សម្ភាស៖ «យុវជនទៅដាក់ញត្តិ និងយុវជនទៅស្បថ ខុសគ្នា!»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 26, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្ដែងចំងល់ បានកើតឡើង នៅពេលដែលក្រុមយុវជន របស់ចលនាមាតាធម្មជាតិ ប្រមាណ ៤-១០នាក់ បានជួបជុំគ្នាមានបំណង ដាក់ញត្តិទៅរដ្ឋសភា ស្រាប់តែក្រុមនេះ ត្រូវបានអាជ្ញាធរចម្រុះ របស់ខណ្ឌដូនពេញ ចុះមកហាមឃាត់ និងធ្វើការចាប់ខ្លួន យកទៅសាលាខណ្ឌនោះផងទៀត។ តែផ្ទុយទៅវិញ សកម្មភាពដើរស្ទើរតែពេញផ្លូវថ្នល់ យ៉ាងប្រសេកប្រសាច របស់ក្រុមកម្លាំងសមត្ថកិច្ចទាំងនោះ ទៅវិញទេ ដែលធ្វើឲ្យមានការរំខាន ដល់ការធ្វើចរាចរណ៍សាធារណៈ។ ហើយចំងល់ ក៏កាន់តែកើតឡើងថែមទៀត នៅពេលគេប្រៀបធៀប ក្រុមយុវជនដែលធ្វើការងារបស់ខ្លួន យ៉ាងពិបាក ក្នុងការការពារធនធានធម្មជាតិ ទៅនឹងក្រុមយុវជនដែលមកស្បថ ការពារនាយករដ្ឋមន្ត្រី។
ខាងលើនេះ ជាសម្ដី«សម្ដែងការងឿងឆ្ងល់» របស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅពេលដែលការជួបជុំ របស់ប្រជាពលរដ្ឋ ដើម្បីសម្តែងមតិ និងសេរីភាពរបស់ពួកគេ ដែលអនុញ្ញាតដោយច្បាប់នោះ បានរងនូវការរំខាន និងការបំបែកពីសំណាក់អាជ្ញាធរ។
លោក យ៉ាង់ គីមអេង បានពន្យល់ថា ក្នុងប្រទេសប្រជាធិបតេយ្យ គេមិនដែលចាប់ខ្លួន អ្នកដែលទៅដាក់ញត្តិនោះទេ។ លោកបានថ្លែងឡើងថា៖ «តែបើគ្រាន់តែដាក់ញត្តិ ហើយចាប់ខ្លួននោះ មិនដឹងថារដ្ឋាភិបាលយើងសព្វថ្ងៃ កំពុងតែអនុវត្តរបបអ្វីនោះទេ។ មិនដឹងថាអនុវត្តតាមលិទ្ធិអ្វី លិទ្ធិប្រជាធិបតេយ្យ ឬលិទ្ធិណាមួយ? បើយើង(រដ្ឋាភិបាល)តាំងខ្លួន ជាអ្នកអនុវត្តលិទ្ធិប្រជាធិបតេ្យ យើងត្រូវតែ ទទួលយកការដាក់ញត្តិនោះ។»
ប្រធានមជ្ឈមណ្ឌលរូបនេះថា ការដាក់ញត្តិ គ្រាន់តែជាការសន្ទនាមួយ ដើម្បីបង្ហាញនូវការមិនពេញចិត្ត នូវអ្វីមួយដែលជាកិច្ចការបន្ទាន់។ លោកថា នោះជាសេរីភាព នៃការសម្តែងមតិ ដូច្នេះគ្មានអ្វីចាំបាច់ត្រូវសុំច្បាប់ ឬការអនុញ្ញាតពីនណាម្នាក់ឡើយ តែអាចបង្ហាញ នូវការជូនដំណឹងជាការស្រេច។ ព្រោះនោះ មិនមែនជាការធ្វើយូរអង្វែងឡើយ បើគេដាក់ញត្តិរួចរាល់ហើយ គឺត្រូវបានបញ្ចប់។
ចប់ហើយ!
«បើក្នុងករណីរឿងប្រញាប់ ឬបន្ទាន់ តើចាំបាច់ត្រូវសុំច្បាប់ឬទេ? រឿងជួបជុំគ្នាដាក់ញតិ បើគិតពីរៀងសុំច្បាប់ទៀត ចប់បាត់ហើយ។ (...) គ្រាន់តែដើដាក់ញត្តិ ដាក់សំបុត្រគ្មានអ្វីខុសទេ។ (...) ដូចជាមានបញ្ហា គេបណ្តេញចេញពីដី ឬផ្ទះសំបែងហើយគ្មានអ្វីនៅ នោះជារឿងប្រញាប់ រឿងបន្ទាន់ ត្រូវតែស្វែងរក កិច្ចអន្តរាគមន៍ភ្លាមៗហើយ។ (...) ឬពាក់ព័ន្ធ នឹងការបំផ្លាញធនធានធម្មជាតិជាដើមនោះ ត្រូវតែប្រញាប់ ត្រូវតែដាក់ញត្តិ នោះគួរតែយោគយល់ គួរតែជួយសម្រួល និងលើកទឹកចិត្ត។ បើដោះស្រាយដោយអហិង្សាហើយ ចាប់គ្នាទៀតនោះ ចប់ហើយ។»
ផ្ទុយទៅវិញ យុវជនមួយក្រុមដែល ដែលបានជួបជុំ មុខព្រះអង្គដងកើរ កាលពីថ្មីៗនេះថា មិនមានការរារាំង ចាប់ខ្លួន តែឃើញមានកិច្ចអន្តរាគមន៍ និងជួយសម្រួលយ៉ាងល្អ ពិសំណាក់សមត្ថកិច្ចទៅវិញ។ ករណីនេះ ត្រូវបានលោក យ៉ង់ គីមអេង សង្កត់ធ្ងន់ថា នេះហើយជាបញ្ហា! លោកថា កម្ពុជាកំពុងអនុវត្ត «ស្តង់ដាពីរ ក្នុងច្បាប់តែមួយ»។ ដែលនេះជាមូលហេតុ នាំឲ្យមានការខឹងសម្បារ និងការិះគន់មិនឈប់ឈរ ពីប្រជាពលរដ្ឋ ព្រោះតែស្តង់ដា«អនុវត្តពីរ» ក្នុងច្បាប់តែមួយនេះ។
«ក្រុមអ្នកមានសមាណចិត្ត ទៅរដ្ឋាភិបាល អាជ្ញាធរគេជួយសម្រួល និងការពារ។ តែបើក្រុមពលរដ្ឋ ដែលទាមទារសម្រាប់ផលប្រយោជន៍សាធារណៈ ឬជាជនរងគ្រោះពិតប្រាកដ ដើម្បីតវ៉ាពីការរំលោភបំពាន នៅពេលចេញតវ៉ា បែរជាត្រូវបានទតួលការបង្ក្រាប ឬរងការធ្វើបាបពីអាជ្ញាធរ នេះហើយ ដែលនាំឲ្យមានការខឹងសម្បារនោះ។»៕