ប្រធានអង្គការមាតាធម្មជាតិអស់សំណើច នឹងសម្តីរបស់រដ្ឋមន្ត្រីបរិស្ថាន
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៥ តុលា ២០១៤
- កែប្រែចុងក្រោយ: October 15, 2014
- ប្រធានបទ: អារ៉ែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ការកសាងទំនប់វារីអគ្គីសនី នៅតំបន់អារ៉ែង គឺជាបញ្ហាមួយដ៍ធ្ងន់ធ្ងរ ហើយប្រសិនបើក្រសួងបរិស្ថាន ធ្វើតាមកាតព្វកិច្ច តាមតួនាទីពិតរបស់ពួកគេ គំរោងវារីអគ្គីសនីមិនអាចសាងសង់បានទេ។» នេះជាការលើកឡើង របស់ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ប្រតិកម្មទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំ អាល់ នៅក្នុងជំនួបជាមួយលោកស្រី ជូលី ជុង (Julie Chung) អនុប្រធានបេសកកម្មការទូត នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ក្នុងជំនួបកាលពី ថ្ងៃទី ១៤ តុលា នៅក្រសួងបរិស្ថានម្សិលម៉ិញនេះ លោកស្រី ជូលី ជុង បានលើកឡើងអំពីកម្មវិធី និងគម្រោងរបស់ទីភ្នាក់ងារ របស់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលផ្តោតលើការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង ហើយបានស្នើសុំសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីអនុវត្តន៍គម្រោង និងកម្មវិធីទាំងនោះ។ ជារួម ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពង្រីក និងង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន។
សម្រាប់ការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកមកនិយាយា ពីការងារសំខាន់ៗ ក្នុងនោះមាន៖ «កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយនិរន្តរភាព»។
ប៉ុន្តែលោក អេឡិច ប្រធានចលនាមាតាធម្មជាតិ បានសម្ដែងនូវការអស់សំណើច ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ។ លោកបានពន្យល់ថា៖ «អ្វីដែលក្រសួងបរិស្ថាន បានលើកឡើង វាមិនស៊ីសង្វាក់នឹងអ្វី ដែលយើងបានឃើញនោះទេ ប្រសិនបើក្រសួង ពិតជាក្រសួងមួយ ដែលមានកាតព្វកិច្ចត្រឹមត្រូវ ដែលមានមនសិការ គោរពតួនាទីរបស់ខ្លួនឯង ត្រូវនិយាយពីផលប៉ះពាល់ដ៍ធ្ងន់ធ្ងរនៃគំរោងអគ្គីសនី»។
ប្រធានអង្គការរូបនេះ បានស្នើរសុំឲ្យក្រសួងបរិស្ថាន ស្វែងរកព័ត៌មានឲ្យច្បាស់លាស់ មុននឹងសាងសង់ទំនប់វារីអគ្គីសនី និងគួតែសិក្សាពីផលប៉ះពាល់កន្លងមក។ ប៉ុន្តែក្នុងពេលកន្លងមកថ្មីៗ ក្រសួងបរិស្ថាន ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានច្រើនដងហើយ ជុំវិញករណីនេះ៕