ក្រុម​ការងារ​បក្ស​ប្រឆាំង នឹង​ចុះ​ជួប​ប្រជា​រងគ្រោះ​ខាង​ដីធ្លី នៅ​កោះកុង

បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា នឹងចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះក្នុងទំនាស់ដីធ្លីដ៍រ៉ុំរ៉ៃ ជាមួយក្រុមហ៊ុនចិន - Union Development Group - ដែលអភិវឌ្ឍន៍ពាណិជ្ជកម្ម និងរម្មណីយដ្ឋានទេសចរណ៍ ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុន​បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នង កាលពីចុងខែមករាកន្លងមក។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: February 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា នឹងចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះក្នុងទំនាស់ដីធ្លីដ៍រ៉ុំរ៉ៃ ជាមួយក្រុមហ៊ុនចិន - Union Development Group - ដែលអភិវឌ្ឍន៍ពាណិជ្ជកម្ម និងរម្មណីយដ្ឋានទេសចរណ៍ ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុន​បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នង កាលពីចុងខែមករាកន្លងមក។


ការដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ ដើម្បីពង្រីកដីដាំអំពៅ នៅកោះកុង ក្នុងឆ្នាំ២០០៦។ (រូបថតផ្ដិតពីវីដេអូ AFP)

វិបត្តិដីធ្លី - យោងទៅតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២២ ខែកុម្ភៈ ឲ្យដឹងថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា លោក សុន ឆ័យ នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈខាងមុខនេះ នឹងចុះជួបប្រជាពលរដ្ឋ រងគ្រោះ ដោយសារការបណ្តេញចេញពីលំនៅដ្ឋាននៅខេត្តកោះកុង។

លោក សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ការចុះជួបនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបានចុះផ្សាយថា ផ្ទះប្រជាពលរដ្ឋប្រមាណ៤៥ខ្នង កាលពីចុង​ខែ​មករា ឆ្នាំ២០១៤នេះ ត្រូវបានរុះរើ និងដុតបំផ្លាញដោយ ក្រុមហ៊ុនចិន Union Development Group។ លោកបាន​ថ្លែងទៀតថា៖ «រដ្ឋាភិបាលត្រូវតែបញ្ចប់ជាបន្ទាន់ ចំពោះការផ្លន់ដីរាស្ត្រយក ចាប់រាស្ត្រដាក់គុកដើម្បី​យកដី​ទៅឲ្យ​ក្រុមហ៊ុនបរទេស»។

លោកបានបញ្ជាក់ថា លោកយល់ពីការលំបាករបស់រាស្ត្រ បន្ទាប់ពីគេដុតផ្ទះ ដូច្នេះលោកក៏បានពាំនាំយក​នូវ​អំណោយ ជាគ្រឿងបរិភោគដើម្បីចែកជូនដល់ពួកគាត់ផងដែរ បន្ទាប់ពីការពិនិត្យរួចរាល់ហើយ លោកនឹងស្វែងរក​ការ​អន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។

បើតាមការអះអាងរបស់ លោក នាង បូរាទីណូ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង បានឲ្យ​ដឹងថា នៅដើមឆ្នាំ២០១៤នេះ ក្រុមហ៊ុនចិន បានដុតផ្ទះនិងរុះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅស្រុកបទុមសាគរ អស់​៤៥ខ្នង ដោយមិនបានផ្តល់សំណង ដើម្បីបណ្តេញពួកគេចេញពីទីតាំង ដែលគាត់រស់នៅច្រើនឆ្នាំមកហើយ។ លោកបានពន្យល់ថា ៖ «នេះគឺជាការរំលោភសិទ្ធិ រស់រានមានជីវិតរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ពួកគាត់បានរស់​នៅក្នុងតំបន់នោះតាំងពីយូរណាស់មកហើយ ហើយទៅទីបំផុតអ្វី ដែលពួកគាត់ទទួលបាន គឺគ្មានទីជម្រក»។

កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យា​ជួលសម្រាប់រយៈពេល​៩៩ ឆ្នាំ ជាមួយក្រុមហ៊ុន Union Development Group សម្រាប់ការសាងសង់តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និង​រម្មណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀតលើផ្ទៃដីទំហំ ៣៦០០០​ហិកតា ក្នុងស្រុកគិរីសាគរនិងស្រុកបុទុមសារគរ។ ហើយនៅខែសីហា ឆ្នាំ ២០១១ រាជរដ្ឋាភិបាលបាន​ចេញ​អនុក្រិត្យស្តីពីការកំណត់ផ្ទៃដីទំហំ ៩១០០ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដើម្បីផ្តល់ដីសម្បទានជា​លើកទី២ឲ្យទៅក្រុមហ៊ុននេះ ធ្វើអាងស្តុកទឹកនិងវារីអគ្គីសនី។

