មានការរិះគន់ថា តួលេខនាំឈើចេញរបស់រដ្ឋាភិបាល ខុសពីការពិត
ការនាំចេញឈើមានអាជ្ញាប័ណ្ណទៅកាន់របទេស ស្ថិតក្នុងកម្រិតកំណត់របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៣ មានទឹកប្រាក់សរុបជាង ៤១លានដុល្លារ ប៉ុន្តែចំនួននេះត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស៊ើបអង្កេតលើវិនាសកម្មព្រៃឈើនៅកម្ពុជា រិះគន់ថា ជាចំនួនតិចបំផុតបើប្រៀបធៀប ទៅនិងការនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទ្រី ភាព។
រថយន្ដដឹកឈើដុំប្រណិត ជាប់ផុងទៅមុខមិនរួច។ (រូបភាព MONOROOM.info/ Kin.G)
----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
----------------------------
ឧក្រិដ្ឋកម្មព្រៃឈើ - យោងទៅតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ ២០១៣ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ ២០១៤ របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ នេះក្រសួងពាណិជ្ជកម្មបានចេញអាជ្ញាប័ណ្ណនាំចេញទំនិញ ស្ថិតក្នុង កំណត់របស់រាជរដ្ឋាភិបាល មានទឹកប្រាក់សរុបចំនួន ៤១.៣៦៧.៤២៩,៣៤ ដុល្លារអាមេរិក។
នៅក្នុងរបាយការណ៍នោះ បានឲ្យដឹងទៀតថា មុខទំនិញដែលនាំចេញនោះមានដូចជា ឈើកែច្នៃប្រណិត មានចំនួន ៣២,៤៧ លានដុល្លារអាមេរិក ផលិតផលឈើកែច្នៃលេខ១ មានចំនួន ៣,៤៥ លានដុល្លារ ផលិតផលឈើកែច្នៃលេខ២ មានចំនួន ០,២០ លានដុល្លារ ចំណិតស្នូលឈើ មានចំនួន ០,៨៦ លានដុល្លារ ក្តារបន្ទះ មានចំនួន ០,១៨ លានដុល្លារ ឈើកៅស៊ូកែច្នៃអារត្រាំទឹកថ្នាំ មានចំនួន ២,២៥ លានដុល្លារ កំទេចឈើដើមអាកាស្យា ០,៧៦ លានដុល្លារ ចំណិតឈើស្តើងផលិតពីដើមស្វាយ មានចំនួន ០,៣៨ លានដុល្លារ និងឈើដើមស្វាយនិងស្វាយចន្ទីអារត្រាំទឹកថ្នាំ មានចំនួន ០,៧៨ លានដុល្លារ។ នៅក្នុងរបាយការនោះបានឲ្យដឹងទៀតថា៖ «បើប្រៀបធៀបឆ្នាំ ២០១២ មានទឹកប្រាក់សរុបចំនួន ១៩.៥៧២.០៦៧,៧៥ដុល្លារ គឺមានចំនួនកើនឡើងចំនួន ១១១,៣៦%»។
រីឯរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១២-២០១៣ វិញ បានឲ្យដឹងថា ក្រសួងបានផ្តល់ទិដ្ឋាការអាជ្ញាប័ណ្ណនាំចេញចំនួន ១៦ ក្រុមហ៊ុន មានដូចជា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព MDS, Angkor Plywood, Green Island, Angkor Sugar, DTC, Pheapimex, Great Field Cambodia, Decowood, North-East, Wood Innovation, Grand Land, Di Duk Cambodia, Khen Norak Cambodia, Tong Min, Green Rich Group, Hillco Corporation ហើយចំណូលពីផលព្រៃឈើ ចូលថវិការជាតិសរុប ៦០.៨៦៦.៤៩១.៨៦៦.០០រៀល។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពុំអាចទំនាក់ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៥ ខែឧសភានេះ។
