«កំណត់​ទូត»​ទាំង៨ រឿង​ព្រំដែន​«ខ្មែរ-យួន» មាន​ពិត​ឬ​ទេ?

តើមានអាថ៌កំបាំងអ្វីខ្លះ ស្ថិតនៅពីក្រោយ«កំណត់ទូត»ទាំង៨ ស្ដីពីវិវាតព្រំដែន ជាមួយប្រទេសវៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងការបរទេស មិនហ៊ានផ្សាយឲ្យដឹង ជាសាធារណៈនោះ? នៅចំពោះចំងល់នេះ មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង និង​មក​ពីសង្គមស៊ីវិលមួយចំនួន បានទាមទារ ឲ្យបញ្ចេញកំណត់ទូតនោះ ជា​សាធារណៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្ហើបរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ពី«កំណត់ទូត»ដ៏អាថ៌កំបាំង ចំនួន៨ ដែលក្រសួង​ការបរទេសកម្ពុជា បានធ្វើការតវ៉ា ប្រឆាំងទៅប្រទេសវៀតណាម ទាក់ទងនឹងបញ្ហាព្រំដែន តាំងពីឆ្នាំ២០១៣​មកនោះ បានបង្កឲ្យមានចំងល់ជាទូទៅ ថាតើ«កំណត់ទូត»ទាំងនោះ មានពិតឬយ៉ាងណា ហើយរដ្ឋាភិបាល បានធ្វើកំណត់ទូតទាំងនោះ ទាក់ទងនឹងបញ្ហាព្រំដែន នៅទីណាខ្លះ? ទាំងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រី​មួយ​ចំនួន ពីអង្គការសង្គមស៊ីវិល សុទ្ធតែទាមទារឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញកំណត់ទូតដ៏​«អាថ៌កំបាំង»​ទាំង​ប្រាំបីនោះ ជាសាធារណៈ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាងហ្វូ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មក​ពី​គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា  លោកនឹងបន្តស្នើ ឲ្យក្រសួងការបរទេសកម្ពុជា បង្ហាញជា​សាធារណៈ នូវ«កំណត់ទូត»ទាំងប្រាំបី ដែលលោកហោ ណាំហុង បានអះអាង ជាមួយនឹងលោក ហេង សំរិន ថា​បាន​ដាក់​​ទៅ​កាន់​ប្រទេសវៀណាម ពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ននេះ។

លោក សំអាន បានពន្យល់ថា ក្រសួងការបរទេស ត្រូវតែបង្ហាញកំណត់ទូតនោះ ដើម្បីសាធារណៈជនបានដឹង ពិសេសប្រជាពលរដ្ឋ ដែលកំពុងមានការក្តៅក្រហាយ ពីបញ្ហានៃការឈ្លានពានទឹកដី របស់វៀតណាម ជាមួយ​នឹងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលនេះ។ លោកតំណាងរាស្ត្រ បានថ្លែងឲ្យដឹងថា៖ «គាត់គួតែបង្ហាញ កំណត់​ទូតទាំង៨ ដើម្បីឲ្យគេដឹងថា យើងតវ៉ាលើចំណុចណាខ្លះ។ ចំណុចខ្លះទាមទារ ឲ្យមានការដោះស្រាយដែរ តើ​មាន​ការកំណត់ក្នុងនោះ ដើម្បីឲ្យដោះស្រាយឬទេ គាត់គួតែបង្ហាញនូវបញ្ហាទាំងនោះ។»

មេដឹកនាំអង្គការសង្គមស៊ីវិលមួយរូប លោក យ៉ង់ គឹមអេង ក៏បានយល់ស្របដែរ ថាក្រសួងការបរទេសកម្ពុជា ត្រូវតែបង្ហាញនូវកំណត់ទូតអាថ៌កំបាំង ចំនួនប្រាំបីនោះ ជាសាធារណៈ ដើម្បីឲ្យសាធារណៈជនបានឃើញ នឹងដឹងថា តើខ្លួនបានធ្វើកំណត់ទូតនោះ យ៉ាងណាខ្លះ?

កំណត់ទូត ដែលមានតែសម្បក?

