កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះ​ដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់​ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: January 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះ​ដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់​ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដែនទឹក - រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ បាន​ចេញមុខបរិហារភ្លាមៗចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ ទីក្រុងតូក្យូ ដែលមានបំណងដាក់បញ្ហាជម្លោះ​ដែន​កោះជាមួយប្រទេសជិតខាង ទៅក្នុងកម្មវិធីសិក្សាសិស្សអនុវិទ្យាល័យ និងវិទ្យាល័យរបស់ខ្លួន ដោយលើកឡើងថា ប្រជុំកោះទាំងនោះ សុទ្ធសឹងតែជាកម្មសិទ្ធិរបស់ជនជាតិជប៉ុន។

ប្រតិកម្មរបស់ក្រុងសេអ៊ូលបែបនេះ បានធ្វើឡើងតាមក្រសួងការបរទេសរបស់ខ្លួនផង និងតាមរយៈសេចក្តី​ថ្លែង​ការណ៍​បរិហារក្រុងតូក្យផង។ ក្រសួងការបរទេស ដែលបានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មកសាកសាកឲ្យបានច្បាស់ ដើម្បីតវ៉ាប្រឆាំងទៅនឹងទង្វើរបស់រដ្ឋាភិបាលក្រុងតូក្យូ។ លើសពី​នេះ​ទៅទៀត នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កូរ៉េខាងត្បូង បានបញ្ជាឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលគម្រោង​ដាក់បញ្ហាជម្លោះកោះដុកដូ តាមភាសាកូរ៉េ និងតាកេស៊ីម៉ា តាមភាសាជប៉ុន ចេញពីកម្មវិធីសិក្សារបស់ខ្លួន​វិញជា​បន្ទាន់ ប្រសិនបើពុំដូច្នោះទេ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងចាត់វិធានការណាមួយ ដើម្បីឆ្លើយតបជាក់ជាមិនខាន។

សូមបញ្ជាក់ថា កោះ ដុកដូ ឬតាកេស៊ីម៉ា ដែលកំពុងមានជម្លោះរវាងជប៉ុន និងកូរ៉េខាងត្បូងនេះ បច្ចុប្បន្នកំពុង​ស្ថិត​នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ហើយជប៉ុនកំពុងទាមទារថាជាកម្មសិទ្ធិរបស់ខ្លួន។ នៅក្នុង​គម្រោងដាក់ចូលក្នុងកម្មវិធីសិក្សាសិស្សរបស់ខ្លួន រដ្ឋាភិបាលជប៉ុន បានពន្លិចពីការកាន់កាប់របស់កូរ៉េខាងត្បូង​ទៅ​លើកោះនេះថា ជាការកាន់កាប់ដែលខុសច្បាប់។ យ៉ាងណាក៏ដោយក្រៅពីដាក់បញ្ចូលកោះដុកដូ ដែលកំពុង​មាន​ជម្លោះជាមួយនឹងកូរ៉េខាងត្បូង ជប៉ុនក៏លើកយកប្រជុំកោះ សេកាគូ តាមភាសាជប៉ុន និងទៀវយូ តាមភាសាចិន ដែលកំពុងមានជម្លោះជាមួយចិនផងនោះ ក៏បានដាក់ទៅក្នុងកម្មវិធីសិក្សានេះដែរ។ ក៏ប៉ុន្តែមកទល់ពេលនេះ ទីក្រុង​ប៉េកាំងនៅមិនទាន់ចេញមុខ ប្រតិកម្មយ៉ាងណានៅឡើយ។

កាលពីថ្ងៃអង្គារទី ២៨ ខែមករាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងអប់រំរបស់ជប៉ុន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) ថា នៅក្នុងកម្មវិធីសិក្សាថ្មី ដែលគ្រោងនឹងដាក់បញ្ចូលទៅក្នុងសៀវភៅសិក្សាប្រចាំថ្ងៃ​របស់សិស្សមធ្យមសិក្សានោះ នឹងមានរៀបរាប់លម្អិតអំពីប្រជុំកោះសេនកាគូ ឬទៀវយូ គឺជាកម្មសិទ្ធិរបស់ជប៉ុន។ លើសពីនេះទៅទៀត កោះដុកដូ ដែលកូរ៉េខាងត្បូងកំពុងគ្រប់គ្រងសព្វថ្ងៃនេះ គឺជាការគ្រប់គ្រង់ខុសច្បាប់ ព្រោះ​វា​ជារបស់ជប៉ុន។

គួរជម្រាបជូនថា រដ្ឋាភិបាលជប៉ុនពេលនេះ កំពុងជាប់ដៃមានជម្លោះបូរណភាពដែនដី ជាមួយនឹងប្រទេសមាន​ព្រំ​ប្រទល់ដែនទឹកជាប់គ្នាចំនួន ២ គឺ ចិន និងកូរ៉េខាងត្បូង។ ជាមួយប្រទេសចិន ជប៉ុនកំពុងតែឈ្លោះគ្នា​ជាមួយចិនជុំ​វិញប្រជុំកោះដែលជប៉ុនហៅថា សេនកាគូ និងចិនហៅថា ទៀវយូ។ ប្រជុំកោះនេះ បច្ចុប្បន្នគ្រប់គ្រងដោយជប៉ុន។ ចំណែកជាមួយកូរ៉េខាងត្បូង ជប៉ុនកំពុងតែមានវិវាទដណ្តើមកោះ ដុកដូ ជាមួយនឹងកូរ៉េខាងត្បូង។ កោះដុកដូ ដែល​ពេលនេះ កំពុងស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលក្រុងសេអ៊ូល៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...