សម្ភាសអ្នកនាំពាក្យបក្សប្រជាជន៖ ទិដ្ឋាការ អាឡិច មានសិទ្ធិសុំ តែគ្មានសិទ្ធិទាមទារទេ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 22, 2015
- ប្រធានបទ: អន្តោរប្រវេស្សន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានលើកឡើងថា មិនចំពោះតែលោក អេឡិច ដែលជាជនជាតិអេស្ប៉ាញនោះទេ បណ្តាជនបរទេសទាំងអស់ ដែលស្នាក់នៅកម្ពុជា ហើយហួសសុពលភាព នៃការស្នាក់នៅនោះ ចាំបាច់ត្រូវធ្វើការស្នើសុំជាថ្មី។ តែនេះជាការ«ស្នើសុំ» មិនមែនជាការ«ទាមទារ»នោះឡើយ។
ដោយឡែកចំពោះការស្នើសុំនោះ ជាការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជា«ម្ចាស់»ប្រទេស ថាតើគួឲ្យបន្ត ឬមិនគួឲ្យបន្ត។ ករណីនេះ ក៏ត្រូវធ្វើការផ្អែកលើគោលការណ៍ជាក់លាក់មួយ នៃជនបរទេសនោះ ដែលត្រូវបនុ្តនិងស្នាក់នៅកម្ពុជា ស្របតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់នានារបស់ប្រទេសកម្ពុជានោះដែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «អេឡិច ជាជនបរទេសឯកជនធម្មតាម្នាក់ មិនមែនជាជនបរទេស ដែលតំណាងឲ្យប្រទេសអេស្ប៉ាញ មកធ្វើការនៅកម្ពុជាឡើយ។ (...) បើគាត់ជាអ្នកតំណាង ឲ្យប្រទេសអេស្ប៉ាញនោះ រដ្ឋាភិបាលកម្ពុជា ក៏នឹងធ្វើការពិចារណាឡើងវិញ ពីការបន្តទិដ្ឋការរបស់គាត់ដែរ ដើម្បីរក្សាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ (...) តែនេះ គាត់ជាបុគ្គលឯកជន មកស្នាក់នៅកម្ពុជា ជាង១២ឆ្នាំ តើគាត់មកក្នុងគោលបំណងអ្វី? ក្នុង១២ឆ្នាំនេះ តើគាត់រស់បាន ដោយសារអ្វី? មិនមែនគាត់ មិនមានប្រយោជន៍នោះទេ បើមិនមានការជួយ ជាប្រយោជន៍ពីក្រៅ ក៏គាត់មិនអាចរស់នៅកម្ពុជា បានរហូតដល់១២ឆ្នាំនោះដែរ។»
មន្រ្តីនាំពាក្យ ដែលធ្លាប់ជាអ្នកវិភាគ ប្រចាំស្ថានីយទូរទស្សន៍ក្នុងស្រុករូបនេះ បានបន្តថា លោកគោរពគោលគំនិត និងភាពស្រលាញ់បរិដ្ឋាន របស់លោក អេឡិច សម្រាប់បរិដ្ឋាន និងព្រៃឈើនៅកម្ពុជា។ តែអ្វីដែលលោក ត្រូវធ្វើការចោទសួរនោះ នៅត្រង់ថា តើប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជាម្ចាស់ប្រទេស មិនស្រលាញ់ព្រៃឈើខ្មែរ ឬស្រលាញ់បរិដ្ឋានខ្មែរ ដូចជនបរទេសម្នាក់នេះ ឬមិនស្មើរនឹងជនបរទេសរូបនេះទេឬ?
លោកថា មិនសម្រាប់តែកម្ពុជានោះទេ ដែលត្រូវធ្វើការពិចារណាជាថ្មី ទៅដល់ជនបរទេសណាម្នាក់ ដែលត្រូវបន្តទិដ្ឋការ សម្រាប់ការស្នាក់នៅរបស់ពួកគេ នៅកម្ពុជានោះ ក្នុងបណ្តាប្រទេសមួយចំនួន ដូចជាជប៉ុន អូស្ត្រាលី អាមេរិក បារាំងជាដើម មិនថាសម្រាប់តែជនបរទេសទៅស្នាក់នៅ ទៅរកស៊ី ឬធ្វើការនោះទេ សូម្បីតែទៅសិក្សា ក៏គេត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទៅលើជនជាតិបរទេសទាំងនោះដែរ។
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងតែងតាំងថ្មីនេះ លោកបានលើកឡើងថា ចំពោះបញ្ហា លោក អេឡិច រដ្ឋាភិបាលក៏មិនមែនបដិសេធទាំងស្រុងនោះដែរ តែត្រូវចាកចេញមួយរយៈ និងស្នើជាសុំទិដ្ឋាការជាថ្មីមកកម្ពុជា។ ការស្នើសុំទិដ្ឋការថ្មីនេះ ធ្វើឡើងព្រមគ្នា ជាមួយនឹងការបង្ហាញនូវកិច្ចការនានា ដែលខ្លួននឹងត្រូវស្នើសុំទិដ្ឋាការ មករស់នៅបន្តនៅកម្ពុជា។ ឯការសម្រេចឲ្យ ឬមិនឲ្យអាស្រ័យលើកម្ពុជា។ កម្ពុជាមានសិទ្ធិសម្រេចពេញលេញ ដោយភ្ជាប់ជាមួយនឹងហេតុផលសមស្របណាមួយ ដែលអាចទទួលយកបាន ចំពោះការស្នើសុំនោះ។
លោក ឈឹម ផលវរុណ បានបង្ហាញនូវភាពសោកស្តាយ ចំពោះអនុប្រធានទីមួយនៃរដ្ឋសភា និងប្រធានក្រុមតំណាងរាស្រ្ត មតិភាគតិចនៃរដ្ឋសភា ដែលមិនបានគិតគួរ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការគាំទ្រ ឬរំខានដល់អង្គព្រះមហាក្សត្រ ព្រោះតែការស្នើសុំ នៃបុគ្គលបរទេសម្នាក់នេះ។ លោកបញ្ជាក់ដូច្នេះថា៖ «កុំយកបញ្ហានៃបុគ្គលបរទេសម្នាក់នេះ មកស្វែងរកចំណេញ ផ្នៃកនយោបាយរបស់ខ្លួន។ (...) កុំទាញបញ្ហានេះ មកភ្ជាប់នឹងរឿងនយោបាយ។ (...) នេះមិនមែនជានុយនយោបាយ ដែលគណបក្សប្រឆាំង ត្រូវធ្វើការព្យាយាមទាញយកនោះទេ។ (...) វាជារឿងច្បាប់របស់កម្ពុជា ដែលមាន ដែលនឹងត្រូវអនុវត្ត។ (...) ខ្ញុំស្វាគមគមន៍ ចំពោះសមាជិកនៃគណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលមានចេតនា និងគំនិតចង់ឲ្យមាន ការអនុវត្តច្បាប់អន្តោប្រវេសន៍។ (...) គណបក្សប្រឆាំងត្រូវរួមគ្នា ការពារ គោរព និងពង្រឹងច្បាប់អន្តោប្រវេសន៍នេះ ដើម្បីសង្គមកម្ពុជាទាំងអស់គ្នា។»៕