បណ្ដាំ​ចុង​ក្រោយ​របស់ អាឡិច ដើម្បី​ធម្មជាតិ និង​​ជីវិត​​អ្នក

នៅមុនការចាកចេញ ដោយបង្ខំពីសំណាក់អាជ្ញាធររដ្ឋាភិបាល លោក អាឡិច សកម្មជនបរិស្ថានការពារតំបន់អារ៉ែង ដ៏ល្បីឈ្មោះ បានទុកពាក្យបណ្ដាំចុងក្រោយ ប៉ុន្មានឃ្លា សម្រាប់ក្រុមការងាររបស់លោក និងអ្នកស្នេហាធម្មជាតិ នៅកម្ពុជា។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កុម្ភៈ ២០១៤
  • កែប្រែចុងក្រោយ: February 23, 2015
  • ប្រធានបទ: អន្តោរប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជនបរិស្ថានជាតិអេស្ប៉ាញ ដ៏ល្បីឈ្មោះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានទុកនូវបណ្ដាំចុងក្រោយបង្អស់មួយ មុននឹងចាកចេញពីរាជធានីភ្នំពេញ តាមជើងហោះហើរ TG 585 របស់ក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវេ កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈនេះ ឆ្ពោះទៅកាន់រាជធានី បាងកក ប្រទេស​ថៃ ទីកន្លែងដែលលោកត្រូវផ្លាស់ប្ដូរយន្ដហោះ មុននឹងបន្តដំណើរទៅកាន់រាជធានី ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលជា​ប្រទេសកំណើតរបស់លោក។

នៅក្នុងបណ្ដាំចុងក្រោយ របស់លោក អាឡិច ដែលចេញផ្សាយ ដោយសេចក្ដីប្រកាសព័ត៌មាន របស់អង្គការមាតា​ធម្មជាតិ បានសរសេរសំដៅឆ្ពោះ ទៅរកក្រុមការងាររបស់លោក និងបណ្ដាអ្នកស្នេហាធនធានធម្មជាតិទាំងឡាយ នៅ​ក្នុង​ប្រទេស​កម្ពុជា សុំឲ្យ«ពង្រឹង»ជំហរកាន់តែខ្លាំងឡើង៖ «STAY STRONG»។ លោក បានសរសរជា​សារខ្លីទៀត​ថា៖ «ការ​តស៊ូ​ដើម្បី​ក្ដីសង្ឃឹម គឺជារបស់អ្នកហើយ។ តស៊ូដើម្បីធម្មជាតិ និងដើម្បីជីវិតរបស់យើងរាល់គ្នា។ (The battle is yours to be won. For Nature, our Life)»។

កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលាម៉ោង៨ និង៥៨នាទី លោក អាឡិច ត្រូវបានបង្ខំឲ្យចេញពីកម្ពុជាតាម​យន្ដហោះ​ បន្ទាប់ពីលោក ត្រូវបាន​ចាប់ខ្លួន និងចាត់ចូលក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមមិនឲ្យចូលមកក្នុងទឹកដីកម្ពុជា កាលពីរសៀលថ្ងៃដដែល តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការថ្លែង​ប្រតិកម្ម​ខ្លាំងៗ របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកល​វិទ្យាល័យ​​ជាតិ​គ្រប់គ្រង ព្រឹកថ្ងៃដដែលនេះ បុរសខ្លាំងនៅ​កម្ពុជា​ដែលកាន់អំណាច តាំងពី៣០ឆ្នាំមកហើយ មិនត្រឹម​តែ​ប្រតិកម្ម ឲ្យ​មាន​ការបណ្ដេញលោក អាឡិច ចេញប៉ុណ្ណោះទេ តែ​ថែមទាំងបានធ្វើការព្រមាន ដល់ពលរដ្ឋកម្ពុជា ឬ​សកម្មជន​ផ្សេង​ផង​ទៀត។ លោក ហ៊ុន សែន បានថ្លែងថា៖ «មិនថា​ជន​បរទេសបំពានទេ ជនជាតិខ្មែរបំពាន ក៏ត្រូវតែ​មានទោស​ដែរ»។

ការសម្រេចចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដេញលោក អាឡិច ចេញពីប្រទេស បានបង្កឲ្យមានការរិះគន់​យ៉ាង​ខ្លាំងក្លា ពីសំណាក់ពលរដ្ឋជាទូទៅ ជាពិសេសពីសំណាក់ អ្នកស្នេហាធនធានធម្មជាតិ។ នៅតាមបណ្ដាញសង្គម ចលនា​ប្រតិកម្ម​ប្រឆាំង នឹងការបណ្ដេញចេញនេះ បានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ អ្នកទាំងនោះភាគច្រើន បានចាត់ទុកលោក អាឡិច ថាជាវីរៈបុរសរបស់ពួកគេ និងរះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាបានអនុវត្តច្បាប់«ខុសទំនង» ទៅលើ​សកម្មជន​ការពារ​ធនធានធម្មជាតិ ខណៈមានជនអន្តោរប្រវេសន៍ រាប់សិបម៉ឺនសែននាក់​ផ្សេងទៀត កំពុងរស់នៅដោយខុសច្បាប់ ក្នុង​ប្រទេស​កម្ពុជា តែរដ្ឋាភិបាលគណបក្សប្រជាជនមួយនេះ មិនដែលឈឺក្បាលម្ដងណាឡើយ។

មន្ត្រី​មកពីមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា បានសរសេរ នៅ​លើ​គណនីហ្វេសប៊ុក របស់​លោកថា៖ «ប្រហែលជាមោទភាពខ្លាំង ដែលសម្តីខ្លួននិយាយចេញភ្លាម អ្នក​ក្រោម​អំណាច​ធ្វើភ្លាម។ តែភ្លេចគិតថា ការធ្វើបែបនេះ កាន់តែធ្វើឲ្យខ្លួនឯង បាត់បង់ការគាំទ្រកាន់តែខ្លាំង ទាំងនយោបាយក្នុង​ប្រទេស និងក្រៅប្រទេស!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...