កុបកម្មវៀតណាមប្រឆាំងចិន៖ ស្លាប់២១នាក់ ចិនភៀសខ្លួនចូលកម្ពុជា
តាំងពីថ្ងៃអង្គារទី១៣ ខែឧសភាមក ការដាក់ពង្រាយមូលដ្ឋាន ចម្រាញ់ប្រេងរបស់ប្រទេសចិន នៅលើប្រជុំកោះ ដែលប្រទេសទាំងពីរ (ចិន-វៀតណាម) កំពុងឈ្មោះដណ្ដើមគ្នានោះ បានដុតប្រជាជនវៀតណាម ឲ្យផ្ទុះកំហឹងនៅពាសពេញផ្ទៃប្រទេស។ កំហឹងដែលបានក្លាយជាកុបកម្មហិង្សា ហើយធ្វើឲ្យមនុស្សយ៉ាងតិច២១នាក់ស្លាប់ និងមានជនជាតិចិនជាច្រើន បានភៀសខ្លួន ចូលប្រទេសកម្ពុជា។
រោងចក្របរទេសមួយកន្លែង ត្រូវបានក្រុមកុបករវៀតណាមដុតកម្ទេច។ (រូបថត Reuters)
-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ ឧសភា ២០១៤
-----------------------------------
ជម្លោះដែនទឹក - ហេតុការណ៍បានចាប់ផ្ដើមកើតដំបូង ត្រឹមតែជាបាតុកម្មទំហំមធ្យមមួយ ដែលបានធ្វើនៅក្បែរនឹងទីក្រុងហូជីម៉ិញ នៅក្នុងតំបន់ឧស្សាហកម្ម ប៊ីញឌួង (Binh Duong) និង ដុងណៃ (Dong Nai)។ ប៉ុន្តែមូលហេតុដែលឈានទៅដល់ការផ្ទុះកំហឹង របស់បណ្ដាជនវៀតណាមទាំងនេះ គឺដោយសារតែមានការដាក់ពង្រាយ នូវមូលដ្ឋានចម្រាញ់ប្រេងយ៉ាងរឹងមាំមួយ នៅក្នុងសមុទ្រចិនខាងត្បូង នៅក្បែងនឹងប្រជំកោះ ដែលជាតំបន់ជម្លោះដែនសមុទ្ររវាងប្រទេសកុម្មុយនីសទាំងពីរ ចិន និងវៀតណាម។
ដោយមិនពេញចិត្តទៅនឹងអ្វីដែលពួកគេហៅថា ជា«អាណានិគមបែបថ្មី»មួយ បង្កឡើងដោយប្រទេសចិននោះ បណ្ដាជនវៀតណាមជាច្រើនពាន់នាក់ បានចុះដើរនៅតាមដងផ្លូវ តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ ប៉ុន្តែហេតុការណ៍ដែលផ្ទុះឡើងខ្លាំង បានចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍នេះ។ រោងចក្រជាច្រើន មិនមែនត្រឹមតែមានថៅកែជាជនជាតិចិន តែជារបស់ជនជាតិជប៉ុន និងតែវ៉ាន់ផង ត្រូវបានដុតបំផ្លាញ។
កាលពីថ្ងៃពុធទី១៤ ខែឧសភា កុបកម្មដែលបានប្រែក្លាយ ជាការវាយតប់កាប់សម្លាប់ បានកើតឡើងខ្លាំងនៅផ្នែកកណ្ដាលនៃប្រទេស។ គ្រូពេទ្យមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់សារព័ត៌មានបរទេសថា ហេតុការណ៍ដ៏អាក្រក់បានសម្លាប់មនុស្ស២១នាក់ ក្នុងនោះ៥នាក់ជាកម្មករវៀតណាម និង១៥នាក់ជាជនជាតិចិន។
នៅក្នុងសេចក្ដីរាយការណ៍របស់ការសែតក្នុងស្រុក ថាញ់ញៀន (Tanh Nien) បានអះអាងថា «កងកម្លាំងនគរបាល ដែលបានបញ្ជូនទៅទប់ស្កាត់កុបកម្ម បានរងរបួសជាង៤០នាក់ ដោយសារដុំឥដ្ឋ និងដុំថ្ម ដែលបានចោលមកពីខាងក្រុមជ្រុលនិយម»។ ការសែតដដែលបានបន្ថែមថា អាជ្ញាធរបានចាប់ឃាត់ខ្លួនកុបករច្រើនជាង៦០០នាក់ ហើយមានបណ្ដាជនចិនជាច្រើនរយនាក់ បានភៀសខ្លួនចូលក្នុងប្រទេសកម្ពុជា ដោយភ័យខ្លាចការវាយប្រហារកើតមានបន្តទៀត។
នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសចិន បានចោទរដ្ឋាភិបាលកុម្មុយនីសវៀតណាម ថាបានឃុបឃិតរួមគំនិត ជាមួយកុបករដែលចេះកាប់សម្លាប់ទាំងនោះ និងបានថ្លែងបរិហាពីបំណងអគតិ របស់កាណូតវៀតណាមជាច្រើន ក្នុងការបើកបំបុកនាវាល្បាតរបស់ចិន ដែលកំពុងមានវត្តមាននៅក្បែរមូលដ្ឋានចម្រាញប្រេង។ ក្នុងថ្ងៃដដែល ប្រទេសចិន បានហាមពលរដ្ឋរបស់ខ្លួន ជាពិសេសអ្នកទេសចរណ៍ មិនឲ្យធ្វើដំណើរចូលទៅប្រទេសវៀតណាមទៀតឡើយ។ ទេសចរណ៍ចិន ដែលមានតួលេខយ៉ាងសំខាន់មួយ លើសអ្នកទេសចរណ៍មកពីប្រទេសផ្សេងៗទាំងអស់ ក្នុងពីភពលោក ដែលចូលទៅកំសាន្ដនៅក្នុងប្រទេសវៀតណាម។
ប្រសិនបើប្រទេសចិន នៅបន្តការហាមឃាត់នេះតទៅទៀត ប្រទេសវៀតណាម អាចនឹងជួបបញ្ហាហិរញ្ញវត្ថុ និងអាចឈានទៅជួបវិបត្តិសេដ្ឋកិច្ច ក្នុងពេលអនាគតនោះថែមទៀត។ នេះគេនៅមិនទាន់រាប់ ពីឧស្សាហកម្មបរទេស ដែលភាគច្រើនពីក្នុងចំណោមនោះ សុទ្ធសឹងជាវិនិយោគិនពីប្រទេសចិន បានចូលទៅបណ្ដាក់ទុករកទទួលទាន នៅក្នុងប្រទេសវៀតណាម មានបរិមាណជាទឹកប្រាក់ប្រមាណ ជាជាង១៣០ពាន់លានដុល្លារនោះផង៕