អាមេរិក៖ កូនស្រីភ្លោះសម្លាប់ម្ដាយខ្លួនឯង ព្រោះប្រដៅកុំឲ្យទៅរៀនយឺត
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទងង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បងប្អូនស្រីពីរនាក់ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទមនុស្សឃាត«សម្លាប់ម្ដាយខ្លួនឯងបង្កើត» ដោយសារតែកើតចេញពីហេតុការណ៍ទាស់សម្ដីគ្នាបន្តិចបន្តួច ទាក់ទងនឹងការទៅសាលារៀនយឺត។ នៅក្នុងវីដេអូ ដែលបានផ្សាយ នៅក្នុងសប្ដាហ៍កន្លងមកនេះ បងប្អូនស្រីទាំងពីរ បានរៀបរាប់ឡើងវិញ ពីហេតុការណ៍ដ៏រន្ធត់នេះ ថាបានកើតឡើងរបៀបម៉េច។
បងប្អូនភ្លោះត្រកូល វ៉ាយហៀដ ទាំងពីរនាក់។ (រូបថតនគរបាលអាមេរិក)
មោហ៍បាំង - នៅពេលដែលទំនាស់សំដីគ្នាបន្តិចបន្តួច បានក្លាយជាឃាតកម្ម ...។ បងប្អូនស្រីភ្លោះពីរនាក់ បានសម្លាប់ម្ដាយបង្កើតខ្លួនឯង បន្ទាប់ពីស្ត្រីជាម្ដាយបានធ្វើការប្រៀនប្រដៅ កូនស្រីជំទង់របស់ខ្លួន ដែលតែងតែទៅសាលារៀនយឺតពេល ដោយសារសឹងតែជារៀងរាល់ព្រឹកៗ យុវតីទាំងពីរនាក់បងប្អូន មានទម្លាប់មួយមិនចង់ងើបពីគ្រែ។
ហេតុការណ៍នេះបានកើតឡើង នៅក្នុងក្រុង ខនវ័រ (Conyers) ដែលជាទីប្រជុំជនតូចមួយ នៅក្នុងរដ្ឋ ជ័រចា (Georgia) ផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវតីវ័យ១៦ឆ្នាំទាំងពីរូប ត្រូវបានតុលការផ្ដន្ទាទោសកាលពីខែមករាកន្លងទៅ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្នាំ ពីបទមនុស្សឃាតដោយ«ចេតនា»។ ប៉ុន្តែព្រឹត្តិការណ៍ដ៏រន្ធត់នេះ បានវិលត្រឡប់មកលងសហរដ្ឋអាមេរិកសារជាថ្មីទៀត នៅក្នុងការចុះផ្សាយរបស់សារព័ត៌មានធំៗ បន្ទាប់ពីក្មេងស្រីទាំងពីរនាក់បងប្អូន កាលពីសប្ដាហ៍មុន បានសារភាពរៀបរាប់ពីដំណើររឿង ដែលនាំឲ្យបងប្អូនភ្លោះទាំងពីរនាក់ សម្រេចចិត្តសម្លាប់ម្ដាយរបស់ខ្លួន។
នៅព្រឹកថ្ងៃមួយ ក្នុងខែមករាឆ្នាំ២០១០ បន្ទាប់ពីបាននៅតំអក់នៅលើគ្រែរបស់ខ្លួន សឹងតែដូចរាល់មួយដង បងប្អូនស្រីត្រកូល វ៉ាយហៀដ (Whitehead) ដែលមានឈ្មោះ ចាមីយ៉ាដ (Jasmiyah) និងតាមីយ៉ាដ (Tasmiyah) ទាំងពីរនាក់ បានភ្ញាក់ឡើង ហើយពួកនាងបានចុះទៅក្រោម ក៏ស្រាប់តែបានជួបសម្ដីជាមួយម្ដាយរបស់ខ្លួន អ្នកស្រី ចាមេកា (Jarmecca) អាយុ៣៤ឆ្នាំ ដែលបានបន្តឿនពួកនាងឲ្យរហ័សរហួនឡើង ព្រោះខ្លាចទៅសាលារៀនយឺតពេល។ រំពេចនោះ ការតម្លើងសម្លេងបានកើតឡើង។
ចាមីយ៉ាដ បាននិយាយថា៖ «គាត់បានកាន់ខ្ទះឆាមួយ ពីចង្ក្រានមក។ ខ្ញុំគិតថាគាត់ចង់យកវា មកវាយពួកយើង។»
នៅពេលដែលម្ដាយខ្លួនបានបែរខ្លួន យកកាំបិតចុងស្រួចមួយទៀត ចេញទៅទុកដាក់នៅកន្លែងដើមរបស់វាវិញ ពួកនាងបានកញ្ឆក់ខ្ទះឆាពីដៃម្ដាយ ហើយឈុតឆាកប្រតាយប្រតប់គ្នាបានផ្ទុះឡើង។ ចាមីយ៉ាដ បានកញ្ឆក់បានថូផ្កាមួយពីក្នុងបន្ទប់ទទួលភ្ញៀវ ហើយបានវាយពេញមួយទំហឹងទៅលើក្បាល និងសំពងជាច្រើនដងទៅលើដើមទ្រូងរបស់ម្ដាយ។ នៅពេលដែលម្ដាយរូបនោះ ងើបឡើងមកវិញ ហើយព្យាយាមប្រតាយប្រតប់ជាថ្មីជាមួយនាង (ចាមីយ៉ាស) ប្អូនស្រីរបស់នាង តាមីយ៉ាស បានយកកាំបិត ចាក់ទៅលើស្ត្រីចំណាស់ជាច្រើនដង។
យកទៅបង្ហើយ ដោយជ្រមុជទឹក ...