អ្នកស្រី នាង ណាក់ អាយុ ៣៣ ឆ្នាំ មានកូន៤នាក់ ដែលបានសម្រេចចិត្តមករស់នៅក្នុងទូកជាមួយប្តីនិង កូន តូចៗ បន្ទាប់ពីផ្ទះរបស់គាត់ ត្រូវបានដុតនៅថ្ងៃទី៣០ ខែមករា បានឲ្យដឹងថា អ្នកស្រីមិនខ្វល់ចំពោះគណបក្ស​នយោបាយ​ណានោះទេ គឺអ្នកស្រីស្វាគមន៍ទាំងអស់ គឺធ្វើយ៉ាងណាឲ្យតែពួកគាត់ អាចស្វែងរកដំណោះស្រាយឲ្យ​ពលរដ្ឋរបស់​អ្នកស្រីបាន។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំសប្បាយចិត្ត នៅពេលដែលមានមន្ត្រីថ្នាក់លើ​ឈឺឆ្កាលចំពោះ​ពួកខ្ញុំ ពីព្រោះពួកយើងទៅស្វែងរកដំណោះស្រាយគ្រប់ច្រកល្ហកហើយ គឺបានត្រឹមតែពាក្យសន្យាប៉ុណ្ណោះ ចំណែក​ផ្ទះយើងគេដុតជាហូរហែរ»។

យោងទៅតាមរបាយការណ៍អង្កេត របស់អង្គការមិនមែនរដ្ឋាភិបាលដែលហៅថា គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ​អង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ប្រជាជនសរុបចំនួន១១៤៣គ្រួសារ ស្ថិតក្នុងឃុំចំនួន​៥នៃស្រុកចំនួនពីរ គឺស្រុកស្រុកគិរីសាគរ និងស្រុកបុទុមសារគរ ដែលបានរស់នៅក្នុងទស្សវត្ស៦០និង៨០ និងវត្ត​ចំនួនបី ព្រមទាំងសាលាបឋមសិក្សារមួយ បានរងនូវផល់ប៉ះពាល់ ដោយត្រូវផ្លាស់ប្តូរទីតាំងចេញពីតំបន់នោះ ដោយសារតែគម្រោងអភិវឌ្ឍន៍នោះ។ ប្រជាពលរដ្ឋចំនួន៨០០គ្រួសារស្មើរ និង៧១ភាគរយបានបង្ខំចិត្តផ្តិតមេដៃ យល់ព្រមទៅរស់នៅក្នុងទីតាំងថ្មី។ ចំនែកប្រជាពលរដ្ឋ មិនព្រមយកសំណង៣៤៣គ្រួសារ ស្មើរនិង២៩ភាគរយ បានសូមឲ្យរដ្ឋាភិបាលឆ្វៀលដីរបស់គាត់ចេញពីក្រុមហ៊ុន ក្នុងករណីមិនអាចឆ្វៀលបាន សុំឲ្យមានដំណោះស្រាយ​សំណងសមរម្យ។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមន៍សិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលនិង​ក្រុមអន្តរក្រសួង បានដោះស្រាយឲ្យត្រឹមតែដីភូមិ ចំពោះដីចំការដែលសន្យាឲ្យពីហិកតា គឺសុទ្ធតែជាដីព្រៃ​ស្ថិតនៅ​ក្នុងតំបន់រាជក្រិត្យទាំងអស់។ លោកបានឲ្យដឹងទៀតថា ៖ «នៅក្នុងជម្លោះនោះពលរដ្ឋទទួល​បានតែស្តាមផ្តិតមេដៃ​នៃការផ្តល់ដី ប៉ុន្តែលទ្ធិផលដែលក្រុមហ៊ុនដោះស្រាយឲ្យពួកគាត់គឺគ្មាន។ តាមខ្ញុំសង្កេតឃើញកន្លងមក​ការផ្តល់ដី​សម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនឯកជនដល់កន្លែងណា គឺធ្វើឲ្យពលរដ្ឋទឹកភ្នែកនៅកន្លែងនោះ។»

លោក លី តឹកហៃ តំណាងក្រុមហ៊ុនចិន មិនអាចសុំការឆ្លើយតបពីបានទេ ដោយទូរស័ព្ទរបស់លោកមិនអ្នកទទួល៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...