ចាក់ថ្នាំ«ខុសបច្ចេកទេស» ធ្វើឲ្យក្មេងស្រីអាយុ ១៤ឆ្នាំពិការ
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 28, 2014
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាក់ថ្នាំ«ខុសបច្ចេកទេស» បង្កការរងទុក្ខដល់កុមារី និងគ្រួសារ ឲ្យធ្លាក់ខ្លួនបែបនេះ តើត្រូវទៅបន្ទោសនរណា? បើស្ថានភាពនេះ ធ្លាក់មកលើរូបអ្នកផ្ទាល់វិញ តើអ្នកនឹងត្រូវដោះស្រាយរបៀបម៉េច?
នេះជាភាពចំបែងខ្លោចផ្សារ តាំងពីជាងបីឆ្នាំមកហើយ ទៅលើគ្រួសាររបស់កុមារីមួយរូបឈ្មោះ ស្រីល័ក្ខ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺ ហើយមិនអាចក្រោកដើរហើរបាន ដូចជាកុមារដទៃទៀត។ ចាប់ប្រភពក្នុងគ្រួសារមានជីវភាពក្រីក្រ ហើយមានប្អូនតូចដល់ទៅបួននាក់ ដែលត្រូវចិញ្ចឹមថែរក្សា ប៉ុន្តែម្តាយឪពុករបស់ ស្រីល័ក្ខ ត្រូវចំណាយទាំងកម្លាំងកាយចិត្ត និងសព្វគ្រប់មធ្យោបាយ ដើម្បីមើលថែរក្សា ស្រីល័ក្ខ ទាំងយប់ទំាងថ្ងៃ។ នោះ ដោយសារតែពិការភាពរបស់នាង ដែលកើតឡើងពីការស្វិតអស់ដៃជើង ធ្វើចលនាអ្វីលែងកើតទាំងអស់។
រាល់ពេលញុំាបាយ ងួតទឹក ម្តាយឪពុករបស់ស្រីល័ក្ខ ជាអ្នកបីបាច់បំរើនាងទាំងអស់ គ្មានចន្លោះក្នុងកិច្ចការណាមួយឡើយ ប្រៀបដូចជានាងជាទារកមួយ ដែលទើបតែកើតមកអញ្ចឹងដែរ។ ប៉ុន្តែ ស្រីល័ក្ខមិនមែនជាទារិកាតូចទៀតទេ ព្រោះនាងមានវ័យ ១៤ឆ្នាំ ហើយ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត គឺនៅពេលដែលគេបានឃើញកាយសម្បទារបស់នាង ក្លាយជារូមតូចលែងមានសាច់ឈាម អស់ទាំងកំលាំងល្ហិតល្ហៃ បើសូម្បីតែកម្រើក ក៍នាងសឹងតែមិនអាចធ្វើបានផង។
នៅពេលដែលយកនាងមកមន្ទីរពេទ្យគន្ធបុប្ផា គ្រូពេទ្យនៅទីនោះ បានប្រាប់ឪពុកនាងថា នាងមានជំងឺប្រព័ន្ធសសៃរប្រសាទម្យ៉ាង ប៉ុន្តែមិនទាន់បានប្រាប់ថា ជំងឺនេះអាចព្យាបាលបាន ឬមិនបាននោះទេ។ មុននឹងមកព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា ស្រីល័ក្ខធ្លាប់បានទទួលការព្យាបាល ពីមន្ទីពេទ្យបង្អែកនៅខេត្រក្រចេះ ដែលជាស្រុកកំណើតរបស់នាងរួចហើយ ប៉ុន្តែអ្វីៗដូចជានៅតែបន្តទៅមុខ គ្មានការស្រាកស្រាន្ដណាឡើយ។
