អាឡិច ជាប់​ក្នុង​បញ្ជី​ខ្មៅ និង​ត្រូវបណ្ដេញ​ពី​កម្ពុជា តាម​យន្ដហោះ​ថៃ​អ៊ែវ៉េ

សកម្មជនបរិស្ថានជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានបង្ខំឲ្យចេញពីកម្ពុជា តាមយន្ដហោះថៃអ៊ែវ៉េ នៅយប់ថ្ងៃទី២៣ ខែកុម្ភៈនេះ នៅក្រោយការឃាត់ខ្លួនលោក តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 23, 2015
  • ប្រធានបទ: អន្តោរប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោង៨ និង៥៨នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សកម្មជនបរិស្ថានជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានបង្ខំឲ្យចេញពីកម្ពុជា តាម​យន្ដហោះ​ថៃអ៊ែវ៉េ ដែលភ្ជាប់ជើងហោះហើរលេខ TG 585។ ការបញ្ជូនខ្លួនលោក អាឡិច ចេញពីកម្ពុជា បានធ្វើឡើង នៅ​ក្រោយ​ការ​ចាប់ខ្លួនលោក កាលពីរសៀលថ្ងៃនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការថ្លែង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។

យន្ដហោះ TG 585 នឹងនាំលោក អាឡិច ទៅឈប់សំចត នៅរាជធានី បាងកក ប្រទេសថៃ មុននឹងផ្លាស់ប្ដូរជើង​យន្ដហោះ ក្នុង​ពេល​បន្ទាប់​មក ឆ្ពោះទៅកាន់រាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

បើតាមការផ្សាយ របស់បណ្ដាញសារព័ត៌មានក្នុងស្រុក បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មកបញ្ជាក់ថា លោក អាឡិច នៅក្នុងដំណាក់កាលនេះ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ នៃចំណោមជនដែលត្រូវ​បាន​ហាម មិនឲ្យចូលមកក្នុងទឹកដីកម្ពុជា។ លោក ខៀវ សុភ័គ បានអះអាងថា លោក អាឡិច មិនបានស្ដាប់តាមឱវាត​របស់​ស្ថានទូត អេស្ប៉ាញ ប្រចាំនៅកម្ពុជា ដែលសុំឲ្យលោកចេញពីកម្ពុជា ដោយសម្រួលនោះទេ។

ការចាប់ខ្លួន និងបញ្ជូនខ្លួនលោក អាឡិច ឲ្យចេញពីកម្ពុជានេះ បានធ្វើឡើងក្រោមការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់​ប្រជាជនកម្ពុជា អ្នកស្រឡាញ់បរិស្ថាន និងក្រុមយុវជន ដែលស្និតនឹងលោក អាឡិច។ សម្រាប់ក្រុមអ្នកគាំទ្រ លោក អាឡិច ជាសកម្មជនបរិស្ថានគំរូមួយរូប ដែលហ៊ានចេញមុខ ប្រឆាំងនឹងការប៉ុនប៉ន កាប់បំផ្លាញធនធានព្រៃឈើ​ចុង​ក្រោយ របស់​ប្រទេសកម្ពុជា នៅក្នុងតំបន់អារ៉ែង ខេត្តកោះកុង ខណៈរដ្ឋាភិបាល ចង់អភិវឌ្ឍន៍តំបន់នោះ នៅក្នុង​គម្រោង​​សាង​សង់ ទំនប់វារីអគ្គិសនីដ៏ធំមួយ ជាមួយនឹងការវិនិយោគ របស់ក្រុមហ៊ុនចិន។ ក្រុមអ្នកគាំទ្រលោក អាឡិច បានចាត់ទុក​ចំណាត់ការ មិនបន្តទិដ្ឋាការឲ្យលោក អាឡិច របស់រដ្ឋាភិបាលកម្ពុជា ថាប្រឆាំងនឹងច្បាប់កម្ពុជា និង​មាន​បំណង​បំបាក់​ការតស៊ូមតិ ដើម្បីការអភិរក្សធនធានធម្មជាតិ នៅកម្ពុជា។

ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាវិញ នេះជាការអនុវត្តច្បាប់អន្ដោរប្រវេសន៍ ដែលនៅជាធរមាន។ ហើយការមិនបន្តផ្ដល់​ទិដ្ឋាការឲ្យលោក អាឡិច ដោយតែសកម្មជនជាតិអេស្ប៉ាញ ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មតារូបនេះ បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទ​ផ្លូវ​សាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុក​ថ្ម​បាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...