បាតុកម្មវៀតណាមប្រឆាំងចិន ត្រូវបានអំពាវនាវឲ្យជួបជុំធ្វើជាលើកទីបី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃអាទិត្យទី១៨ ខែឧសភា នេះ សេចក្ដីអំពាវនាវថ្មីមួយ បានកោះហៅបណ្ដាជនឲ្យធ្វើបាតុកម្ម ប្រឆាំងនឹងការបោះទីតាំងចម្រាញ់ប្រេងរបស់ប្រទេសចិន នៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល (Paracels)។ ការអំពាវនាវឲ្យធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីហេតុការណ៍ផ្ទុះអំពើហិង្សា បង្កភាពរញ្ជួលញាប់ញ័រ ដល់ប្រទេសវៀតណាមទាំងមួល ពេញមួយសប្ដាហ៍កន្លងមក។
បណ្ដាជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)
---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ឧសភា ២០១៤
---------------------
ជម្លោះដែនទឹក - បាតុកម្មដំបូងគេ ដែលបានធ្វើនៅថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រព្រឹត្តិទៅដោយស្ងប់ស្ងៀម ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើងខ្លាំងនៅថ្ងៃអង្គារ ពីរថ្ងៃបន្ទាប់មក។ របាយការណ៍ផ្លូវការផ្សាយដោយរដ្ឋាភិបាលចិន បានឲ្យដឹងថា យ៉ាងហោចពលរដ្ឋចិនពីរនាក់បានស្លាប់ និងប្រមាណជា១០០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែបើតាមការថ្លែងឲ្យដឹងរបស់ក្រុមគ្រូពេទ្យ ដែលទទួលអ្នករបួសចូលទៅព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់ពួកគេ បានបញ្ជាក់ថា យ៉ាងហោចមនុស្ស២១នាក់បានស្លាប់។
នៅក្នុងតំបន់ឧស្សាហកម្មផ្នែកខាងត្បូងនៃប្រទេស ការបំផ្លិចបំផ្លាញក្រុមហ៊ុនឬរោងចក្រ ដែលមានថៅកែជាជនជាតិបរទេសនោះ បានកើតឡើងក្នុងមូលហេតុផ្សេងទៀតពីនិន្នាការប្រឆាំងចិន ដូចជាចង់កាច់បំបាក់ដៃគូរប្រកួតពាណិជ្ជកម្ម ពីសំណាក់ក្រុមថៅកែជាជនជាតិវៀតណាមនោះជាដើម។
ប៉ុន្តែក្រុមសង្គមស៊ីវិលវៀតណាម ដែលជាអ្នករៀបចំបាតុកម្មនោះ មិនបានយល់ថាសកម្មភាពហិង្សាទាំងនេះ ស្ដែងចេញពីក្រុមខ្លួន បាតុករដែលស្រឡាញ់ទឹកដីពិតប្រាកដនោះទេ៖ នោះគឺធ្វើបាតុកម្ម ដោយអហិង្សា។ សមាជិកម្នាក់របស់សមាគមការពារអ្នកទោសនយោបាយ និងសាសនា លោក ង្វៀន បាក់ទ្រុយ (Nguyen Bac Truyen) បានពន្យល់ថា «យើងដែលជាសមាគមរបស់សង្គមស៊ីវិល កំពុងអំពាវនាវ តាមគេហទំព័រនានា ដើម្បីធ្វើបាតុកម្មជាលើកទី៣ នៅថ្ងៃអាទិត្យខាងមុខនេះ»។ លោកនិយាយទៀតថា «យើងចង់ឲ្យមនុស្សចេញមកសម្ដែង ការប្រឆាំងនឹងការឈ្លានពានរបស់ចិន នៅគ្រប់ទីក្រុងធំៗទាំងអស់ ដូចជាហាណូយ សៃហ្គន ញ៉ាត្រាង និងទីក្រុងផ្សេងៗទៀត»។
រីឯអ្នកទទួលខុសត្រូវរបស់សមាគម បានធ្វើការអំពាវនាវនេះ នៅក្នុងលក្ខណៈមួយសុភាពរាបសារជាង៖ «យើងនឹងបន្តការធ្វើបាតុកម្ម ប៉ុន្តែទទូចហើយទទួចទៀត ពីគោលការណ៍នៃការធ្វើបាតុកម្មដោយសន្តិវិធី។ យើងអំពាវនាវឲ្យអ្នកទាំងអស់គ្នា បញ្ជៀសការប្រកាន់ពូជសាសន៍ ចំពោះជនជាតិចិន និងជនជាតិវៀតណាម ដែលមានដើមកំណើតចិន។»
យ៉ាងណាក៏ដោយ សមាគមដែលត្រៀមរៀបចំបាតុកម្មនេះ បានដឹងរួចជាស្រេចហើយថា ស្ថានភាពនៃបាតុកម្មនៅពេលនេះ ពិបាកនិយាយថាអាចនឹងប្រព្រឹត្តិទៅ ដូចការគ្រោងទុកណាស់។ ប្រសិនបើមានអំពើហិង្សាជាថ្មីទៀត រដ្ឋាភិបាលកុម្មុយនីសវៀតណាម អាចនឹងហាមប្រាម លែងឲ្យមានការជួបជុំបាតុកម្មនេះជាថ្មីទៀត ក្នុងពេលអនាគត។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលក្រុងហាណូយ ទុកឲ្យមានបាតុកម្មកើតឡើង ដោយសារតែមានមូលហេតុនយោបាយ៖ «បង្ហាញរដ្ឋាភិបាលក្រុងប៉េកាំង ឲ្យឃើញ»៕