ថវិកាយោធាជប៉ុនកើនដល់៤៦កោដដុល្លារ៖ មិនធ្លាប់មាន!
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 09, 2016
- ប្រធានបទ: អស្ថិរភាពតំបន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្រេចចិត្ត តម្លើងគម្រោងថវិកាយោធា ដល់កំពូលដូច្នេះ របស់ប្រទេសជប៉ុន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អះអាងថាមានជាប់ទាក់ទង ទៅអស្ថិរភាពក្នុងតំបន់ ដែលបណ្ដាលមកពីការគម្រាម ជាញឹកញាប់ ពីសំណាក់ប្រទេសកុម្មុយនីស កូរ៉េខាងជើង និងជាពិសេស ពីសំណាក់ប្រទេសចិន ដែលជាមហាយក្សកុម្មុយនីសមួយទៀត។ ការតម្លើងគម្រោងថវិកាយោធារបស់ជប៉ុន មានកំរិតរហូតដល់៤៦កោដដុល្លារ (ប្រមាណជា៤៤កោដអ៊ឺរ៉ូ) សម្រាប់ឆ្នាំ២០១៧ខាងមុខនេះ។
សារព័ត៌មានជប៉ុនបានបញ្ជាក់ទៀតថា មួយផ្នែកពីក្នុងថវិកានេះ នឹងត្រូវចំណាយ ទៅលើកងកម្លាំងអាមេរិកាំង ដែលមានវត្តមាន នៅលើប្រទេសជប៉ុន ក្នុងនោះមានការរើរុះមូលដ្ឋានយោធា «Futenma» របស់អាមេរិក ដែលស្ថិតលើកោះ «Okinawa» (ស្ថិតនៅភាគខាងត្បូង កណ្ដាលមហាសមុទ្រប៉ាស៊ីភិក) នោះផង។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោកវិញ បានពន្យល់បែបផ្សេងវិញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុន បានផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួន ដោយបានពង្រឹកកាន់តែខ្លាំងឡើង វត្តមានយោធាជប៉ុន ឲ្យកាន់តែច្រើនឡើង នៅក្នុងសមុទ្រចិន និងក្នុងភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីភិក។
ប្រទេសជប៉ុន និងចិន មានជម្លោះដណ្ដើមដែនទឹកគ្នា នៅជុំវិញប្រជុំកោះ សេនកាគូ (Senkaku ហៅតាមជប៉ុន) ឬ ដាវយូ (Diaoyu ហៅតាមចិន) ដែលស្ថិតនៅក្នុងសមុទ្រចិនខាងកើត។ ជម្លោះទាស់ទែងគ្នានេះ បានឈានដល់មើលមុខមិនចំមែនទែន នៅបន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានទិញប្រជុំកោះខាងលើនេះ ពីម្ចាស់កម្មសិទ្ធិជនជាតិជប៉ុនម្នាក់។
» ប្រជុំកោះតូចៗ ដែលប្រទេសជប៉ុន និងចិន និយាយថា នៅក្នុងអធិបតេយ្យភាពរបស់ផងខ្លួន៖
បើតាមរដ្ឋធម្មនុញ្ញជប៉ុន ដែលបង្កើតឡើង នៅក្រោយពេលជប៉ុន ចាញ់សង្គ្រាមលោកលើកទី២ បានហាមប្រទេសនេះ មិនឲ្យប្រើមធ្យោបាយ«សង្គ្រាម» មកធ្វើជាដំណោះស្រាយ នៅក្នុងជម្លោះទាំងឡាយណា ដែលមានលក្ខណៈជាអន្តរជាតិនោះឡើយ។ រដ្ឋធម្មនុញ្ញដដែល ក៏បានហាមឃាត់ជប៉ុន មិនឲ្យបង្កើតកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាស ឲ្យលើសពីអ្វីដែលមានកម្រិត ត្រឹមតែការពារខ្លួននោះដែរ។ ហើយភាគច្រើន ពីក្នុងកងកម្លាំងជប៉ុន សម្រាប់ស្វ័យការពារខ្លួននោះ មានលក្ខណៈជាកងកម្លាំងនគរបាល៕