លោក គីមអេង បានថ្លែងបន្តថា ឥឡូវនេះបញ្ហាព្រំដែន ជាបញ្ហារស៊ើប ដែលពលរដ្ឋកំពុងតាមដាន និងយកចិត្ត​ទុកដាក់។ ជាមួយគ្នានេះ ពលរដ្ឋក៏កំពុងរង់ចាំមើល ចំណាត់ការដ៏សមស្រប របស់រដ្ឋាភិបាលកម្ពុជា ដែល​​កំពុង​តែធ្វើដែរ។ លោកថា បើក្នុងករណី​ ដែលក្រសួងការបរទេសកម្ពុជា មិនបានបង្ហាញ«កំណត់ទូត» ទាំង​​ប្រាំបី​នោះ​ទេ វានឹងជាបញ្ហាមួយ ដែលត្រូវប្រឈមមុខ នឹងការអស់ជំនឿពីប្រជាពលរដ្ឋ។ លោកបានឲ្យដឹងថា៖ «បើមាន​(កំណត់​ទូត) ប្រជាជននឹងជឿ ហើយអាចមានទំនុកចិត្ត លើរដ្ឋាភិបាលកាន់តែខ្លាំង និងស្ងើចថា (រដ្ឋាភិបាល)​បាន​យក​ចិត្ត​ទុកដាក់ ព្រួយបារម្ភ ជាមួយនឹងការគិតគួរ រឿងព្រំដែន ជារឿងសំខាន់។ (...) បើ​គេ​បាន​ឃើញ គេ​ជឿ។ តែ​បើ​គេមិនបានឃើញ គេមិនជឿទេ។»

លោកប្រធានមជ្ឈមណ្ឌល បានបញ្ជាក់បន្ថែមថា ការបង្ហាញកំណត់ទូតនេះ ជាការសំខាន់ណាស់ សម្រាប់​រដ្ឋាភិបាលដែលត្រូវតែបង្ហាញខ្លួនថា កំពុងខិតខំ និងក៏បង្ហាញឲ្យគេបានដឹងពីការខំប្រឹងនេះ មិនមែនចេះ​តែ​ថា ហើយមិនបង្ហាញអ្វីសោះនោះទេ។ លោក យ៉ង់ គឹមអេង បាននិយាយថា៖ «បើរដ្ឋាភិបាលមិនបាន ឲ្យគេឃើញ​កំណត់ទូតហ្នឹងទេ អាចនឹងមានមន្ទិលសង្ស័យ ជាប់ក្នុងចិត្ត ដែលគិតថា អាចនឹង “គ្មានកំណត់ទូត” នោះ។»

ចំណេញដល់រដ្ឋាភិបាល

ការបង្ហាញកំណត់ទូតនោះ ជាការទទួលផលចំណេញមួយយ៉ាងខ្លាំង នោះគឺជំនឿរបស់ប្រជាពលរដ្ឋ ទៅលើ​រដ្ឋាភិបាល ដែលរដ្ឋាភិបាលកំពុងនិយាយថា ខ្លួនកំពុងគិតគូ ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម មិន​ព្រងើយ​កន្តើយ ពីបូរណៈភាពទឹកដីរបស់ខ្លួន ដែលកំពុងប្រឈម នឹងភាពចម្រូងចម្រាស់នេះ។ នេះជាការអះអាង​របស់ លោក ឆាយ ធី មន្ត្រីឃ្លាំមើលឯករាជ្យ និងជាសកម្មជនសិទ្ធិមនុស្ស នៅខេត្តរតនគីរី។

លោក ឆាយ ធី ដែលបានតាមដានបញ្ហាព្រំដែន កម្ពុជា-វៀតណាម យ៉ាងជិតដិតនោះ បានថ្លែងបន្តថា៖ «អ្វី​ដែល​រដ្ឋាភិបាលធ្វើ គួរតែបង្ហាញជាសាធារណៈ ដើម្បីបំពេញទឹកចិត្តរបស់ពលរដ្ឋ ដែលគាត់កំពុងតែតាមដាន។ (...) ពលរដ្ឋចង់ដឹងថា បញ្ហារដ្ឋាភិបាលមានឆន្ទះ និងជួយគិតគូឬទេ? បើ​បង្ហាញ​ជាសាធារណៈ ពលរដ្ឋ​សប្បាយ​​ចិត្ត​​ខ្លាំង ព្រោះព្រំដែន ជារឿងរបស់ខ្មែរទាំងអស់គ្នា។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា​បាន​ទេ ក្នុងថ្ងៃនេះ ដោយទូរស័ព្ទរបស់លោកបានបិទ។

