ជំនួបតាមទូរស័ព្ទ៖ ចិនច្រឡោតដាក់វៀតណាម ប្រាប់ឲ្យទទួលខុសត្រូវ
នៅក្នុងជំនួបតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសទាំងពីរ ចិននិងវៀតណាម កាលពីល្ងាចថ្ងៃសៅរ៍ សមភាគីចិនលោករដ្ឋមន្ត្រីចិន ហ្គាវ សេងគុន (Guo Shengkun) បានជំនួសមុខឲ្យក្រសួងលោក សម្ដែងការមិនសប្បាយចិត្តខ្លាំងក្លា ដាក់ប្រទេសវៀតណាម នៅចំពោះអំពើហិង្សាដែលបានកើតឡើង ក្នុងសប្ដាហ៍កន្លងមក។ សម្រាប់សមភាគីវៀតណាមវិញ លោករដ្ឋមន្ត្រី ត្រាំង ដៃក្វាង (Tran Dai Quang) បានឆ្លើយតបវិញថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការសមស្រប និងយ៉ាងមានប្រសិទ្ធិភាពរួចហើយ ដើម្បីទប់ស្កាត់នឹងអំពើជ្រុលនិយមទាំងនោះ។
រោងចក្រមួយកន្លែងបានរងការដុតបំផ្លាញ គ្នុងផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ (រូបថត AFP)
-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៤
-----------------------------------
ជម្លោះដែនទឹក - «ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន មានសេចក្ដីតក់ស្លុត និងការខកចិត្តយ៉ាងខ្លាំង នៅចំពោះអំពើហិង្សាទាំងនេះ» នេះជាការថ្លែងរបស់លោក ហ្គាវ សេងគុន រដ្ឋមន្ត្រីចិន នៅក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ទី១៧ ខែឧសភា ជាមួយនឹងសមភាគីវៀតណាមលោក ត្រាំង ដៃក្វាង ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសវៀតណាម។
មន្ត្រីជាន់ខ្ពស់ចិន បានថ្លែងលើកឡើងថា អំពើហិង្សាប្រឆាំងនឹងអ្នកវិនិយោគទុនបរទេស ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងប្រទេសវៀតណាម មានទម្រង់ជាការវាយបំផ្លិចបំផ្លាញ លួចឆក់ប្លន់ និងដុតកំទេច បង្កឲ្យមានការបាត់បង់ជីវិតមនុស្ស ក្នុងនោះមានជនជាតិចិន និងធ្វើឲ្យខូតខាតធ្ងន់ធ្ងរទៅដល់ក្រុមហ៊ុនរកទទួលទានចិន។ លោកបានបញ្ជាក់ដោយសម្ដីធ្ងន់ៗទៀតថា វៀតណាមមិនបានធ្វើប្រតិកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ទៅនឹងអំពើទាំងប៉ុន្មានខាងលើទេ។
លោក ហ្គាវ សេងគុន បានរំលឹកពីករណីកិច្ចទៅកាន់សមភាគីវៀតណាមថា ប្រទេសវៀតណាមជាអ្នកទទួលខុសត្រូវទាំងស្រុង ទៅលើការគ្រប់គ្រងស្ថានការណ៍ទាំងអស់នេះ ហើយត្រូវធ្វើយ៉ាងណាត្រូវការពារឲ្យបាន នូវបណ្ដាជនចំណាកស្រុក និងក្រុមហ៊ុនចិន ជាពិសេសត្រូវដាក់ពិន័យឲ្យបានធ្ងន់ធ្ងរ លើឧក្រិដ្ឋជន និងស្វែងរកអ្នកបាត់ខ្លួន។
ចំណែកឯរដ្ឋមន្ត្រីវៀតណាម លោក ត្រាំង ដៃក្វាង បានប្រកាសតបទៅវិញថា រដ្ឋាភិបាលនិងកងកម្លាំងអាជ្ញាធរវៀតណាម បានចាត់នូវវិធានការដែលមានប្រសិទ្ធិភាព និងបានដាក់ពង្រាយនូវកងកម្លាំងនគរបាល យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់ដែលរងការប៉ះពាល់។ លោក ត្រាំង បានបញ្ជាក់ទៀតថា ជនដៃដល់ឬជនសង្ស័យជាច្រើននាក់ ត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតទៅលើករណីទាំងនេះ ត្រូវបានបើកធ្វើរួចហើយ។
ជំនួបតាមទូរស័ព្ទរបស់មន្ត្រីជាន់ខ្ពស់ទាំងពីរ បានធ្វើឡើងមួយថ្ងៃមុន ការអំពាវនាវរបស់ក្រុមអង្គការសង្កមស៊ីវិលវៀតណាម ឲ្យធ្វើបាតុកម្មជាលើកទីបីទៀត នៅថ្ងៃអាទិត្យនេះប្រឆាំងនឹងគម្រោងចម្រាញ់ប្រេងនៅជិតប្រជុំកោះប៉ារ៉ាសែល (Paracels) ក្នុងសមុទ្រចិនខាងត្បូង។ បើទោះជាការអំពាវនាវជាថ្មី ឲ្យធ្វើបាតុកម្មនេះ ត្រូវបានបញ្ជាក់ហើយបញ្ជាក់ទៀត ពីបាតុកម្មតាមបែបសន្តិវិធីនោះក៏ដោយ តែអ្នកទទួលខុសត្រូវបាតុកម្មមួយរូប បានទទួលស្គាល់ថា៖ «ហេតុការណ៍ហិង្សានៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យខូចរូបភាពនៃបាតុកម្មជាតិនិយម និងប្រជាជនវៀតណាម»។
ក្នុងរសៀលថ្ងៃសៅរ៍នេះដដែល បណ្ដាជនចិនជាង៣០០០នាក់ ត្រូវបានជម្លៀស ឲ្យវិលត្រឡប់ទៅប្រទេសចិនវិញ ខណៈពេលដែលបណ្ដាជនចិនជាង១០០០នាក់ផ្សេងទៀត បានភៀសខ្លួនចូលមកជ្រកកោននៅក្នុងប្រទេសកម្ពុជា តាមច្រកបាវិត។ បើតាមរបាយការណ៍ផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលចិន បានឲ្យដឹងថា អំពើហិង្សាកាលពីសប្ដាហ៍កន្លងទៅនេះ បានធ្វើឲ្យជនជាតិចិនយ៉ាងហោច ២នាក់ស្លាប់ និងជាង១០០នាក់ រងរបួស ព្រមទាំងរោងចក្រសហគ្រាសរាប់សិបផ្សេងទៀត បានរងនូវការបំផ្លិចបំផ្លាញ ឬដុតក្លាយជាផេះ។ ក្រសួងពាណិជ្ជកម្មតៃវ៉ាន់ បានឲ្យដឹងដែរថា រោងចក្រដែលមានថៅកែជាជនជាតិតៃវ៉ាន់ នៅក្នុងប្រទេសវៀតណាម ប្រមាណាជាជាង៥០០កន្លែង បានរងការខូតខាត៕