចគ្នា តាមរយៈការបោះឆ្នោតប្រជាមតិ។ ប្រជាពលរដ្ឋអៀឡង់ ចំនួន៦០% បានចូលរួមរួមក្នុងប្រជាមតិ ហើយអ្នកអ្នកទៅបោះឆ្នោត ប្រជាមតិប្រមាណជា ៦២,៣% បានឆ្លើយទទួលយល់ព្រម។ ប៉ុន្តែបើអៀឡង់ ជាប្រទេសទីមួយ ដែលបានរៀបចំប្រជាមតិ លើករណីនេះក៏ដោយ តែប្រទេសអៀឡង់ ទើបនឹងក្លាយជាប្រទេសទី១៤ នៅទ្វីបអ៊ឺរ៉ុប និងជាប្រទេសទី២០ នៅក្នុងពិភពលោកប៉ុណ្ណោះ ដែលបានសម្រេចឲ្យមាន នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា។
តើប្រទេសណាទៀត ដែលគ្រោងដើរតាមជំហាននេះដែរ?
► ប្រទេសអាមេរិក ខែមិថុនា ឆ្នាំ២០១៥
ការទាមទារឲ្យមានអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នា បានកើតមានជាយូរហើយ នៅសហរដ្ឋអាមេរិក ហើយអាចនឹងធ្វើការសម្រេចចិត្ត ក្នុងខែមិថុនាខាងមុខ។ ជាលើកទីពីរ ក្នុងរយៈពេល២ឆ្នាំ តុលាការកំពូលអាមេរិក ត្រូវបានប្រកាសសាលក្រម ពីភាពស្របច្បាប់ នៃសម្ព័ន្ធភាពរបស់មនុស្ មានភេទដូចគ្នា។ បើទោះជារដ្ឋចំនួន ពី ៣៤ ទៅ៣៦ បានអនុញ្ញាត ឲ្យមនុស្សស្រឡាញ់ភេទដូចគ្នា បានរៀបការនឹងគ្នាក៏ដោយ តែស្ថានភាពអេតាស៊ីវិល របស់គូស្នេហ៍ទាំងនោះ នៅមានភាពស្រពិចស្រពិល នៅឡើយ ជាពិសេស នៅក្នុងរដ្ឋ កេនសាស (Kansa) និងរដ្ឋ អាឡាប៉ាម៉ា (Alabama)។
► បណ្ដាប្រទេស នៅទ្វីបអាមេរិកខាងត្បូង រីកចម្រើនទៅមុខខ្លាំង
រដ្ឋចំនួនបី នៃប្រទេសម៉ិចសិក បានបើកទូលាយ ដើម្បីឲ្យក្រុមអ្នកស្រឡាញ់ភេទតែមួយ អាចរៀបការជាមួយគ្នាបាន ប៉ុន្តែនៅមិនទាន់មានការអនុញ្ញាត ដោយផ្លូវច្បាប់ សម្រាប់សម្ព័ន្ធភាពបែបនេះនៅឡើយ។ នៅប្រទេសឈីលី ច្បាប់បានទទួលស្គាល់ ឲ្យរស់នៅ មានលក្ខណៈជាគូកំណាន់ ប៉ុន្តែការចរចាកំពុងដំណើរការទៅមុខ ដើម្បីបង្កើតឲ្យបានជាច្បាប់មួយ ឈានឆ្ពោះទៅរកអាពាហ៍ពិពាហ៍ ប៉ុន្តែនៅមិនទាន់ទុកជាបានការ នៅក្នុងពេលភ្លាមៗនេះទេ។ ចំណែកឯប្រទេសអាហ្សង់ទីន (ឆ្នាំ២០១០) អ៊ុយរ៉ាហ្គាយ (ឆ្នាំ២០១៣) និងប្រទេសប្រេស៊ីល (ឆ្នាំ២០១៣) វិញ សុទ្ធតែបានអនុម័តរួចហើយ នូវអាពាហ៍ពិពាហ៍ទាំងនេះ ដែលពួកគេហៅថា ជា«អាពាហ៍ពិពាហ៍ស្មើភាព»។
