វិចិត្រករហ្វេសប៊ុកបង្ហាញពីសង្គមខ្មែរ តាមរយៈគំនូរខ្លួន (pic)
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 22, 2015
- ប្រធានបទ: គំនូរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រហែលជាធ្លាប់បានឃើញស្នាដៃ របស់លោក ឈុន ចំណាប់ ដែលច្រើនតែជាគំនូរ ដែលគូរឡើងដោយប៊ិច អមដោយអក្សរពន្យល់ ឬចំណងជើងជាមិនខាន។ ផ្ទាំងគំនូរទាំងនោះ មិនមែនជាផ្ទាំងគំនូរអាជីព ដែលមានលក្ខណៈដើម្បីដាក់លក់ ជាសាធារណៈនោះទេ តែសុទ្ធសឹងជាផ្ទាំងគំនូរ ដែលបង្ហាញពីអារម្មណ៍ និងបេះដូងរបស់វិចិត្រករផ្ទាល់ ដែលបើកភ្នែកឡើង ឃើញហេតុការណ៍អ្វីៗ នៅតែនឹងមុខខ្លួននោះ។
រូបភាពជាច្រើនរបស់លោក បានបង្ហាញពីភាពមិនប្រក្រតី នៅក្នុងរឿងនយោបាយ ពីសង្គមនៅក្នុងប្រទេស ដូចជាមានការតវ៉ាពីពលរដ្ឋ និងព្រះសង្ឃ ហើយត្រូវបានតបមកវិញ ដោយការបង្ក្រាបយ៉ាងហឹង្សា ពីសំណាក់អាជ្ញាធរជាដើម។ នៅក្នុងនោះដែរ មានគំនូរមួយផ្ទាំង ដែលបានបង្ហាញពីមនុស្សម្នាក់ នៅក្នុងរនាំងអ្វីមួយ អមដោយសំណេរមួយឃ្លាថា៖ «សងផ្ទះខ្ញុំវិញ»។
លោក ឈុន ចំណាប់ ម្ចាស់គំនូរលាក់មុខ បានឆ្លើយតបទៅនឹងការសាកសួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈសាអេឡិត្រូនិកថា លោកមិនមែន ជាអ្នកគូរចំណានអ្វីនោះទេ តែអ្វីដែលសំខាន់ សម្រាប់គំនូររបស់លោក គឺលោកចង់ រៀបរាប់ឲ្យឃើញឡើងវិញ ពីបញ្ហាសង្គមពិតៗ និងពីភាពអយុត្តិធម៌ នៅក្នុងសង្គមខ្មែរ។
នៅក្នុងចំណោមផ្ទាំងគំនូរទាំងនោះ គេឃើញផ្ទាំងគំនូរខ្លះ បានផ្តោតសំខាន់ ទៅលើការកាពារព្រៃឈើផងដែរ ជាពិសេស គឺស្ថាបនិករបស់អង្គការ «មាតាធម្មជាតិ» ដែលកំពុងមានរឿងរ៉ាវ ត្រូវរដ្ឋាភិបាលបណ្តេញចេញ ពីប្រទេសកម្ពុជា។ លោកបានសរសេររៀបរាប់ថា គំនូរនេះចេញពីចិត្តរបស់លោកទាំងស្រុង។ នោះ គឺដោយសារតែលោកមិនចង់ ឲ្យបាត់បង់អ្នកការពារព្រៃឈើម្នាក់នេះ នៅតំបន់អារ៉ែង។
ជាងគំនូរលាក់មុខរូបនេះ បានដឹងខ្លួនថា លោកទទួលបានគាំទ្រជាច្រើន នៅតាមបណ្ដាញសង្គម។ លោកបានប្រាប់ថា លោកជាអ្នកលក់ដូរមួយរូប ដោយសុំមិនបញ្ជាក់ពីទីតាំងឡើយ។ ហើយទាំងនេះ ក៏ជាហេតុផលមួយ ដែលបង្ខំឲ្យលោកត្រូវតែលាក់មុខ ព្រោះសុវត្ថិភាពនោះដែរ។ យ៉ាងណាក៏ដោយ លោកគ្រាន់តែចង់ឲ្យកូនខ្មែរទាំងអស់ មើលគំនូររបស់លោកហើយ ពិចារណារក្នុងនាមជាខ្មែរដូចគ្នា ថាតើវាជារឿងត្រិមត្រូវ ឬមួយយ៉ាងណា?
សូមទស្សនារូបភាពមួយចំនួនរបស់លោក ឈុន ចំណាប់៖