តាមលិខិតរបស់លោក ហោ ណាហុង ចុះថ្ងៃទី១៦ ខែ​មិថុនា ទៅកាន់ប្រធានរដ្ឋសភាថា ចាប់ពីឆ្នាំ២០១៣មក កម្ពុជាបានធ្វើកំណត់ទូតចំនួនប្រាំបី មិនគិតពីកំណត់​ទូត​ថ្ងៃ​ទី​១២ និងទី១៤ ខែមិថុនានេះឡើយ។ នៅថ្ងៃទី១៧ ខែមិថុនាក្រសួងការបរទេសកម្ពុជា បានចេញកំណត់ទូត​មួយ​ទៀត ដែលបង្ហាញជាសាធារណៈ ទាក់ទងរឿង​សង់ប៉ុស្តិ៍យោធា ជិតភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល ដែលធ្វើឲ្យកំណត់ទូត ដែល​រដ្ឋាភិបាល​បានធ្វើ ទៅកាន់ប្រទេសវៀតណាម មកទល់​នឹង​ពេល​នេះ មានចំនួនទាំងអស់១១។

រី​ឯកំណត់ទូតទី៨ ទំនងជារដ្ឋាភិបាលបានធ្វើ ទៅកាន់ប្រទេសវៀតណាម ក្នុងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥នេះ ទាក់ទងនឹងរឿងសង់ប៉ុស្តិ៍យោធា ជិតភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលនេះដដែល។ នេះ​បើតាមអ្វី ដែលគេអាចអានបាន នៅក្នុងកំណត់ទូតទី១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ហើយបានធ្វើឲ្យ​គេ​យល់ថា កំណត់ទូតធ្វើនៅកាន់ប្រទេសវៀតណាម ទាក់ទងបញ្ហាព្រំដែន មានចំនួន៤ គ្រាន់តែនៅក្នុង ខែមិថុនា​នេះតែមួយ។

កំហុសវិជ្ជាជីវៈ?

ទាក់ទងនឹងការធ្វើកំណត់ទូត ដោយ«អាថ៌កំបាំង» ទាក់ទងបញ្ហាព្រំដែន ដោយក្រសួងការបរទេសកម្ពុជា ត្រូវ​បានលោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់បួនជំនាន់មកពីកម្ពុជា ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងតំបន់ ពីរ៉ាណេ នៃ​ប្រទេសបារាំង វាយតម្លៃថា នោះជាកំហុស«វិជ្ជាជីវៈការទូត»មួយ។ លោក ព្រហ្ម គិត ពន្យល់ថា លោក ហោ ណាំហុង ទទួលអាណត្តិពីពលរដ្ឋខ្មែរ ម្ចាស់ឆ្នោតម្ចាស់ប្រទេស ដើម្បីធ្វើជាប្រមុខការទូតឲ្យកម្ពុជា តែលោក ហោ ណាំហុង បែរជាធ្វើការសរសេរឆ្លើយឆ្លង ទាក់ទងនឹងបញ្ហាជាតិ ដោយស្ងាត់ៗជាប្រទេសវៀតណាម​ទៅ​វិញ។​ អតីតមន្ត្រីចាស់វស្សារូបនេះ បានចោទសួរថា តើការលាក់លួចធ្វើ«កំណត់ទូត» រឿងព្រំដែន ដោយ​ស្ងាត់​ស្ងៀម ជាមួយប្រទេសជិតខាងនេះ មានន័យយ៉ាងដូចម្ដេច? បើគ្រាន់តែធ្វើកំណត់ទូតជាសាធារណៈ មិនត្រូវបាន​រដ្ឋាភិបាលវៀតណាម រវល់ធ្វើការឆ្លើយតបផង ចុះទម្រាំធ្វើដោយស្ងាត់ៗទៀតនោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...