លោក អ៊ូច ឡេង ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ចំនួនដែលបង្ហាញស្របច្បាប់ របស់ក្រសួងពាណិជ្ជកម្មនោះ គឺជាចំនួនមួយតិចបំផុត បើប្រៀបធៀបទៅនឹងការនាំចេញ របស់ក្រុមហ៊ុន ទី្រ ភាព ទៅប្រទេសចិន។ លោកបានថ្លែងឲ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុន ទ្រី ភាព បាននាំឈើចេញតាមច្រកកំពង់ផែរស្វ័យតក្រុងព្រះសីហនុ មានចំនួនជាមធ្យមចំនួន ៣០កុងទីន័រ ហើយក្នុងមួយកុងទីន័រមានតម្លៃប្រមាណជា៥លានដុល្លារ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ដូច្នេះក្នុងមួយថ្ងៃក្រុមហ៊ុន ទ្រី ភាព បាននាំឈើចេញពីកម្ពុជា មានតម្លៃប្រមាណជា១៥០លានដុល្លារ គឺវាច្រើនជាងចំនួនដែលនាំចេញរយៈពេលពេញមួយឆ្នាំ ហើយចំនួននេះគ្រាន់តែក្រុមហ៊ុនមួយប៉ុណ្ណោះ»។
លោកបានថ្លែងឲ្យដឹងទៀតថា ដើម្បីទប់ស្កាត់នូវវិនាសកម្មព្រៃឈើ និងរក្សារព្រៃដែលនៅសល់ចំនួនតិចតួចចុងក្រោយនោះ លោកស្នើរសុំឲ្យរដ្ឋាភិបាលបិទអាជ្ញាប័ណ្ណ នាំឈើចេញទៅក្រៅប្រទេស ពីព្រោះក្រុមហ៊ុនទាំងនោះឆ្លៀតឱកាសយកអាជ្ញាប័ណ្ណនោះ ដើម្បីកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញទៅក្រៅប្រទេស លើសចំនួនដែលរដ្ឋបានកំណត់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើរដ្ឋាភិបាល មិនទប់ស្កាត់ទាន់ពេលទេនោះ ឈើក្នុងរយៈពេល២ឆ្នាំទៀត លែងមានវត្តមាននៅក្នុងប្រទេសកម្ពុជាទៀតហើយ គឺនៅសល់តែដើមកៅស៊ូប៉ុណ្ណោះ»។
«វាគ្រាន់តែជាការបិទបាំងអំពើពុករលួយ...»
លោក ឈឹម សាវុធ ប្រធានអង្គការការពារធនធានធម្មជាតិ មានប្រសាសន៍ថា បើយោងទៅតាមការស្រាវជ្រាវរបស់លោក ចំនួនដែលបង្ហាញដោយក្រសួងនោះ គឺមិនស្មើមិនស្មើរនិងការនាំឈើចេញរបស់ក្រុមហ៊ុន ទ្រី ភាព កន្លះខែផង នេះគឺជាចំនួនមួយទាបបំផុត ដែលពុំអាចទទួលយកបាន បើធៀបទៅនឹងទំហំនៃការបាត់បង់ព្រៃឈើ នាពេលបច្ចុប្បន្ន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ចំនួនដែលបង្ហាញនេះ វាមិនខុសអីពីចំនួនភ្ញៀវចូលទស្សនាអង្គវត្តនោះទេ ដូច្នេះវាគ្រាន់តែជាការបិទបាំងអំពើពុករលួយមួយប៉ុណ្ណោះ»។
របាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិ ស្តីពីបរិស្ថាន ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១២ខែឧសភា ឲ្យដឹងថា ចាប់ពីឆ្នាំ២០១០ យ៉ាងតិចឈើប្រណិត៤៩លានតោន ១៩៥៨ម៉ែត្រគូប និង១៣០៩បន្ទះ ត្រូវបាននាំចេញទៅប្រទេសចិន។ ចាប់តាំងពីឆ្នាំ២០០០ ការនាំចេញឈើប្រណិតពីតំបន់ទន្លេមេគង្គ រួមមានវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ មានតម្លៃទៅដល់២៤០០លានដុល្លារ។ ចំណែកការនាំចេញឈើប្រណិតពីកម្ពុជា មានកើនឡើង៣ដង បើប្រៀបធៀបកាលពីឆ្នាំមុន៕