អ្នកនយោបាយខ្មែរ គ្មាន«ទំនួលខុសត្រូវ»ចំពោះពលរដ្ឋខ្លួនឯង?
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីការបូជាសព្វកម្មកររងគ្រោះម្នាក់ទៀត ដែលជាជនរងគ្រោះទី៥នៃការស្លាប់ ក្នុងការបង្ក្រាបដោយហិង្សា ពីកម្លាំងសមត្ថកិច្ចចម្រុះ នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ក្នុងការទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែ ជនជាប់ឃុំ២១នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ទាក់ទិននឹងព្រិត្តិការណ៍នេះ បានធ្វើការរិះគន់ថា អ្នកនយោបាយខ្មែរថាខ្សោយ ហើយពុំមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួនឯង។
បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ជីវិត - លោក មួន សុខមាន អាយុ ២៩ ជាកម្មករបំរើការនៅក្នុងសួនកាណាឌីយ៉ា បានទទួលមរណភាព នៅថ្ងៃទី១៧ ឧសភា វេលាម៉ោង ៣:១៥ ទៀបភ្លឺ ដែលជាជនទី៥ស្លាប់ដោយការបង្ក្រាបដោយហិង្សា ពីកម្លាំងសមត្ថកិច្ចចម្រុះ នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ដោយបានបន្សល់ទុកភរិយាឲ្យមេម៉ាយ និងកូនប្រុសអាយុ៣ឆ្នាំម្នាក់ឲ្យកំព្រាឪពុក។
លោក លុច ពុយ ឪពុកបង្កើតរបស់សព មួន សុខមាន បានឲ្យដឹងក្រោយពីពិធីបូជាសព្វកូនប្រុសរបស់ខ្លួនថា ចាប់តាំងពីវាយបង្ក្រាបនៅផ្លូវវ៉េងស្រេង កន្លងមកកូនប្រុសលោក ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយក្បាលមានស្នាមជាំ ហើមធំ ប៉ុន្តែនៅក្នុងហ្វីលដែលស្កែនមើលនោះ ពុំឃើញមានអីទេ ចំនែកភ្នែកខាងឆ្វេង ត្រូវបានពិការដោយសាររងការវាយទាត់ធាក់ ពីកម្លាំងសមត្ថកិច្ច។ ហើយកូនរបស់គាត់ តែងតែធ្វើទុក្ខដូចជាឈឺក្បាលខ្លាំង វិលមុខដួល និងជួនកាលភ្នែកមើលមិនឃើញ។ ក្រោយពីព្រឹតិ្តការណ៍នោះ កូនរបស់លោកត្រូវបានប្រពន្ធឲ្យសម្រាកនៅផ្ទះ គ្រាន់តែមើលកូនប្រុសអាយុ៣ ឆ្នាំ ប៉ុណ្ណោះ។
លោកបានថ្លែងទាំងអួលដើមកថា៖ «កូនប្រសាស្រីរបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់នៅទៀបភ្លឺថា ស្ថានភាពប្តីមិនស្រួល ខ្ញុំក៏យកម៉ូតូមកឌុបគេ ទៅពេទ្យឯកជនវិសាលសុខ។ ប៉ុន្តែនៅពេលទៅដល់ លោកគ្រួពេទ្យបានប្រាប់ថាកូនរបស់ខ្ញុំ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ខ្ញុំគ្មានលុយជួលឡានពេទ្យ ខ្ញុំក៏សម្រេចចិត្តដឹកសពកូនខ្ញុំនឹងម៉ូតូដោយឲ្យគេអង្គុយឳបខ្ញុំ ហើយប្អូនប្រុសខ្ញុំអង្គុយឳបសពគេ (ពីក្រោយ)។ ពួកយើងក៏បានឌុបសពគេមកដល់វត្តសំបួរមាស ដើម្បីធ្វើបុណ្យ។»។
លោកបានថ្លែងឲ្យដឹងទៀតថា វាអយុត្តិធម៌ណាស់ សម្រាប់កូនប្រុសរបស់លោក ពីព្រោះគេគ្រាន់តែទៅចូលរួមធ្វើការតវ៉ាតម្លើងប្រាក់ខែ ១៦០ដុល្លារដោយពុំមានអាវុធអ្វីទាំងអស់ ប៉ុន្តែត្រូវបានគេវាយឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់។ លោកបានថ្លែងថា៖ «នៅក្នុងរឿងនេះ រដ្ឋាភិបាលមិនអាចថាធ្វើមិនដឹងមិនលឺបានទេ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ពីព្រោះមន្ត្រីរបស់រដ្ឋាភិបាល គឺជាអ្នកប្រើហឹង្សាវាយមកលើកូនខ្ញុំ និងកម្មករផ្សេងទៀត»។
ដោយសារតែការគ្មានប្រាក់ សពរបស់លោក មួន សុខមាន នឹងត្រូវធ្វើបុណ្យ គម្រប់ខួប ៧ថ្ងៃ រួមបញ្ចូលទាំងបុណ្យ ១០០ថ្ងៃ នៅឯស្រុកកំណើតស្ថិត ក្នុងភូមិរលាំងទឹក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក លុច ពុយ បានថ្លែងឲ្យដឹងថា៖ «យើងគ្មានលុយដូច្នេះ យើងធ្វើបុណ្យ៧ថ្ងៃ និង១០០ថ្ងៃ ក្នុងថ្ងៃតែមួយតែម្តង»។