► នៅអ៊ឺរ៉ុប៖ ប្រទេសស្វីសកំពុងពិចារណា ខណៈអាល្លឺម៉ង់នៅតែបដិសេធ
ប្រទេសស្វីស អាចដើរតាមជំហាន របស់ប្រទេសទាំង១៤ផ្សេងទៀត នៅអ៊ឺរ៉ុប ប៉ុន្តែមិនអាចនៅមុនខែមករា ឆ្នាំ២០១៦នេះឡើយ បើយោងទៅនឹង និតិវិធីប្រកាសពន្ធដារដ៏ស្មុគ្រស្មាញ និងជាស្ថាពរ សម្រាប់សម្ព័ន្ធភាព ដែលមានភេទខុសគ្នា។ រីឯប្រទេសអាល្លឺម៉ង់វិញ មេដឹកនាំអភិរក្សនិយម ដែលកំពុងនៅកាន់អំណាចសព្វថ្ងៃ មិនបានចាប់អារម្មណ៍ ទៅលើករណីនេះប៉ុន្មានទេ បើទោះជាពលរដ្ឋអាល្លឺម៉ង់មួយភាគធំ ដែលយល់ស្របសម្រាប់អាពាហ៍ពិពាហ៍ នៃភេទដូចគ្នាក៏ដោយ។
► ទ្វីបអាស៊ី ដូចជាមិនរង្គើអ្វីសោះ!
នៅក្នុងពេលនេះ បណ្ដាប្រទេសនៅអាស៊ី មិនបានខ្វល់ប៉ុន្មាន ពីករណីនេះទេ។ មានតែសាធារណៈរដ្ឋតៃវ៉ាន់ តែមួយប៉ុណ្ណោះ ដែលបានព្យាយាមយកអត្ថបទច្បាប់ មកដាក់ជជែកគ្នា កាលពីឆ្នាំ២០៣កន្លងទៅ។ អត្ថបទនេះ គ្រាន់តែត្រូវបានបង្កើតឡើង ប៉ុន្តែមិនត្រូវបានតំណាងរាស្ត្រតៃវ៉ាន់ យកមកពិភាក្សាគ្នាម្ដងណាឡើយ។ នៅចិន កុំថាឡើយដល់ទៅរៀបការនឹងគ្នា បើសូម្បីចិត្តចង់ស្រឡាញ់ភេទដូចគ្នា ក៏ត្រូវបានផ្តន្ទាទោសដែរ។ ការផ្តន្ទាទោសនេះ ទើបនឹងត្រូវបានលើកលែង នៅឆ្នាំ១៩៩៧។ ចំណែកប្រទេសជប៉ុនវិញ ក្រុមអ្នកស្រឡាញ់ភេទតែមួយ ទើបនឹងធ្វើការទាមទារ ឲ្យមានអាពាហ៍ពិពាហ៍របស់ពួកគេ នៅក្នុងឆ្នាំនេះប៉ុណ្ណោះ។
► នៅទ្វីបអាហ្វិក និងមជ្ឈឹមបូព៌ា មានតែការបង្ក្រាប
ចំពោះប្រទេសជាង ៧០ផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ា បានចាត់ទុក ការស្រឡាញ់ភេទដូចគ្នា ជាឧក្រិដ្ឋកម្ម ដោយត្រូវផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ អាពាហ៍ពិពាហ៍សម្រាប់ភេទដូចគ្នា ដូចជានៅឆ្ងាយនៅឡើយ។ ប៉ុន្តែ នៅមានប្រទេសមួយ ដែលបានអនុញ្ញាត នូវសិទ្ធិមួយនេះ កាលពីឆ្នាំ២០០៦កន្លងមក៖ ប្រទេសអាហ្វ្រិកខាងត្បូង៕