បាញ់​សម្លាប់​អ្នក​ការសែត៖ ស្ថាប័ន​ព័ត៌មាន និង​សង្គម​ស៊ីវិល​រួម​គ្នា​ថ្កោល​ទោស

បន្ទាប់ពីអ្នកកាសែតម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីម៉ោង១អាធ្រាតរំលងអាធ្រាត ចូលថ្ងៃទី១២ ខែតុលា ស្ថាប័នសារព័ត៌មានមួយចំនួន ព្រមទាំងអង្គការសង្គមស៊ីវិល បានថ្កោលទោសចំពោះឃាតកម្ម ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ការសែតនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសេចថ្លែងការណ៍ របស់​ក្រុម​ប្រឹក្សា​ព័ត៌មាន​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រុមប្រឹក្សា​ព័ត៌មាន​កម្ពុជា មាន​ការ​សោក​ស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​ដ៏​ព្រៃផ្សៃ មក​លើ​អ្នក​សារព័ត៌មាន។ សេចក្តី​ថ្លែងការណ៍​​របស់​​ស្ថាប័ន​ដដែល បាន​ស្នើ​ឱ្យ​គ្រប់​លំដាប់​ថ្នាក់ ស្វែង​រក​ជន​ដៃ​ដល់​និង​បក្ស​ពួក មក​ផ្តន្ទាទោស​តាម​​ច្បាប់​​ឱ្យ​ធ្ងន់ធ្ង។

ចំណែកឯមជ្ឈមណ្ឌល​ព័ត៌មាន ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​​ឃាតកម្ម​នេះ និង​អំពាវនាវ​ឲ្យ​អាជា្ញធរ​ក្នុង​តំបន់ ចាត់​វិធានការ​ក្នុង​ការ​ស៊ើប​អង្កេត ដោយ​នាំ​យក​ឃាតករ​មក​ផ្តន្ទា​ទោស ដើម្បី​​បញ្ចប់​និទណ្ឌភាព សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា ប្រឆាំង​នឹង​អ្នក​កាសែត​នៅ​កម្ពុជា។ រីឯ​សមាគម​​អាដហុក​​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ករណី​សម្លាប់ ដើម្បី​បំបិទ​មាត់​ជន​រង​គ្រោះ។

លោក សឺន ជុំសុធន ប្រធានមន្ត្រីស៊ើបអង្កេតផ្នែកសិទ្ឋិមនុស្ស និងដីធ្លី មកពីសមាគមខ្មែរកម្ពុជាក្រោម ដើម្បី​សិទ្ឋិមនុស្ស និងអភិវឌ្ឍន៍ បាននិយាយថា ជាញឹកញាប់ អ្នកកាសែតដែលធ្វើការពាក់ព័ន្ធ ជាមួយនឹងការ​ស៊ើប​ទាក់ទង នឹងការកាប់ព្រៃឈើ តែងតែត្រូវបានសម្លាប់ដើម្បីបំបិទមាត់ និងបំបាត់ភស្តុតាង នៅពេល​ដែល​អ្នកការសែតទាំងនោះ គាត់រកឃើញកំហុសរបស់ឈ្មោះរកស៊ីឈើខុសច្បាប់ និងរងនូវ​ការចោទ​ប្រកាន់។

លោកថា រដ្ឋាភិបាលគួរតែរកវិធី ឬចាត់វិធានការណាមួយ និងចាប់ឃាតករ ចំពោះករណីនៃការបាញ់​សម្លាប់​អ្នកកាសែតជាច្រើន ក្នុងពេលកន្លងមក។ មន្ត្រីអង្គកាសង្គមស៊ីវិលរូបនេះបន្ថែមថា៖ «រដ្ឋាភិបាលមិន​គួរធ្វើ​ព្រងើយនោះទេ ប៉ុន្តែខ្ញុំសង្កេតមើលឃើញរាល់ថ្ងៃហ្នឹង គឺរដ្ឋាភិបាលតែងតែមិនអើពើរ មិនរវីរវល់អ្វីដែល.. ឬ​ករណីឈ្មួលបាញ់សម្លាប់ តែបែរជាទៅគាំទ្រឈ្មួញអ្នកបាញ់សម្លាប់។ រដ្ឋាភិបាលគួរតែទទួលខុសត្រូវ នូវការ​បាញ់សម្លាប់អ្នកកាសែតនេះ។» លោកថា បើរដ្ឋាភិបាលមិនចាត់វិធានការ ចំពោះករណីនេះទេនោះ ឈ្មួញ​ដែល​រកស៊ីកាប់ឈើខុសច្បាប់ នឹងកាន់តែមានសិទ្ធិមានអំនួត ដូច្នេះបញ្ហានៃការសម្លាប់អ្នកកាសែត នឹងបន្ត​កើតមានរហូត។

មកដល់ពេលនេះ គេមិនទាន់ឃើញការបកស្រាយ ពីសំណាក់រដ្ឋាភិបាល ឬពីមន្ត្រីអាជ្ញាធរទទួល​ខុសត្រូវ​នៅ​ឡើយ ជុំវិញប្រតិកម្មខាងលើ។ ប៉ុន្តែព័ត៌មានចុងក្រោយ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ​២០១៤​នេះ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលត្រូវបានគេសង្ស័យថា ពាក់ព័ន្ធ​ករណី​បាញ់ សំលាប់នេះ។ ជនសង្ស័យទាំងបីនេះ រួមមាន៖ ទី១ ឈ្មោះ ​ពិន ​ហ៊ាង​ ជាមន្ត្រីនគរបាល ឃុំស្រែឈូក ស្រុក​​កែវសីមា ខេត្តមណ្ឌលគីរី ជាម្ចាស់រថយន្ត ទី២ ឈ្មោះ ឃឹម ភក្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា​ម្ចាស់​កាំភ្លើង ទី៣ ឈ្មោះ ឡា ណារ៉ុន ជាជនដៃដល់ក្នុងការបាញ់សំលាប់ ហើយម្នាក់នេះជាទាហាន និងជា​អង្គរក្ស​របស់មេបញ្ជាការសឹករង ខេត្តមណ្ឌលគីរី។ ជនទាំងបី ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាល​ស្រុក​ស្នួល បានប្រហែលមួយម៉ោង ក៏បញ្ជូនជនសង្ស័យ មកឃុំខ្លួនបន្តជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះវិញ ដោយសារសមត្ថកិច្ចនៅទីនោះ ព្រួយបារម្មណ៍ ពីបញ្ហាសន្តិសុខ៕
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...