កែម ឡី៖ ប្រសិទ្ធិភាព​ដប់​យ៉ាង ធ្វើ​ឲ្យ​សម្តី ហ៊ុន សែន មាន​គុណភាព

ឆ្លើយតបទៅនឹងការថ្លែង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងសេវាសាធារណៈ រួមនឹងបទ​បញ្ជានិង​អនុសាសន៍សម្រាប់មន្ត្រីថ្នាក់ក្រោម កាលពីពេលថ្មីៗនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ សូមលើកឡើង​ពី​ប្រសិទ្ធិភាព១០យ៉ាង ដើម្បីនឹងវាស់ឲ្យដឹងពីពាក្យសម្ដីរបស់បុរសខ្លាំងកម្ពុជា ថាតើវាពិតជាមានគុណភាព ​ពិត​ប្រាកដមែន ឬយ៉ាងណា។
កែម ឡី៖ ប្រសិទ្ធិភាព​ដប់​យ៉ាង ធ្វើ​ឲ្យ​សម្តី ហ៊ុន សែន មាន​គុណភាព
លោក ហ៊ុន សែន (រូបលើកដៃនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ កុម្ភៈ ២០១៤
  • កែប្រែចុងក្រោយ: February 23, 2014
  • ប្រធានបទ: នយោបាយកម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ក្នុងក្រសួងមហាផ្ទៃ បាន«ទទួលស្គាល់»ថា រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់លោក មានការ«ឆកល្វែង» ក្នុងការ​ជំរុញឲ្យការអនុវត្តនូវសេវាសាធារណៈមានប្រសិទ្ធិភាពខ្ពស់។ ក្នុងឱកាសនោះដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ជា​ថ្មី​ទៀត ដល់​មន្ត្រី​របស់​ខ្លួន​ចាប់ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ឲ្យបង្កើនប្រសិទ្ធិភាពនៃការ​បម្រើ​សេវា​សាធារណៈ​ដល់​ប្រជាជន​ជាង​បច្ចុប្បន្ន ដើ​ម្បី​ជួយដោះស្រាយ​អ្វី​ជា​តម្រូវការ​ឲ្យបាន​ទាន់​ពេល​។

ប៉ុន្តែការអនុវត្តសេវាសាធារណៈមួយ ដែលមានប្រសិទ្ធិភាពខ្ពស់ និងបានទៅដល់ប្រជាពលរដ្ឋពិតប្រាកដ ត្រូវបាន​លោក កែម ឡី អ្នកស្រាវជ្រាវសង្គមឯករាជ្យ បកស្រាយតាមរយៈការផ្តល់ជាអនុសាសន៍ «ដប់ចំណុច» ដូច​ខាង​ក្រោម៖

១- ធ្វើវិមជ្ឈការលើសេវាសាធារណៈទាំងអស់ បានទៅដល់ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ តួយ៉ាងដូច​ជាការ​ផ្ទេរ​ចេញ នូវការធ្វើអត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប្លង់ដី, ប៉ាស្ព័រ និងការសុំធ្វើអាជីវកម្មនានាជាដើម បានទៅ​ដល់ថ្នាក់ស្រុក និងឃុំដោយផ្ទាល់។

២- រដ្ឋាភិបាលត្រូវរៀបចំ ឲ្យមាន«ស្តង់ដាសេវាសាធារណៈជាតិ»មួយ។ បន្ទាប់មកត្រូវយកស្តង់ដា នៃសេវា​សាធារណៈជាតិនេះ ទៅរៀបចំនូវសេវានានា ទៅតាមផ្នែកនីមួយៗដូចជា ផ្នែកសុខាភិបាល សង្គមកិច្ច ពន្ធដារ ពាណិជ្ជកម្ម សុរិយោដីជាដើម។

៣- ត្រួវមានប្រព័ន្ធតាមដានមួយ ដើម្បីឲ្យការផ្តល់នូវសេវាសាធារណៈនេះ មានកម្រិតខ្ពស់ ទទួលយកបាន ដល់​ប្រជាពលរដ្ឋ និងមានភាពទន់ភ្លន់ មិនរើងអើង ក្នុងតម្លៃសមរម្យ គ្មានអំពើពុករលួយ និងគ្មានការិយាធិបតេយ្យ។

៤- រដ្ឋាភិបាលត្រូវធ្វើការសិក្សាស្រាវជ្រាវនូវទិន្ន័យដើមមួយ ទៅលើស្តង់ដាសេវាសាធារណៈតាមផ្នែកនីមួយៗ ថា​តើផ្នែកទាំងនោះស្ថិតលើកម្រិតគុណភាពត្រឹមណា ដំណើរការយ៉ាងណា និងមានប្រសិទ្ធិភាពយ៉ាងដូចម្តេច។ ឧទាហរណ៍​ផ្នែកសុខាភិបាល តើកម្រិតគុណភាពសុខាភិបាលត្រឹមណានៅមន្ទីរពេទ្យ នៅមណ្ឌលសុខភាព និង​ប៉ុស្តិ៍សុខភាពជាដើម។