បើយោងទៅតាមសេចក្តីសម្រង់ របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូតខាត ដែលបង្កឡើងដោយបាតុកម្ម របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែ មិនា ឲ្យដឹងថា ចាប់តាំងថ្ងៃធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ មានមនុស្សចំនួន៤នាក់បានស្លាប់ ប្រជាពលរដ្ឋនិងកំលាំសមត្ថកិច្ចចំនួន ៦៤នាក់បានរងរបួសនិង មនុស្ស ២៣នាក់បានឃាត់ខ្លួន ព្រមទាំងខូខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជននៅរាជធានីភ្នំពេញ និងខេត្តចំនួន ជិត១០០លានដុល្លារ។
ចំនែកឯ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បានថ្លែងឲ្យដឹងថា លោកសោកស្តាយបំផុត ចំពោះអ្វីដែលកើតឡើង ហើយការស្លាប់របស់កម្មករម្នាក់ថែមទៀត នៅក្នុងការបង្ក្រាបនោះ គឺជាការទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរ អ្នកនយោបាយកុំចោទថា ពួកគេជាអ្នកញុះញ៉ង់ឲ្យធ្វើការតវ៉ា ត្រូវរកមូលហេតុវាឲ្យច្បាស់។ លោកបានថ្លែងថា៖ «ដោយសារតែក្រពះវាស្រេកឃ្លាន ទើបក្រពះហ្នឹង វាជម្រុញឲ្យកម្មករតវ៉ា។ អ្នកនយោបាយខ្មែរខ្សោយបំផុត និងគ្មានការទទួលខុសត្រូវ សូមេត្តាឈប់យកកម្មកររបស់ខ្លួនឯង ធ្វើជាចំណាត់ខ្មាំងនយោបាយ ដើម្បីប្រយោជន៍របស់ខ្លួនឯង។ ភាពជាប់គាំងនយោបាយមិននាំគ្នាដោះទេ តែបែរយកពួកយើងជាចំណាត់ខ្មាំងទៅវិញ។»។
លោកបានថ្លែងឲ្យដឹងទៀតថា ដូចករណីរបស់ពួកលោកដែលជាប់ឃុំនៅក្នុងពន្ធនាគារ អាជ្ញាធរពុំបានធ្វើការស្រាវជ្រាវរកអ្នក ដែលប្រើហឹង្សារមកលើកម្មករ ទៅផ្តន្ទាទោសនោះទេ បែរជាចាប់ពួកលោក ដែលជាជនរងគ្រោះដាក់ពន្ធនាគារទៅវិញ។ លោកបានថ្លែងឲ្យដឹងថា៖ «មន្ត្រីក្រសួងមហាផ្ទៃខ្លួនឯងទេ ដែលខ្សោយ មេត្តាកុំចោទយើងថាពួកអានាធិបតេយ្យ ពួកលោកទេ ដែលប្រដាប់ដោយអាវុធហើយបាញ់កម្មករ យ៉ាងអានាធិបតេយ្យនោះ ពួកខ្ញុំគ្រាន់តែទៅចូលរួមឃ្លាំមើលកម្មករតវ៉ាប៉ុណ្ណោះ ពួកយើងគ្មានអាវុធដូចអស់លោកទេ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអញ្ជើញទៅ ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសពកម្មករ ដែលបានស្លាប់ បន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរដែរនោះ បានអះអាងថា លោកនឹងស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។ លោកបានថ្លែងទៀតថា៖ «ខ្ញុំនឹងស្វែងរកយុត្តិធម៌ជនរងគ្រោះ និងការតម្លើងប្រាក់ខែ ១៦០ដុល្លារ»។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឲ្យដឹងថា នៅក្នុងករណីនេះត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ពលរដ្ឋទាំងនោះ ពុំអាចចេះតែនាំគ្នាដើរចោទប្រកាន់មកលើអាជ្ញាធរនោះទេ ថាតើរឿងរ៉ាវនោះវាកើតឡើងយ៉ាងម៉េច អ្នកណាជាអ្នកបង្កើតវា។ លោកបានថ្លែងឲ្យដឹងថា៖ «យើងត្រូវធ្វើការស៊ើបអង្កេតថា តើការស្លាប់នោះដោយសារអាជ្ញាធរ រឺក៏ជាឧប្បទ្ទេហេតុមួយកើតឡើងចៃដន្យ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា គាត់ពិតជាត្រូវស្លាប់ដោយការវាយដំនោះមែន ហើយវាអយុត្តិធម៌បំផុតសម្រាប់គាត់ ដែលបានរងចាំនូវភាពយុត្តិធម៌ ដែលស្ថិតនៅឆ្ងាយដូចជើងមេឃរហូតដល់ខ្លួនស្លាប់ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ពីព្រោះកំលាំងដែលប្រើហឹង្សារនោះ គឺជាមន្ត្រីរបស់រដ្ឋាភិបាល។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នៅក្នុងរឿងនេះ ពុំឃើញមានអ្នកណាមួយចេញមុខ មកទទួលខុសត្រូវនោះទេ ដូច្នេះខ្ញុំសុំជម្រុញឲ្យរដ្ឋាភិបាល ធ្វើការស្រាវជ្រាវក្នុងរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ»៕