ចាប់ខ្លួន អាឡិច និងបង្ខំឲ្យចេញពីកម្ពុជា ក្នងរយៈពេល៥ថ្ងៃ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 23, 2015
- ប្រធានបទ: អន្តោរប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមអាជ្ញាធរកម្ពុជា លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានស្នាក់នៅក្នុងប្រទេសកម្ពុជា ចំនួនបីថ្ងៃដោយខុសច្បាប់ បន្ទាប់ពីទិដ្ឋាការចុងក្រោយរបស់លោក បានអស់សុពលភាព កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក និងបន្ទាប់ពីការសម្រេច របស់ក្រសួងមហាផ្ទៃកម្ពុជា មិនបន្តផ្ដល់ទិដ្ឋការ«ឲ្យ»សកម្មជនការពារបរិស្ថាន ជនជាតិអេស្ប៉ាញរូបនេះ។
ការចាប់ខ្លួនលោក អេឡិច នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញប្រតិកម្ម លើអង្គការសង្គមស៊ីវិល និងការរិះគន់ពីសាធារណៈមតិ ដែលថារដ្ឋភិបាលខ្លាចរអា និងមិនហ៊ានបន្តទិដ្ឋការ ទៅឲ្យលោក អាឡិច នៅកម្ពុជានោះ។
នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា កម្ពុជាជារដ្ឋមួយ មានអធិបតេយ្យភាពរបស់ខ្លួន មិនថាតែជនបរទេសទេ បើប្រជាពលរដ្ឋខ្មែរណា ដែលបំពានត្រូវតេមានទោសទាំងអស់។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពាក់ព័ន្ធ ជាមួយនឹងការមិនចាកចេញ ពីប្រទេសកម្ពុជារបស់លោក អេឡិច ដូច្នេះថា «គេ(រដ្ឋាភិបាល)សុខចិត្តឲ្យនៅ រហូតដល់អស់ទិដ្ឋាការ។ (…) យើងចេញទៅសិនទៅ រួចហើយចាំសុំត្រឡប់មកវិញ វាទាស់ខុសអី។ (…) តែគេបណ្តេញចេញហើយ វាត្រូវចូលក្នុងបញ្ជីខ្មៅ។ ចឹងវាចប់ហើយ។(…) មិនថាជនបរទេសបំពានទេ ជនជាតិខ្មែរបំពាន ក៏ត្រូវតែមានទោសដែរ។ (…) គ្មានបរទេសណា ស្រឡាញ់ខ្មែរជាងខ្មែរទេ។ (…) រឿងអស់ទាំងនេះ ត្រឹមតែរដ្ឋមន្រ្តីមហាផ្ទៃ ដោះស្រាយបានហើយ គេទៅរំខាន ដល់ព្រះមហាក្សត្រ(ឯ)ណោះ!»។
សូមបញ្ជាក់ដែរថា ស្របពេលនឹងការលើកឡើងខាងលើ របស់លោកនាយករដ្ឋមន្រ្តីនេះ ក្រសួងមហាផ្ទៃសេចក្តីប្រកាសមួយ សម្រេចបណ្តេញ លោក អេឡិច ចេញពីកម្ពុជា ក្នុងព្រឹកថ្ងៃដដែលនេះ។
មន្រ្តីនគរបាលនាយកដ្ឋាន អន្តោប្រវេសន៍មួយរូប ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបញ្ជាក់ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មកដល់ម៉ោងនេះ នាយកដ្ឋានអន្តោប្រវេសន៍ កំពុងតែរៀបចំបែបបទ ដើម្បីបញ្ជូនខ្លួនលោក អេឡិច ចេញពីកម្ពុជា។
លោក អេឡិច ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថ្មីៗនេះថា លោកនឹងមិនចាកចេញពីកម្ពុជា ដោយចិត្តឯងនោះទេ បើទោះជាទិដ្ឋការរបស់លោក ត្រូវផុតសុពលភាព ដោយការមិនបន្តឲ្យ ដោយរដ្ឋាភិបាលកម្ពុជាក៏ដោយ។ លោកបានបង្ហាញថា លោកនឹងមានភាពរីករាយបំផុត នៅពេលលោកត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនខ្លួនលោកចេញ ដោយមិនបានអនុវត្តតាមច្បាប់នានារបស់កម្ពុជា ពិសេសច្បាប់អន្តោប្រវេសន៍ ដែលត្រូវធ្វើឡើង ចំពោះគ្រប់ជនជាតិទាំងអស់ ដែលមកស្នាក់នៅកម្ពុជានោះ។
សកម្មជនការពារព្រៃឈើកម្ពុជា នៅតំបន់អារ៉ែង ខេត្តកោះកុងរូបនេះ បាននិយាយថា៖ «កម្ពុជាមានច្បាប់ តែមន្រ្តី ឬរដ្ឋាភិបាលមិនដែលយកច្បាប់នោះ មកអនុវត្តឲ្យមានភាពស្មើគ្នា ចំពោះមុខច្បាប់ម្តងណាឡើយ។ (…) កម្ពុជាច្រើនប្រើប្រាស់ នូវអំណាចយោធា (ប៉ូលីស ទាហាន) មកប្រឆាំងនឹងបុគ្គលណា ដែលមិនស្របតាមខ្លួនជាដើម។»
លោក អំ សំអាត មន្រ្តីបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ ដែលស្ថិតក្នុងព្រឹត្តការណ៍ នៃការចាប់ខ្លួននោះ បានបង្ហាញនូវការសោកស្តាយចំពោះសកម្មភាព និងទង្វើរបស់មន្រ្តីរាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនលោក អេឡិច នេះ។ លោកបាននិយាយថា មិនសម្រាប់តែកម្ពុជាមួយនោះទេ ប្រទេសណា ក៏មានគោលការណ៍អធិបតេយ្យភាពរបស់ខ្លួនដែរ។ តែអ្វីដែលសំខាន់នោះ នៅត្រង់ថា ការដឹកនាំរបស់ប្រទេសនោះ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិដែរឬទេ? សម្រាប់លោកជាសង្គមស៊ីវិល លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជា បន្តទិដ្ឋការដល់ជនបរទេសម្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារបរិដ្ឋាន និងព្រៃឈើកម្ពុជា ស្រមទៅតាមយុត្តិសាស្រ្តចតុកោណ របស់រដ្ឋាភិបាល ដែលបានប្រកាសកន្លងមក។ លោកបន្តថា ផ្ទុយមកវិញ រដ្ឋាភិបាលកម្ពុជានាពេលនេះ ដែលមានចេតនា ក្នុងការបណ្តេញលោក អាឡិច ចេញពីកម្ពុជា កម្ពុជាខ្លួនឯង នឹងរងនូវការការរិះគន់ ពីអន្តរជាតិមិនខានឡើយ៕