ព្រៃ​ឡង់៖ មន្ត្រី​ថា ខាង​ខ្ញុំ​​នៅ​តែ​គ្មាន​យោបល់… ចាំ​មើល​ថ្នាក់​លើ

«ដំណើរធម្មយាត្រា ការពារព្រៃឡង់» នៃព្រះសង្ឃប្រមាណ ជាងមួយរយអង្គ ត្រូវបានបញ្ចប់​ក្នុង​ថ្ងៃ​ទី៦ ខែកក្កដានេះ បន្ទាប់ពីតំណាងអគ្គនាយកដ្នាន រដ្ឋបាលព្រៃឈើ ទទួលយកញត្តិរបស់​ក្រុម​ព្រះ​សង្ឃ។ ប៉ុន្តែ​ចំពោះ​វិធានការ​យ៉ាង​ណានោះ គេមិនទាន់ដឹងច្បាស់នៅឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: ព្រៃឈើ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខាងខ្ញុំនៅតែគ្មានយោបល់អញ្ចឹង ចាំមើលថ្នាក់ដឹកនាំ គាត់ជាអ្នកសម្រេច។» នេះជាការថ្លែងអះអាង របស់​តំណាងអគ្គនាយកដ្នាន រដ្ឋបាលព្រៃឈើ ដែលបានចេញមកទទួលញត្តិ បិណ្ឌបាត ស្នើសុំឲ្យបញ្ឈប់ ការកាប់​បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ខេត្តព្រះវិហារ របស់បណ្ដាព្រះសង្ឃ ពុទ្ធបរិស័ទ និងក្រុមយុវជនមួយ​ចំនួន កាលពីថ្ងៃចន្ទទី៦ ខែកក្កដា។​

ការថ្លែងរបស់មន្ត្រី បានធ្វើឡើង នៅមុខក្រុមព្រះសង្ឃ និងពលរដ្ឋ ជាង១០០អង្គ/នាក់ ដែលបាននិមន្តដោយ​ថ្មើរជើង ចាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅកាន់អគ្គនាយកដ្ឋាន រដ្ឋាបាលព្រៃឈើ។ ក្នុងឱកាសនោះ ក្រុមព្រះសង្ឃបាននាំយកទៅជាមួយ នូវម៉ាស៊ីនអារឈើ ចំនួន០៥គ្រឿង និងផ្លែម៉ាស៊ីនចំនួន០៥ ដែលក្រុម​ព្រះសង្ឃ បានរឹបអូសបាន ពីក្នុងដំណើរធម្មយាត្រា ទៅកាន់តំបន់ព្រៃឡង់ សម្រាប់រយៈពេល៥ថ្ងៃ ក្នុងពេល​កន្លងមកថ្មីៗ។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ព្រះតេគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ក្រោយកិច្ច​ធម្មយាត្រា​ក្នុងព្រៃឡង់ ក្រុមការងារព្រះអង្គ បានរកឃើញបទល្មើសព្រៃឈើ យ៉ាងច្រើន ជាមួយនឹង​ម៉ាស៊ីន​កាប់ឈើ មួយចំនួនធំ។ ម៉ាស៊ីនដែលព្រះអង្គនាំមកនេះ ទុកជាភស្តុតាងបង្ហាញរដ្ឋាបាលព្រៃឈើថា ព្រៃឡង់​នៅមានបទល្មើស បំផ្លាញព្រៃឈើយ៉ាងច្រើនទៀត។ ព្រះអង្គមានសង្ឃដីកាទៀតថា មានសម្ភារៈមួយ​ចំនួនធំ ដែលក្រុមព្រះសង្ឃ មិនយកមកជាមួយ ឬយកមកមិនកើត មានដូចជា អាត្រាក់ដឹកឈើ ប្រេងជាដើម។

ព្រះអង្គ ប៊ុនតិញ មានសង្ឃដីកាថា៖ «អាត្មាជាព្រះសង្ឃ មិនមែនជាអ្នកដើរចាប់ ដើប្លន់ទ្រព្យសម្បត្តិអីចឹងទេ។ ការទៅចូលរួមនេះ ក៏មិនបានចាប់ដែរ។ ផ្ទុយទៅវិញ វាជាការចៃដន្យ ដែលអាត្មា ព្រះអង្គនិមន្ត​"គូស"សំគាល់​លើដើមឈើ ជួបម៉ាស៊ីនអាជាច្រើនគ្រឿង ហើយញាតិញោមគាំទ្រថា មានតែដកម៉ាស៊ីនទេ ទើបគាត់ឈប់​អារ បើមិនដកម៉ាស៊ីនទេ គាត់មិនឈប់អារទេ។ ការដកម៉ាស៊ីននេះ គ្រាន់តែជាគោលការណ៍អប់រំទេ។»