៥- រដ្ឋាភិបាល ត្រូវមានស្ថាប័នឯករាជ្យមួយសិក្សាជាប្រចាំឆ្នាំ ជាមួយនឹងការផ្សព្វផ្សាយ នូវរបាយការណ៍ទាំងនោះ​ឲ្យទាន់ពេលវេលា ដើម្បី«យក»របបគំហើញទាំង«ល្អ» និង«មិន»ល្អ មកធ្វើការកែប្រែរនិងរៀបចំឡើងវិញ ពាក់ព័ន្ធ​នឹងការផ្តល់សេវាសាធារណៈទាំងនោះ។

៦- ត្រូវ«គិត» និង«មើល»ទៅលើមន្រ្តីដែលនឹងត្រូវអនុវត្តនូវប្រព័ន្ធ«សេវា»ទាំងនោះ តាមរយៈការលើកទឹកចិត្ត ផ្តល់​ប្រាក់ខែសម្រាប់មន្រ្តីរាជការ ទាហាន ប៉ូលីស ដែលផ្លត់សេវាសាធារណៈឲ្យបានទាបបំផុត «ប្រាំរយ»ដុល្លាក្នុង ម្នាក់ៗរាងរាល់ខែ។

៧- រដ្ឋាភិបាលនឹងត្រូវធ្វើការវិភាគទៅលើ«មុខងារ និងភារកិច្ច» របស់អ្នកផ្តល់សេវានីមួយៗឲ្យបានលំអិត ជាមួយ​នឹងការធ្វើនូវ«កិច្ចសន្យា»ក្នុងនាមរដ្ឋ។ មន្រ្តីទាំងនោះត្រូវបំពេញនូវការតព្វកិច្ច ដោយផ្អែកទៅលើលក្ខខន្តិកៈ​មន្រ្តី​រាជការ ឬលក្ខខន្តិកៈពិសេសមន្រ្តីរាជការឲ្យបានល្អ។

៨- ក្រសួងនីមួយៗត្រូវមាន«ក្រមសីលធម៌»នៃអ្នកផ្តល់សេវា និងគោលនយោបាយ ដាក់ទណ្ឌកម្ម។ តែបើមាន​ករណីទាំងពីរនេះហើយ បើរដ្ឋាភិបាលមិនយកមកអនុវត្ត នោះ«អ្នក»ផ្តល់សេវា និងក៏មិន«ខ្វល់» ទៅនឹងការ​អនុវត្តទាំងនោះដែរ។

៩- ត្រូវធ្វើការបើកចំហរពេញលេញ ឲ្យមានការចូលរួមដោយប្រជាពលរដ្ឋគ្រប់ទិសទី រួមជាមួយនឹងការចុះផ្សាយ ឬផ្សព្វផ្សាយនូវរាល់សកម្មភាពទាំងឡាយ ដែលចេញមកពីអំពើពុករលួយនៃមន្រ្តីផ្តល់សេវាសាធារណៈទាំងនោះ ក្នុងការផ្តល់ឲ្យមាននូវតម្លាភាពមួយកម្រិតទៀត។

១០- យើងមិនអាចនិយាយពីកំណែទម្រង់ យើងមិនអាចនិយាយ ពីការកែសេវាសាធារណៈ​ ឲ្យមានគុណភាព​ដោយខ្វះតម្លាភាពព័ត៌មានទេ។ ព័ត៌មានទាំងឡាយ ដែលកើតឡើង ត្រូវតែមានតម្លាភាពក្នុងការផ្សព្វផ្សាយ។

ដើម្បីផ្តល់នូវប្រសិទ្ធិភាពពិតប្រាកដ ក្នុងការអនុវត្តសេលវាសាធារណៈ បានទៅដល់ប្រជាពលរដ្ឋនោះ រដ្ឋាភិបាល​ត្រួវតែអនុវត្ត ឬធ្វើឲ្យបាននូវចំណុចទាំងដប់ខាងលើនេះព្រមៗគ្នា។ រដ្ឋាភិបាលត្រូវរៀបចំនូវគោលនយោបាយមួយ ឲ្យមានការចូលរួមពីសហគមន៍ ពីប្រជាពលរដ្ឋដែលធ្លាប់មានកន្លងមក តែត្រូវធ្វើការធ្វើការវិនិយោគឲ្យគណកម្មការ នោះ​មានដំណើរការ ត្រូវបង្កើនសមត្ថភាពសមាជិកក្នុងគណកម្មការ ត្រូវបើកចំហរព័ត៌មាន ទើបអាចដំណើរការនូវ​«អភិបាលកិច្ចល្អ» ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...