អេឡិច៖ រដ្ឋាភិបាលគួរអភិវឌ្ឍន៍ផ្នែកទេសចរណ៍ លើតំបនអារ៉ែង
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជីវិត និងធម្មជាតិ - «អារ៉ែង»ជាតំបន់មួយពោរពេញដោយព្រៃឈើធំៗ សត្វដ៏កម្រដូចជាក្រពើភ្នំ ត្រីនាគ ជិតផុតពូជរហូតដល់៣១ប្រភេទ និងអាចចាត់ទុកថា ជាតំបន់លេខមួយនៅទូទាំងប្រទេស ជាពិសេសសឹងតែនៅលើតំបន់ ទូទាំងអាស៊ីអាគ្នេយ៍ថែមទៀត។ លោក អេឡិច ដាវីដសុន ជាតិអាឡឺម៉ង់និងជាប្រធាននៃក្រុមមាតាធម្មជាតិ បានគិតថាតំបន់អារ៉ែង ជាបេះដូងខ្មែរ លើផ្នែកធម្មជាតិ ហើយលោកបានស្នើ ឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍ៍ផ្នែកទេសចរណ៍ ជាជំនួសលើការអភិវឌ្ឍន៍ផ្នែកវ៉ារីអគ្គីសនីវិញ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក អាឡិច បានថ្លែងលើកឡើង ពីការព្រួយបារម្ភថា កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមក អភិបាលរងខេត្តកោះកុង បានចុះទៅបំភិតបំភ័យប្រជាពលរដ្ឋ និងបោកប្រជាជន តាមរយៈការចែកប៊ីចេងម្នាក់១កញ្ចប់ ដើម្បីឲ្យប្រជាពលរដ្ឋទាំងនោះឯកភាព និងគាំទ្រការលើកឡើងរបស់ខ្លួន (អភិបាលរងខេត្ត) ក្នុងការជម្រុញឲ្យមានការសាងសង់ទំនប់វារីអគ្គីសនី និងការចាកចេញដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។
ប្រធាននៃក្រុមមាតាធម្មជាតិរូបនេះ ដែលបានចាត់ទុកតំបន់«អារ៉ែង»ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ជា«ស្ថានសួគ៍អារ៉ែង»នោះ បានលើកឡើងទៀតថា មានការបង្កើតក្រុមទាហានថ្មីៗ ចំនួនប្រមាណជាជាង៣០នាក់ ដែលទំនងជាមកការពារក្រុមហ៊ុន ហ៊ូណូហាយត្រូ និងមិនមែនមកការពារ និងធានាសុវត្ថិភាពប្រជាពលរដ្ឋដូចការលើកឡើង របស់មេបញ្ជាការខេត្តកោះកុងនោះទេ។ ក្រុមហ៊ុនចិន ហ៊ីណូហាយត្រូ ដែលមានលទ្ធភាពគ្រប់គ្រាន់ ទាំងប្រាក់ទាំងអាជ្ញាប័ណ្ណ ក្នុងការចូលទៅឈូសឆាយ និងកាប់បំផ្លាញឈើ នៅក្នុងតំបន់អារ៉ែងនោះ។
ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន។ (រូបថត MONOROOM.info/ O. Vary)
លោកបានបន្តទៀតថា ក្រុមការងារមាតាធម្មជាតិ ក្រុមយុវជន និងដោយមានកិច្ចសហការ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាននោះផង បារម្ភខ្លាចមានសកម្មភាខុសច្បាប់ណាមួយកើតឡើង។
ប៉ុន្តែសកម្មភាពរបស់លោក និងក្រុមរបស់លោក ជារឿយៗត្រូវបានចោទប្រកាន់ ពីអាជ្ញាធរមូលដ្ឋាន រដ្ឋាភិបាល ថាជាក្រុមបក្សប្រឆាំង ឬជាក្រុមដែលត្រៀមយកដីប្រជាពលរដ្ឋ មកជាកម្មសិទ្ធិរបស់ខ្លួនជាដើម។ ប្រឈមនឹងការចោទប្រកាន់ខាងលើ លោក អាឡិច បានអះអាងថា៖ «ឧបសគ្គ ជាចំណុចមួយវិជ្ជមានសម្រាប់ពួកខ្ញុំ។ ខ្ញុំគ្មានអ្វី ដែលត្រូវខ្លាចនោះទេ។»៕