ព្រះអង្គបន្តថា មានម៉ាស៊ីនរាប់រយគ្រឿងនៅក្នុងព្រៃ ក្នុងនោះមានខ្នាតតូចល្មមចំនួន១៦ គ្រឿង តែព្រះអង្គ​យកមក តែប្រាំគ្រឿងប៉ុណ្ណោះ ដើម្បីដាក់បង្ហាញ។ ព្រះអង្គថា អ្នកដែលទៅអាឈើ ក្នុងព្រៃខេត្តព្រះវិហារ​នោះ ភាគច្រើនសុទ្ធិតែជាអ្នកឆ្ងាយ ដូចជាខេត្តកំពង់ធំ តាកែវ សៀមរាប តាមការយៈការជួលរបស់ឈ្មួញ របស់​ក្រុមហ៊ុន និងមានអ្នកមានអំណាច និងបុណ្យស័ក្តនៅពីក្រោយ។

បើតាមសង្ឃដីកា របស់ព្រះតេជគុណ ណុប វន្នី ជាសមាជិកមួយអង្គទៀត នៃបណ្តាញព្រះសង្ឍឯករាជ្យ បាន​ឲ្យដឹងថា ក្នុងដំណើរដោយគោយន្ត ក្នុងព្រៃឡង់នោះ ត្រូវចំណាយពេល រហូតដល់បីថ្ងៃ។ តំណាលគ្នា ក្នុង​ការ​ធ្វើដំណើរនោះ ព្រះអង្គបានឃើញម៉ាស៊ីនកាប់ឈើយ៉ាងច្រើន។ សមាជិកសង្ឃឯករាជ្យអង្គនេះ បានថ្លែង​ទៀត​ថា៖ «អាត្មាមានការសោកស្តាយ… ដែលរដ្ឋាភិបាលបណ្តោយ ឲ្យមានការកាប់បំផ្លាញព្រៃឈើធំៗ យ៉ាង​ដូច​នេះ។ (…) ទោះគ្មានការសហការ ឬរដ្ឋាភិបាលមិនធ្វើក៏ដោយ ពួកអាត្មានៅតែធ្វើ ដើម្បីការទប់ស្កាត់ ការ​បំផ្លាញ​ព្រៃឈើ។»

ធម្មយាត្រា នៃបណ្តាញព្រះសង្ឃឯករាជ្យ បានមកដល់ មុខអគ្គនាយកដ្នាន រដ្ឋបាលព្រៃឈើ នៅវេលាម៉ោង ប្រមាណជិត១១ព្រឹក ដោយមិនមានការរារាំងអ្វីទេ ពីសំណាក់អាជ្ញាធរ។ ប៉ុន្តែចំពោះវិធានការ របស់អាជ្ញាធរ​ព្រៃឈើកម្ពុជាវិញ ហាក់មិនបានឆ្លើយតប ទៅនឹងការទទូចចង់បាន របស់ក្រុមព្រះសង្ឃ ដូចដែលបានសរសេរ នៅក្នុង​ញត្តិនោះឡើយ។ តំណាងអគ្គនាយកដ្នាន រដ្ឋបាលព្រៃឈើ ដែលបានចេញមកទទួលញត្តិនោះ បាន​បដិសេធ​សំនួរ របស់អ្នកសារព័ត៌មាន និងគ្រាន់តែបញ្ជាក់ យ៉ាងខ្លីដូច្នេះថា៖ «ចាំរាយការណ៍ជូន រដ្ឋបាល​ព្រៃ​ឈើសិន ព្រោះឯកឧត្តមឥឡូវគាត់មិននៅ។ (…) ខ្ញុំចេញមកនេះ ដើម្បីទទួលញត្តិ យកទៅដាក់ជូនថ្នាក់​ដឹក​នាំ។ ខាងខ្ញុំ​នៅតែគ្មានយោបល់អញ្ចឹង ចាំមើលថ្នាក់ដឹកនាំ គាត់ជាអ្នកសម្រេច។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...