ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងអះអាងថា រូបលោកនិងសហការី ត្រូវបានលោក ហ៊ុន សែន ចាត់ឲ្យទទួលបន្ទុក ដើម្បីកែរដ្ឋធម្មនុញ្ញ កំណត់ជន​កម្ពុជា​គ្រប់​រូប​ មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់ ​ដល់​ផលប្រយោជន៍​ជាតិ​ ទាំង​ក្នុង​ប្រទេស​ក្តី ក្រៅ​ប្រទេស​ក្តី​។ លោកបានលើកយកមនុស្សម្នាក់មកបញ្ជាក់ នោះគឺកញ្ញា កឹម មនោវិទ្យា កូនស្រីប្រធានគណបក្សសង្គ្រោះជាតិ។
ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លើកដៃចង្អុលបង្ហាញទៅមន្ត្រីគ្រាក់ៗរបស់លោក ក្នុងនោះលោក ស ខេង នៅខាងឆ្វេងដៃនាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 30, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈប់ជ្រលក់មាត់ ជាមួយគណបក្សប្រឆាំងទៀតហើយ! ប៉ុន្តែធាតុពិត ដូចជាមិនដូច្នេះទេ ព្រោះគ្រាន់តែកូនស្រីម្នាក់ របស់មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានវត្តមាន​នៅក្រៅប្រទេស កំពុងធ្វើឲ្យលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ខ្វាយខ្វល់មិនលែងឡើយ និងឈានទៅកែរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យជនកម្ពុជា ដូចជារូបនាងនេះ «ធ្វើសកម្មភាពឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ ទាំងក្នុងនិងក្រៅប្រទេស»។

គម្រោងការ«កែរដ្ឋធម្មនុញ្ញ»នេះ ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងឡើងដោយផ្ទាល់មាត់ កាលពីថ្ងៃទី២៨ ខែធ្នូនេះ នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ លោកបានអះអាងថា លោកនិងសហការី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ឲ្យទទួលបន្ទុក ក្នុងការធ្វើ«វិសោធនកម្មរដ្ឋធម្មនុញ្ញ» ដែលប្រហែលជាមាន៧ចំណុច ហើយសម្រេចយកតែ៣ចំណុច។

ពីក្នុងចំណោម៣ចំណុច ដែលរដ្ឋាភិបាលកម្ពុជា គ្រោងយកមកធ្វើជាគោល ក្នុងការកែរដ្ឋធម្មនុញ្ញ មានចំណុចមួយ ត្រូវបានលោក ស ខេង ថ្លែងយោងពីកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលលោកបានចោទថា យកប្រទេសកម្ពុជា ទៅប្រៀបធៀប ជាមួយប្រទេស«អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី លីប៊ី អេហ្ស៊ីប និង​ប្រទេស​មួយ​ចំនួន​ទៀត និង​ថ្មីៗ​នេះ​ ប្រៀប​ជាមួយ​នឹង​មីយ៉ាន់ម៉ា»។ លោករដ្ឋមន្ត្រី បានហៅសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ដែលបានស្នើឲ្យព្យួរអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ថាមាន«គំនិតអគតិ»។

លោក ស ខេង ដែលជាអនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ផងនោះ បានថ្លែង​ថា​៖ «[កឹម មនោវិទ្យា​] សិក្សា​រៀនសូត្រ​ចេះ​ [ដឹង​ច្រើន] តែ​ទី​បំផុត​នៅ​តែ​រស់នៅ ​ដោយ​គំនិត​ស្មោកគ្រោក ​ទាប​ថោក​លក់​ឧត្តមគតិ​។ ទេ ​បើ​គ្រាន់​តែ​ថ្លែងការណ៍​ទាមទារ​នេះ ទាមទារ​នោះ​វា​មិន​អី​ទេ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ ដែល​ប៉ះ​ទៅ​ដល់​ផលប្រយោជន៍​ជាតិ​ អាហ្នឹង​គឺជា​រឿង​ធំ​...​ ចំណុច​នេះ​ប្រហែល​ជា​ត្រូវ​ចែង ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ [ថា]ជន​កម្ពុជា​គ្រប់​រូប​ មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ ដល់​ផលប្រយោជន៍​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​ក្នុង​ប្រទេស​ក្តី ក្រៅ​ប្រទេស​ក្តី​។»​។

កញ្ញា កឹម មនោវិទ្យា បានឆ្លើយតប នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) ទៅនឹងការលើកឡើង របស់លោក ស ខេង ថា រូបនាងមិនដែលប្រៀប​ធៀប​ប្រទេសកំណើតខ្លួន ទៅនឹងប្រទេសអាហ្វហ្គានីស្ថាន ឬប្រទេសស៊ីរីនោះឡើយ។ ផ្ទុយទៅវិញ គឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងទៅវិញទេ ដែលតែងតែធ្វើការប្រៀបធៀប បែបមិនទំនងរបៀបនេះ។ កូនស្រីមេបក្សប្រឆាំងរូបនេះ បានថ្លែងឡើងថា៖ «ឈុតកំប្លែងទាំងនេះ ត្រូវបានបង្កើតឡើង និងជាជំហានទៅធ្វើវិសោធនកម្ម ដោយមិនស្របតាមលទ្ធិប្រជាធិបតេយ្យ និងតាមបែបព្រៃផ្សៃ ដែលពួកគេ​ហៅថាច្បាប់»។

រដ្ឋាភិបាលលោក ហ៊ុន សែន តែងរងការចោទប្រកាន់ថា បានបង្កើតច្បាប់ជាច្រើន ដើម្បីដាក់កំហិត ទៅលើតែបុគ្គលប៉ុន្មាននាក់ ដោយមិនមានវិសាលភាព ក្នុងការអនុវត្តន៍ជាទូទៅនោះឡើយ។ ក្នុងនោះមានច្បាប់​ឯកព័ន្ធភាព ដែល​​ធ្វើ​ឡើង​ សំដៅ​ទៅ​បញ្ចប់​ជីវិតនយោបាយ របស់ព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ  និងច្បាប់​ប្រឆាំងនឹង​អ្នក​មិន​ទទួល​​ស្គាល់​​របបខ្មែរ​ក្រហម ដែល​សំដៅទៅលើ លោក កឹម សុខា បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានថ្លែងទាក់ទង​នឹង​​គុក​ទួល​ស្លែង​។

ចំពោះគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់កំហិតទៅលើសកម្មភាព របស់កូនស្រីលោក កឹម សុខា ខាងលើនេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់ ពន្យល់ថា «មិនមានភាពច្បាប់លាស់ និងចម្លែក»។ ស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ លោក សុក សំអឿន អ្នកជំនាញច្បាប់នៅក្នុងប្រទេសកម្ពុជា បានសួរថា តើវាមានន័យ​ដូចម្តេច​ ដែល​ថា​«ប៉ះពាល់​ដល់​ប្រទេស​ជាតិ​»?​។

លោក​ សុក សំអឿន បាន​លើក​ឡើង​ថា​៖ «​ការ​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ ឬ​អង្គការ​សហប្រជាជាតិ​ ដាក់​ទោស​អ្នក​ណា​ម្នាក់ ​ដែល​រំលោភ​សិទិ្ធមនុស្ស​ គឺ​មិនមែន​មាន​ន័យ​ថា ​ជា​អ្នក​ធ្វើឱ្យ​អន្តរាយ ​ដល់​ប្រទេស​ជាតិ​នោះ​ទេ​»​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...