កម្ពុជាចេញគោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍
គោលនយោបាយជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័ត កាលពីចុងសប្តាហ៍មុន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ឲ្យបានពាក់កណ្តាលនៅឆ្នាំ២០២០។ សម្រាប់ក្រុមអ្នកជំនាញសង្គមស៊ីវិល ខាងផ្នៃកសុវត្ថិភាពផ្លូវថ្នល់វិញ បាននិយាយថា បើមានតែគោលនយោបាយ តែបើគ្មានការធ្វើផែនការលំអិត នោះមិនអាចសម្រេចបានឡើយ។
គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមដងផ្លូវមួយ ក្នុងខេត្តស្ទឹងត្រែង។ (រូបថត ហ្វេសប៊ុក)
គ្រោះថ្នាក់ចរាចរណ៍ - គណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ថា គោលនយោបាយនេះ រៀបចំដោយគណៈកម្មា ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើ «មធ្យោបាយដ៏មានសក្តានុពល និងជាកត្តាគន្លឹះធ្វើ ជាត្រីវិស័យសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់អ្នកប្រើប្រាស់ ផ្លូវថ្នល់ នៅលើដងផ្លូវ»។
នៅក្នុងប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា គោលនយោបាយនេះ មានផែនការសកម្មភាពចំនួន៨ ដែលស្របតាមការកំណត់ ក្នុងកិច្ចប្រជុំមួយ នៅប្រទេសរុស្ស៊ី កាលពីឆ្នាំ២០០៩ ដែលមាន គោលបំណងសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ នៅលើផ្លូវថ្នល់ឲ្យបានថយចុះ ចំនួន៥០ភាគរយ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ ប៉ុន្តែផែនការទាំង៨នោះ មិនត្រូវបានគេបង្ហាញឡើយ។ ប្រកាសព័ត៌មានគណៈរដ្ឋមន្ត្រីកត់សម្គាល់ថា ៖ «គ្រោះថា្នកចរាចរណ៍ជាបញ្ហាប្រឈមនៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងអ្នករបួស បានកើនឡើងគួរឲ្យព្រួយបារម្ភ បង្កជាកង្វល់ដ៏ធំ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជា មានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ជាងគេ នៅក្នុងតំបន់ អាស៊ាន។»
លោក អ៊ា ចរិយា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ប្រចាំអង្គការ HIB នៅកម្ពុជា ថ្លែងថា គោលនយោបាយនេះ គឺផ្តល់ទស្សនវិស័យ លើការងារសុវត្ថិភាពចរាចរណ៍ ដែលរដ្ឋាភិបាលត្រូវធ្វើផែនការឲ្យច្បាស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់នេះ។ លោកបន្តថា ៖ «គោលនយោបាយល្អ តែបើគ្មានការធ្វើផែនការលំអិត នោះមិនអាចសម្រេចបានឡើយ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ក្រសួងពាក់ព័ន្ធត្រូវរៀបចំផែនការលំអិតធ្វើសកម្មភាព ដូចជាផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ពង្រឹងការអនុវត្តច្បាប់ជាដើម។»
យោងតាមតួលេខរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១២ បានសម្លាប់មនុស្ស ១៩៦៦នាក់ ក្នុងចំណោមជនរងគ្រោះ ១៥ ៦១៥នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ តួលេខនេះ បានបូកបញ្ចូលទាំងពីតួលេខ ពីក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។ បើគិតតែតួលេខនគរបាល ឆ្នាំ២០១៣ មានអ្នកស្លាប់ ១៩១២នាក់ គឺកើន៣ភាគរយលើសឆ្នាំ ២០១២ ដែលមានប្រហែលគ្នា គឺ ១៩០៩នាក់។
បើយោងតាមតួលេខពីអង្គការជនពិការអន្តរជាតិ ប៊ែលហ្សិក ប្រចាំកម្ពុជា (HIB) បានឲ្យដឹងថា គ្រោះថា្នក់ចរាចរណ៍ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ច ក្នុងឆ្នាំ២០១២ចំនួន ២២៩លានដុល្លារអាមេរិក៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៣ កុម្ភៈ ២០១៤