និស្សិតសកម្មជនកាពារព្រៃអារ៉ែង រងការព្យួការសិក្សាពីសាលា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ២៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: ការសិក្សា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់រយៈពេលជិត១ឆ្នាំហើយ គិតចាប់តាំង ពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលយុវជនពីរនាក់ បានត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ស៊ិនូហាយដ្រូ (SINOHYDRO) និងអាជ្ញាធរព្យាយាម ចូលទៅកាន់តំបន់អារ៉ែង។ ជុំ ហួត និង ជុំ ហួរ ដែលជានិស្សិតមកពីខេត្តបាត់ដំបង រៀនឆ្នាំទី២ និងទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេស នៅមហាវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានត្រូវមហាវិទ្យាល័យនេះ ព្យួការសិក្សារយៈពេល៧ខែ និងពិន័យជាប្រាក់ ជាង២០០ដុល្លា រួមទាំងការប្រលងសងឡើងវិញ។ មូលហេតុ ដោយសារអ្នកទាំងពីរ ជាប់មមាញឹក ក្នុងការចូលរួមសកម្មភាព ជាមួយក្រុមចលនាមាតាធម្មជាតិ នៅតំបន់អារ៉ែង។
យុវជន ជុំ ហួត ដែលជាប្អួន បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះថា សាលារបស់យុវជនហាក់លំអៀងណាស់ ព្រោះមាននិស្សិតមួយក្រុមផ្សេងទៀត ដែលគេស្គាល់ថា ជាក្រុម«និស្សិតសម្តេចតេជោ» (ជាអ្នកចុះវាស់ដីធ្វើប្លង់) ដែលមិនបានមករៀនដូចគ្នា ប៉ុន្តែពួកគេត្រូវជាប់ដោយស្វ័យប្រវត្តិទាំងអស់ ហើយរដ្ឋាបាលសាលា បានថែមលុយឲ្យ៣០០ដុល្លាទៀត ទាំងគ្មានហេតុផលច្បាស់លាស់។
ដោយឡែក ចំពោះយុវជនទាំងពីរនាក់បងប្អួនវិញ ទោះជាមានការមមាញឹក ក្នុងការចូលរួមជាមួយចលនាស្ម័គ្រចិត្ត នៅតំបន់អារ៉ែងនោះក៏ដោយ ក៏នៅតែឆ្លៀតដើម្បីបាន មកចូលរួមប្រលង ឲ្យខាងតែបាន នៅថ្ងៃកំណត់។ ប៉ុន្តែនៅពេលមកដល់ យុវជនបានដឹងថា ខ្លួនត្រូវបាននាយកប្រត្តិបត្តិថ្មី របស់មហាវិទ្យាល័យ សាខាស្ទឹងមានជ័យ លុបឈ្មោះចេញពីបញ្ជី និងចេញលិខិតព្យួរឈ្មោះ និងរងចាំ០៧ខែទៀត ទើបអាចប្រលងសងបាន។ មិនតែប៉ុណ្ណោះ យុវជនថែមទាំងត្រូវបង់ប្រាក់២០០ដុល្លា សម្រាប់ថ្លៃប្រលងនោះទៀត។
ការរើសអើង!