និយាយរំលឹកឡើងវិញ ពីរឿងដ៏អាណោចអាធមនេះ គេត្រូវនឹកគិតព្រឹត្តិការណ៍ដ៏ធ្វេសប្រហែស របស់ក្រុមគ្រូពេទ្យមកពីខេត្តក្រចេះ ខណៈស្រីល័ក្ខនៅមានកាយសម្បទារល្អប្រសើរនៅឡើយ។ កាលពីជាង៣ឆ្នាំកន្លងទៅ ខណៈដែលស្រីល័ក្ខ បានរៀនដល់ថ្នាក់ទី៧ទៅហើយ ក្រុមគ្រូពេទ្យទាំងនោះ បានចុះមកចាក់ថ្នាំការពារជំងឺតេតាណូសនេះ ដល់សាលារបស់នាង។ បន្ទាប់ពីពេលនោះមក ការបង្ការោគតេតាណូសទំនងជាបានសម្រេច តែជំងឺល្ហិតល្ហៃដៃជើង បានចូលមកសណ្ឋិតក្នុងខ្លួននាងតូចម្ដងវិញ រហូតធ្វើឲ្យស្រីល័ក្ខ ដើរលែងរួចសោះតែម្ដង។ ដោយសារតែហេតុនេះដែរ ទើបនាងតូចត្រូវបង្ខំចិត្ត បញ្ចប់ការសិក្សារបស់នាង ត្រឹមតែថ្នាក់ទី៧ប៉ុណ្ណេះ។
និស្សិតពេទ្យម្នាក់ ដែលកំពុងបន្តការសិក្សានៅប្រទេសរុស្ស៊ី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កត្តាដែលនាំឲ្យស្រីល័្ខ ក្លាយជាមានសភាពដូច្នេះ មិនមែនបណ្តាលមកពី ថ្នាំតេតាណូសដែលគ្រូពេទ្រចាក់ឲ្យនោះទេ ប៉ុន្តែវាអាចជាការចាក់ទៅប៉ះចំ ប្រព័ន្ធសរសៃប្រសាទ (Nerf Sciatique) ណាមួយ ដែលមានតួនាទីបញ្ជារលើចលនាសារពាង្គកាយ ទើបធ្វើឲ្យនាងតូចមានសភាពដូច្នេះ។
សព្វថ្ងៃ ម្តាយឪពុក និងគ្រួសាររបស់ស្រីល័ក្ខ កំពុងជួបនូវភាពលំបាកលំបិនជាខ្លាំង ណាមួយទាក់ទងនឹងជីវភាពដ៏ខ្វះខាត ស្រីល័ក្ខក៏ឈឺសម្រាកនៅមន្ទីរពេទ្យ និងណាមួយគ្មានអ្នកនៅមើលថែ កូនតូចៗរបស់គាត់នៅផ្ទះទៀត។ ឪពុករបស់ស្រីល័ក្ខដែលជាមេគ្រួសារ ត្រូវមានភារៈរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារផង ហើយគាត់ត្រូវមកមើលថែជំងឺស្រីល័ក្ខ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាផង។ ប៉ុន្តែជំងឺរបស់ស្រីល័ក្ខ មិនអនុញ្ញាតឲ្យគាត់អាចចេញ ទៅធ្វើការងាររកទទួលទានបាន ដោយពេញដៃពេញជើងឡើយ។ រីឯម្តាយរបស់ស្រីល័ក្ខវិញ បានចេញក្រៅ ដើរស៊ីឈ្នួលគេតាមអ្វីដែលគាត់អាចធ្វើបាន ដើម្បីបានកម្រៃមកដោះស្រាយជីវភាពគ្រួសារ ដែលជាហេតុធ្វើឲ្យគាត់ត្រូវទុកកូនតូចៗនៅផ្ទះ ទាំងរហង់មិនមានអ្នកថែទាំដូចពីមុន។
ឪពុករបស់ស្រីល័ក្ខ បានអំពាវនាវដល់អ្នកដែលមានចិត្តសម្បុរសធម៌ ឲ្យជួយឧបត្ថម្ភដល់គ្រួសារគាត់ ដែលកំពុងខ្វះខាត និងកូនស្រីរបស់គាត់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យគន្ធបុប្ផា។ ភាពលំបាកលំបិនរបស់គ្រួសារនេះ បានជំរុញឲ្យអង្គការមនុស្សធម៌មួយហៅថា HOPE ចូលរួមជួយឈឺឆ្អាល តែមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយស្រីល័ក្ខ និងគ្រួសារទាំងមូលឡើយ។ បុគ្គលិកមួយរូបពីអង្គការនេះ អ្នកស្រី កែប ច័ន្ទសមា បាននិយាយថា សប្បុរសជនអាចទាក់ទងទៅអង្គការ HOPE ក៏បានដេែរ ប្រសិនជាពិបាកក្នុងការទំនាក់ទំនង ទៅគ្រួសាររបស់ស្រីល័ក្ខ៕