តាំងពីជាង៤ឆ្នាំហើយ បុរសនេះមានដង្កូវមួយ នៅក្នុងក្បាល
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២២ កុម្ភៈ ២០១៥។
- កែប្រែចុងក្រោយ: February 22, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដង្កូវដែលមានប្រវែង ១សង់ទីម៉ែត្រ មួយក្បាល ត្រូវបានគ្រូពេទ្យវះយកចេញ ពីខួរក្បាលរបស់បុរស ជនជាតិអង់គ្លេស វ័យ៥០ឆ្នាំម្នាក់ បន្ទាប់ពីបុរសនេះ បានទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្លួន ពីអាការៈចុកចាប់ក្នុងក្បាលជាខ្លាំង។ គ្រូពេទ្យបានរកឃើញថា ដង្គូវប្រភេទ Spirometra erinaceieuropei បានចូលទៅរស់នៅ ធ្វើរូងនៅ៥សង់ទីម៉ែត្រ និងធ្វើការផ្លាស់ទី ពីឆ្វេងមកស្ដាំ និងពីស្ដាំមកឆ្វេង ក្នុងខួរក្បាលរបស់បុរសអ្នកជំងឺ តាំងពីជាង៤ឆ្នាំមកហើយ។
ករណីដ៏ចម្លែកនេះ ទើបតែមានកើតជាលើកទីមួយ នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែបើគេរាប់ ចាប់តាំងពីឆ្នាំ១៩៥៣មក ករណីរបៀបនេះ បានកើតឡើងចំនួន៣០០ដងហើយ នៅក្នុងពិភពេលោកទាំងមូល។ ដង្កូវនេះ នឹងធ្វើឲ្យរលាកប្រព័ន្ធប្រសាទ ហើយប្រសិនជាវាចូលទៅដល់ខួរក្បាល វានឹងបង្កឲ្យមនុស្សនោះ បាត់ការចងចាំ និងមានការចុកចាប់យ៉ាងខ្លាំង នៅក្នុងក្បាល។ ដោយសារអការៈរបស់សត្វចង្រៃនេះ មិនសូវសម្បូរកើតនោះ ភាពអាថ៌កំបាំងរបស់វា ក៏មិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅឡើយ ជាពិសេសគេមិនអាចដឹងថា តើវាមានជីវិត រស់និងស្លាប់របៀបម៉េច។
ប៉ុន្តែគេអាចដឹងបានថា វាអាចនឹងចូលមកក្នុងខ្លួនមនុស្សបាន នៅបន្ទាប់ពីមនុស្សទទួលទាន សាច់ ឬគ្រឿងក្លែមឆៅ ដែលទុកចោលរហូតមានមេរោគ មកតោង ឬតំណក់ថ្នាំបូរាណម្យ៉ាងរបស់ចិន ដាក់បន្ដក់ចូលភ្នែក ដើម្បីជួយព្យាបាលជំងឺភ្នែកជាដើម។
សម្រាប់ប្រទេសអង់គ្លេស ជាករណីដែលគ្មាននរណាស្មានដល់។ លោកវេជ្ជបណ្ឌិត Effrossyni Gkrania-Klotsas មកពីមន្ទីរពេទ្យAddenbrooke ក្នុងក្រុង Cambridge ដែលបានយកដង្កូវនោះពីក្បាលបុរស បាននិយាយថា៖ «យើងមិនបាននឹកគិតថា នឹងអាចរកបាន នូវប្រភេទជម្ងឺរបៀបនេះ នៅចក្រភពអង់គ្លេសទេ ប៉ុន្តែការវិវត្តន៍នៃដំណើរកំសាន្ត មេរោគដែលគេមិនស្គាល់របៀបនេះ អាចនឹងពន្លេចខ្លួនឲ្យឃើញម្ដងម្កាល»។
សត្វល្អិតដ៏ចម្លែកនេះ ត្រូវបានមន្ទីរពេទ្យប្រគល់ទៅឲ្យ វិទ្យាស្ថាន Wellcome Trust Sanger Institute ដើម្បីស្រាវជ្រាវរកពីដំណើរជីវិតរបស់វា និងឈានទៅរកការព្យាបាល សម្រាប់អ្នកជម្ងឺក្រោយៗទៀត៕