ជុំ ហួត និងបងប្រុសបញ្ជាក់ថា៖ «កុំថាឡើយលុយ២០០ដុល្លា សូម្បីតែលុយថ្លៃអាហារថ្ងៃខ្លះ ខ្ញុំអត់បាយថ្ងៃខ្លះក៏មាន»។ ព្រោះរាល់ថ្ងៃ អ្នកទាំងពីរ ជាអ្នកធ្វើការស្មគ្រចិត្ត ការពារព្រៃអារ៉ែង ហើយធ្វើដំណើរមករៀន នៅសាលានេះជារៀងរាល់ ថ្ងៃសៅអាទិត្យ។ យុជនបានបញ្ជាក់ទៀតថា ខ្លូនបង់ថ្លៃសាលាក្នុងមួយឆ្នាំ ២៤៥ដុល្លា។ ថវិកានេះ ជាជំនួយរបស់ជនជាតិ អ៊ឺរុប ដែលបានផ្តល់មកខ្លូន សម្រាប់តែថ្លៃសាលាប៉ុណ្ណោះ។
និស្សិតផ្នែកអក្សសាស្ត្រអង់គ្លេស់ បានបន្តត្អូញត្អែរថា ខ្លួនមិនត្រឹមតែរងការរើសអើង ពីក្រុមហ៊ុននិងអាជ្ញាធរ ដែលចង់ចូលទៅ តំបន់អារ៉ែងប៉ុណ្ណោះទេ ប៉ុន្តែនាយកសាលារបស់ខ្លួន ក៏មានការរើសអើងមកលើខ្លួនដែរ។ ជុំ ហួត ដែលមានវ័យ២៦ ឆ្នាំ បានថ្លែងពីទុក្ខលំបាកថា ពេលខ្លះគ្មានអាហារហូបចុក នៅក្នុងព្រៃក៏មាន ហើយត្រូវក្រុមអាជ្ញាធរនៅទីនោះ ចាប់ទៅប៉ុស្តិ៍ គម្រាមកំហែងយ៉ាងតឹងតែង មិនឲ្យការពារព្រៃ បើកដៃឲ្យក្រុមហ៊ុនចូលកាប់ព្រៃក៏មាន។ ម្យ៉ាងទៀត ត្រូវប្រឈមមុខ ជាមួយសត្វព្រៃជាច្រើនប្រភេទ និងរស់នៅក្រោមដំណក់ទឹកភ្លៀងជាដើម។ តែផ្ទុយទៅវិញ គ្មានអ្នកណាមើលឃើញ ពីការតស៊ូដើម្បីព្រៃឈើនេះឡើយ មានតែភាពរើសអើងត្រឡប់មកវិញប៉ុណ្ណោះ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីមហាវិទ្យាល័យខាងលើ ជុំវិញការចោទប្រកាន់ ពីបញ្ហានៃការ«រើសអើង»នេះ បានឡើយ។ ប៉ុន្តែលោកបណ្ឌិត មាស បូរ៉ា សកលវិទ្យាធិការរង ទទួលបន្ទុកស្រាវជ្រាវនៃសាកលវិទ្យាល័យឯកទេសនៃ កម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ផ្សាយជាខេមរភាសាថា និស្សិតទាំងអស់មានសិទ្ធិប្រឡងបាន លុះត្រាណាតែមិនមានអវត្តមាន លើសពីគោលការណ៍ ដែលសាលាបានកំណត់។ លោក មាស បូរ៉ា បានថ្លែងឡើងថា៖ «មិនបញ្ហាអីទេ គ្រាន់តែបញ្ហាវិន័យតិចតួចហ្នឹងណា! គាត់អវត្តមានច្រើនហ្នឹងណា»។
ទាក់ទងនឹងករណីលុបឈ្មោះ និស្សិត ជុំ ហួរ និង ជុំ ហួត ពីសាកលវិទ្យាល័យ CUS នេះ លោកនាយកប្រត្តិបត្តិ សាខាស្ទឹងមានជ័យ បានហៅយុវជទាំងពីរទៅជួប កាលពីរសៀលថ្ងៃទី២៥ ខែមិថុនានេះ ដើម្បីពិភាក្សារពីការសើរើឈ្មោះ និស្សិតទាំងពីរ ពីសាខាចាស់នៅទួលគោកមកវិញ និងពិនិត្យឲ្យរៀនបន្ត។ លោកនាយកប្រតិបត្តិរូបនោះ បានថ្លែងនិយាយប្រាប់យុវជនទាំងពីរនាក់ថា៖ «កុំឲ្យគេដឹងរឿងនេះច្រើនអី លោកគ្រូនឹងបញ្ជូលឈ្មោះឯងទាំងពីរវិញ»។
ប៉ុន្តែយ៉ាងណាក៏ដោយ យុវជន ជុំ ហួត បានបញ្ជាក់ថា ខ្លូននៅមិនទាន់បានទទួល លិខិតស្នាមមានបោះត្រា ពីនាយកនៅឡើយ ដោយទទួលបានការអះអាងនេះ ត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ។ ដុច្នេះ យុវជននៅមិនទាន់មានការទុកចិត្ត បាន១០០ភាគរយនោះទេ៕