ព្រៃឈើ និងដីធ្លី៖ ពលរដ្ឋពី២៥ខេត្តក្រុង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី២៩ ខែឧសភានេះ សហគមន៍ដីធ្លី និងព្រៃឈើ មកពី២៥ខេត្តក្រុង ដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យចាត់វិធានការ ចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសព្រៃឈើ និងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។
ក្រុមពលរដ្ឋ មកដាក់ពាក្យបណ្ដឹងនៅមុខ អង្គភាពប្រឆាំងអំពើពុករលួយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
អំពើពុរលួយ - ដោយមើលឃើញថា ភាគច្រើននៃការបាត់បង់ដីធ្លី ព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ គឺបណ្តាលមកពីការប្រប្រព្រឹត្តអំពើពុករលួយ ហេតុដូច្នេះនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋប្រមាណ ជាង២០០នាក់ មកពី២៥ខេត្តក្រុង ដែលមានជម្លោះដីធ្លី និងការកាប់បំផ្លាញព្រៃឈើ រួមមានព្រះសង្ឃផងដែរ បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឱ្យស្ថាប័នមួយនេះ ចាត់វិធានការលុបបំបាត់អំពើពុករលួយនៅតាមមូលដ្ឋាន និងអន្តរាគមន៍ក្នុងការបញ្ឈប់ការបំផ្លាញធនធានធម្មជាតិ។
តំណាងប្រជាសហគមន៍មួយរូប បានឱ្យដឹងថា លោកបានរកឃើញថាបញ្ហានានា គឺបណ្តាលមកពីការពាក់ព័ន្ធ ជាមួយនឹងអំពើពុករលួយ ដែលមានការឃុបឃិតគ្នា ជាមួយមន្រ្តីនៅតាមមូលដ្ឋាន និងមន្រ្តីថ្នាក់ជាតិមួយចំនួន បានផ្តល់ឱកាសឱ្យអ្នកប្រព្រឹត្តបទល្មើស ដូចជាក្រុមហ៊ុនជាដើម ធ្វើការកាប់បំផ្លាញព្រៃឈើ បំផ្លាញធនធានជលផល និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋ។ លោកធ្វើដំណើរមកថ្ងៃនេះ បានពាំនាំយកភស្តុតាង ដែលរកបានពីការប្រព្រឹត្តរបស់មន្រ្តីមួយចំនួន ដាក់បណ្តឹងទៅអង្គភាពមួយនេះ។ លោកសង្ឃឹមថា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបាន នូវឯកសារជាភស្តុតាងមួយចំនួនខាងលើ អង្គភាពនឹងចាត់វិធានការចំពោះអ្នកប្រព្រឹត្តទាំងនោះ។
ពលរដ្ឋពីការរំលោភដីធ្លីម្នាក់ ឈ្មោះ សុខ រស់ មានអាយុ៤៧ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍របស់លោក មានចំនួន២៨៥គ្រួសារ កំពុងមានទំនាស់ដីធ្លីដោយសារតែក្រុមហ៊ុនភ្នំពេញស៊ូហ្គើ រំលោភយកដីជាង២ពាន់ហិចតា។ ពលរដ្ឋមកពីខេត្តកំពុងស្ពឺរូបនេះ បានប្រាប់ថា កន្លងមកប្រជាពលរដ្ឋ ធ្លាប់បានដាក់ញត្តិ ស្វែងរកដំណោះស្រាយ ពីរដ្ឋាភិបាលជាច្រើនដង តែនៅទាន់មានការអន្តរាគមន៍ពីខាងណានោះទេ។
លោក ណៃ វ៉ង់ដា មន្រ្តីសិទ្ធិមនុស្សនៃសមាគមន៍សិទ្ធមនុស្ស អាដហុក និងជាអ្នកឃ្លាំមើលស្ថានភាពនេះផ្ទាល់ បានលើកឡើងថា ប្រតិកម្មរបស់ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញថា អំពើបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ គឺមានលក្ខណៈមិនអាចទប់ស្កាត់បានទេ នៅត្រឹមក្របខណ្ឌសហគមន៍ ដូច្នេះទាមទារឱ្យភ្នាក់ងាររដ្ឋ ដែលប្រឆាំងអំពើពុករលួយដោះស្រាយជាបន្ទាន់ និងបង្កើតប្រសិទ្ធភាព នៃការធ្វើការងាររបស់ខ្លួន។
បញ្ហាអភិបាលកិច្ច នៅតាមមូលដ្ឋាន ...
លោកបន្តថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋ មកពីគ្រប់ខេត្ត មកដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ដោយសារការកង្វះតម្លាភាព នូវការគ្រប់គ្រង និងកម្សោយនៃអភិបាលកិច្ចមូលដ្ឋាន។ លោកពន្យល់យ៉ាងដូច្នេះថា ដោយសារតែការកង្វះតម្លាភាពនូវការគ្រប់គ្រង និងកម្សោយនៃអភិបាលកិច្ចមូលដ្ឋាននេះហើយ ដែលធ្វើឱ្យ មានបញ្ហាយុត្តិធម៌សង្គមជាបន្តបន្ទាប់ រហូតដល់កើតមានសង្រ្គាមស៊ីវិល និងមានការបដិវត្តជាដើម។ ដូច្នេះសកម្មភាពថ្ងៃនេះ គឺជាសារមួយ ដែលធ្វើឱ្យរដ្ឋាភិបាលបានស្តាប់លឺ ហើយធ្វើការលើកកម្ពស់នូវអភិបាលកិច្ចល្អ នៅតាមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងលុបបំបាត់អំពើរពុករលួយដើម្បីឱ្យការដឹកនាំរបស់រដ្ឋាភិបាលកាន់តែមានតម្លាភាពថែមទៀត បើមិនដូច្នេះទេ នឹងអាចជួបបញ្ហាដូចរបបមុនៗដែរ៕