អាឡិច ថា​​ថ្នាក់​លើ​បង្ខំ​មន្រ្តី​នៅ​ក្រសួង​រ៉ែ​និង​ថាមពល ឲ្យផ្តិត​មេ​ដៃ​

បន្ទាប់ពីមន្រ្តីនៅក្រសួងរ៉ែ និងថាមពល ប្រមាណជាង១០០នាក់ បានផ្តិតមេដៃគាំទ្រ ក្រសួងមហាផ្ទៃ ក្នុងការមិនបន្តទិដ្ឋការ ឱ្យលោករស់នៅក្នុងប្រទេសកម្ពុជានោះ លោក អាឡិច ជាតិអេស្ប៉ាញ ដែលការពារធនធានធម្មជាតិ នៅតំបន់អារ៉ែងយល់ថា ដោយសារតែថ្នាក់លើបង្ខំ ព្រោះកន្លងមកមន្រ្តីទាំងនោះ បានគាំទ្រសសកម្មភាពរបស់លោក។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្នាមមេដៃរបស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពលជាច្រើន បានផ្តិតនៅលើញត្តិមួយសន្លឹក ដែលគាំទ្រចំណាត់ការ​របស់ក្រសួងមហាផ្ទៃ ដោយសម្រេចឱ្យលោក អាឡិច ចាកចេញពីប្រទេសកម្ពុជា។ ស្នាមមេដៃគាំទ្រវិធានការនេះ ដោយមន្រ្តីទាំងនោះយល់ឃើញថា អាឡិចបានជ្រែកជ្រៀក និងរារាំងដល់ការអភិវឌ្ឍន៍វារីអគ្គីសនី។

ចំពោះស្នាមមេដៃគាំទ្រ ឱ្យសកម្មជនការពារតំបន់អារ៉ែង ចាកចេញពីទឹកដីកម្ពុជានេះ ដូចជាត្រូវបានលោក អាឡិច​ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ដឹងពីល្បិច«តាស៊ីក្លូ» របស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ លោក អាឡិច បាន​យល់​ថា ការ​ផ្តិតមេដៃនេះ បានធ្វើឡើងដោយសារតែមានការបង្ខិតបង្ខំ ពីមេកើយរបស់ខ្លួន ព្រោះកន្លងមក មន្រ្តី​ទាំង​នោះ​តែងតែ​ប្រាប់លោកថា ពួកគេគាំទ្រសកម្មភាពរបស់លោក ដែលរារាំងមិនឱ្យមានការសាងសង់ ទំនប់​វារីអគ្គីសនី នៅក្នុងតំបន់អារ៉ែង។

អាឡិច បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «មន្រ្តីរាជការក្រសួងរ៉ែ និងថាមពលប្រមាណ១៥០រូប ១៦០រូបផ្តិតមេដៃ លើអាញត្តិជម្រុញឱ្យគេដេញ អាឡិច។ អាហ្នឹងសម្រាប់ខ្ញុំ គឺមានន័យតែមួយទេ មន្រ្តីរាជការ​នៅក្រសួងរ៉ែ និងថាមពលហ្នឹង សុទ្ធតែមិនមែនទាំងអស់ទេ។ ប៉ុន្តែអ្នកដែលខ្ញុំស្គាល់មួយចំនួន ដែលបានផឹក​កាហ្វេ​ជាមួយខ្ញុំ និងបានសួរសុខទុក្ខតាមទូរស័ព្ទ គេបានបញ្ចេញមតិយោបល់ពិតប្រាកដថា គេអត់គាំទ្រទេ ទំនប់​វារីអគ្គីសនីតំបន់អារ៉ែងហ្នឹង ព្រោះអារ៉ែងជាតំបន់មួយ ដែលសំបូរសត្វកម្រផង និងជាវារីអគ្គីសនី ដែលមាន​ប្រយោជន៍​តិចបំផុត។»។

លោកអះអាងទៀតថា មូលហេតុដែលនាំឱ្យពួកគេ នាំគ្នាផ្តិតមេដៃគាំទ្រនេះ ដោយសារតែមានមេបញ្ជាឱ្យផ្តិត ព្រោះ​ថាបើមន្រ្តីទាំងនោះ មិនព្រមផ្តិតមេដៃ អាចនឹងត្រូវបានមេរករឿង ឬក៏ត្រូវអត់ការងារធ្វើ។ លោកបាន​ថ្លែង​ទៀត​ថា៖ «សម្រាប់ខ្ញុំ ញត្តិរបស់ក្រសួងរ៉ែ និងថាមពល គ្រាន់តែជាបទបញ្ជាពីលើមកទេ មន្រ្តីរាជការមិនទាន់​ហ៊ាន​​បដិសេធបទបញ្ជារបស់គេ»។

លោកបានបញ្ជាក់ថា វារីអគ្គីសនីនៅតំបន់អារ៉ែង គឺជាវារីអគ្គីសនីខ្មោច វាមិនមែនជាវរីអគ្គីសនី ដែលធ្វើឡើង ដើម្បី​ផ្គត់ផ្គង់តម្រូវការអគ្គីសនី ដល់ប្រជាពលរដ្ឋនោះទេ។ គម្រោងសាងសង់នេះ គ្រាន់តែជាលេស​មួយសម្រាប់​កាប់ព្រៃឈើ និងរុករករ៉ែ។ លោកបន្តថា៖ «អញ្ចឹងមន្រ្តីរាជការ ឬមនុស្សណាដែលនិយាយថា អាឡិច រារាំង​ការ​អភិវឌ្ឍន៍ អញ្ចឹងមនុស្សដែលនិយាយអញ្ចឹង គឺខ្វះព័ត៌មានអត់យល់ពីការលៈទេសៈ»។

ញត្តិដែលមានស្នាមមេដៃមន្រ្តីរាជការ របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា លោក អាឡិច បានធ្វើ​សកម្មភាព​ក្រោមរូបភាពអង្គការសង្គមស៊ីវិល ដោយមិនគោរពច្បាប់កម្ពុជា ដូចជាការបិទផ្លូវនៅខេត្តកោះកុង ការរារំាង​ដល់​ការអនុវត្តការងារ ការជេរប្រមាថ ការបរិហារកេរ្តិ៍មន្រ្តីរាជការក្រសួងរ៉ែ និងថាមពលជាដើម។

ញត្តិនោះ បានបញ្ជាក់បន្តថា ម្យ៉ាងទៀតបុគ្គលរូបនេះ មិនគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយ​បាន​ជ្រៀតជ្រែកការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការដឹកនាំ និងការញុះញង់​ឱ្យ​ប្រឆាំង នឹងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនានា ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើក​កម្ពស់ជីវភាពប្រជាពលរដ្ឋ។

«ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង និងសូមក្រសួងមហាផ្ទៃ មេត្តាអនុវត្តចំណាត់​ការ​ខាងលើនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីជាសក្ខីភាពនៃអធិបតេយ្យភាព របស់ព្រះរាជាណាចក្រ​កម្ពុជា» នេះជា​ការ​សរសេរទាមទារ នៅក្នុងញត្តិនោះ ដើម្បីឲ្យអាជ្ញាធរអនុវត្តតាមអ្វី ដែលពួកគេយល់ថា ជនបរទេស«មិន​ត្រូវ​ជ្រៀត​ជ្រែក»ចូលកិច្ចការកម្ពុជានោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...