ចាមីយ៉ាស បានរំលឹកឡើងវិញថា៖ «នៅពេលនោះ វាលែងជាការបោកចំបាប់ធម្មតាមួយហើយ តែវាបានក្លាយទៅជារឿងស្លាប់រស់»។
បន្ទាប់មក ចាមីយ៉ាស បានយកច្រវាក់បន្តោងខ្សែកខ្លួន មករឹតក ម្ដាយរបស់ខ្លួន រហូតដល់ស្ត្រីរងគ្រោះលែងកម្រើក។ ពួកនាងបានយករូបកាយរបស់ម្ដាយ ទៅជ្រមុជទឹកក្នុងចានងូតទឹករហូតទាល់តែដាច់ខ្យល់ មុននឹងយកសាកសពនេះ ទៅដាក់ចោលនៅលើគ្រែក្នុងបន្ទប់គេងរបស់ម្ដាយ។ ចំណាក់ការបន្ធូរកំហឹង បានដល់ទីបញ្ចប់ រីឯពួកនាងទាំងពីរក៏បានប្រញាប់ប្រញាលស្លៀកពាក់ ទៅសាលារៀនធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់ រហូតលុះដល់ពេលនាងត្រឡប់មកផ្ទះវិញ ទើបទូរស័ព្ទហៅនគរបាល រាយការណ៍ពីមរណភាពរបស់ម្ដាយរបស់ខ្លួន។
អស់រយៈពេលជាច្រើនខែ បងប្អូនស្រីទាំងពីរនាក់ នៅតែអះអាងថា ពួកនាងបានឃើញសពម្ដាយ តែនៅពេលដែលពួកនាងបានត្រឡប់មកពីសាលាវិញប៉ុណ្ណោះ ហើយថា ពួកនាងមិនជាប់ពាក់ព័ន្ធអ្វីឡើយទៅនឹងឃាតកម្ម ឬការស្លាប់របស់ម្ដាយនេះឡើយ។ ប៉ុន្តែការអះអាងនេះ មិនត្រូវបានក្រុមអ្នកស៊ើបអង្កេតជឿនោះទេ។
បន្ទាប់ពីត្រូវបានឃាត់ខ្លួនពីបទមនុស្សឃាត និងដើម្បីគេចផុតពីការកាត់ទោសដោយតុលាការជាន់ខ្ពស់ ដែលពួកនាងអាចប្រឈមនឹងទោសប្រហារជីវិតនោះ ពួកនាងបានសារភាពទោសកំហុសនៅពេលបន្ទាប់មក ហើយបានទទួលយកទោស៣០ឆ្នាំ នៅក្នុងពន្ធនាគារ។
ចាមីយ៉ាស បាននិយាយនៅចុងបញ្ចប់ថា៖ «ខ្ញុំមិនបានស្អប់គាត់ទេ ហើយតាមីយ៉ាសក៏អញ្ចឹងដែរ។ តែហេតុការណ៍ បានកើតឡើងដោយមោហ៍បាំង បណ្ដាលមកពីកំហឹង ដែលកើតមានរវាងយើងទាំងបីនាក់។»៕
សូមទស្សនាវីដេអូ នៃសម្ដីសារភាពរបស់ពួកនាង ដែលត្រូវបានកាសែតធំៗ របស់អាមេរិកយកមកផ្សព្វផ្សាយ៖
រូបថតម្ដាយ អ្នកស្រី ចាមេកា។
រូបថតម្ដាយនិងកូន តាំងពីនៅតូចៗ។
កូនទាំងពីរ នៅពេលមានវ័យជំទង់