មាស សុខសោភា គាំទ្រ​ឲ្យ អាឡិច នៅ​កម្ពុជា​រហូត​ទៅ

នៅក្នុងពិភពសិល្បៈខ្មែរ ពិតជាកម្រណាស់ ដែលមានតារាចម្រៀងល្បី ដូចយ៉ាងកញ្ញា មាស សុខសោភា ចេញមុខមកគាំទ្រលោក អាឡិចហ្សង់ដ្រូ សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ ដែលរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងដោយលោក ហ៊ុន សែន ខិតខំព្យាយាមបណ្ដេញចេញ ឲ្យខាងតែបានពីប្រទេសនោះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 21, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើតារាចម្រៀង ឬតារាសម្ដែង ល្បីឈ្មោះក្នុងប្រទេសជាច្រើន ដូចជាមិនខ្វាយខ្វាល់ ឬមិនហ៊ាន​ចេញ​មុខ ពីបញ្ហាបរិស្ថានជាតិ និងធ្វើមិនដឹងមិនលឺ នៅចំពោះការប៉ងបណ្ដេញ សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ចេញពី​ប្រទេស​កម្ពុជា ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ ប៉ុន្តែសម្រាប់តារាចម្រៀង កញ្ញា មាស សុខសោភា វិញ បានចេញមុខគាំទ្រលោក អាឡិច និងផ្ដល់ក្ដីសង្ឃឹមថា លោក អាឡិច គួរតែរស់នៅ ក្នុងព្រះរាជាណាចក្រ បាន​ត​ទៅ​ទៀត។

នៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់នាង តារាចម្រៀងបានចុះផ្សាយ រូបថតមួយសន្លឹករបស់នាង ដោយមានអម​ដោយពាក្យពេជ្រខ្លីៗមួយចំនួន សរសេរជាភាសាអង់គ្លេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវការ​ មានន័យថា៖ «អរគុណ អាឡិច»។ តារាចម្រៀង មាស សុខសោភា ដែលជា​សកម្មជន​ការពារ​ព្រៃឈើម្នាក់ដែររូបនេះ បានសរសេរទៀតថា៖ «សង្ឃឹមយ៉ាងមុតមាំថា អ្នក (អាឡិច) នឹងរស់នៅក្នុង រាជាណា​ចក្រ​របស់យើង ជានិច្ច​តទៅ»។

រូបថតរបស់នាង ដែលទើបនឹងត្រូវបានបង្ហោះផ្សាយ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នេះ ត្រូវបានប្រិយមិត្ត អ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើនចុច Share និង Like យ៉ាងសន្ធឹកសន្ធាប់ បើគិតមកត្រឹម​យប់ថ្ងៃដដែល រាប់សិបម៉ឺន Like។

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចមិនបន្តទិដ្ឋាការ ឲ្យលោក អាឡិច ទេ ដោយចាត់ទុក​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិរូបនេះ ថាបានប្រព្រឹត្តខុស ​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ នេះបើ​តាម​លិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតជា​ផ្លូវ​ការ​មួយ ជូនដំណឹងទៅលោក អាឡិច «ជ្រាប និងអនុវត្ត» នូវការផុតកំណត់នៃទិដ្ឋាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ មកនេះ ដោយបញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា មិនអាចពន្យារការស្នាក់នៅបន្តទៀតឡើយ។ តែ​នៅ​ក្នុងលិខិតនោះ គេមិនដឹងថា តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចង់ឲ្យលោក អាឡិច អនុវត្តន៍ពីអ្វី?

ការសម្រេចបណ្ដេញចេញក្រៅប្រទេស នូវសកម្មជនបរិស្ថានរូបនេះ បង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស ពី​ពលរដ្ឋ​កម្ពុជា​ជាច្រើន ជាពិសេសក្រុមអ្នកស្រឡាញ់បរិស្ថាន និងយុវជន។ ហើយបើគេគ្រាន់តែសង្កេត ទៅ​មើលប្រិយមិត្ត ដែលមិនបានភ្លេចសរសេរ ជាមតិយោបល់របស់ពួកគេ នៅជាមួយរូបថត កញ្ញា មាស សុខសោភា ខាងលើនេះ ក៏គេ​អាចយល់បាន ពីសន្ទុះនៃការគាំទ្រលោក អាឡិច ដែរ។ ពីក្នុងចំណោមមតិយោបល់ ដែល​អ្នក​និពន្ធអត្ថបទ​នេះ បានចូលទៅរាប់មានចំនួន ១៨៩ មតិនោះ មិនមានមតិយោបល់សូម្បីតែមួយ ដែលមាន​លក្ខណៈអវិជ្ជមាន ប្រឆាំងនឹងការលើកឡើង របស់កញ្ញា មាស សុខសោភា នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...